អ្នក​ជិត​ការ ត្រូវ​តែ​ដឹង បើ​មិន​ចង់​ចុក​ឈាម​នៅ​ថ្ងៃ​ការ! មុន​រើស​សម្អាង​ការ​ឲ្យ​ត្រូវ គួរគិត​លើ​អី​ខ្លះ?

  • 2017-10-11 10:13:38
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​រើស​យក​​សម្អាងការ ឬ​ផ្នួង​ណា​មួយ ជា​រឿង​សំខាន់​ត្រូវ​ប្រយ័ត្ន​ប្រយែង ខណៈ​ដែល​​បើ​បា​ន​តម្លៃ​សមរម្យ​ ហើយ​ស្អាត​ទៀត​ ដឹង​តែអេមម៉ង។ ប៉ុន្តែ ដឹង​អត់ មិន​តិច​ទេ​ដែល​អ្នក​ធ្លាប់​រៀបការ​ ​ថ្នាក់ថ្នាំង​ចិត្ត​ជាមួយ​សម្អាងការ​នៅ​ថ្ងៃ​មង្គល​ការ​តែ​ម្ដង ដោយ​សារ​​អ្វីៗ​មិន​ដូច​ការ​រៀបចំ និង​ការ​សន្យា​របស់​សម្អាង​ការ មុន​ពេល​ការ។

ចឹង​ Sabay មានចំណុច​ខ្លះៗ​សម្រាប់​អ្នក​ជិត​ការ​ត្រូវ​គិត​ឲ្យ​បាន​ល្អិត​ល្អន់ ​មុន​ជ្រើស​រើស​សម្អាងការ​ឲ្យ​បាន​ត្រឹម​ត្រូវ៖

រូបតំណាង

១. ស៊ើប​ប្រវត្តិ​ធ្លាប់​មាន​បញ្ហា​ជាមួយ​ភ្ញៀវ​ដែរ​អត់?

ត្រូវ​ចម្រាញ់ Shortlist សម្អាង​ការ​ណា​ខ្លះ​មុន​សិន មិន​មែន​ចេះ​តែ​នឹក​ឃើញ​ទៅ​រក​កន្លែង​ហ្នឹង​ភ្លាមៗ​នោះ​ទេ។ គួរ​សួរ​មិត្តភ័ក្ដិ បងប្អូន​ដែល​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​សិន ថា​សម្អាង​ការ​ណា​ខ្លះ​ល្អ? ណា​ខ្លះ​ធ្លាប់​មាន​បញ្ហា​ជាមួយ​គេ​ផ្សេង​អត់? ផ្នួង​ខ្លះ​ រត់​ម្ដង ៣-៤ រោង​ការ មិន​សូវ​ផ្ដោត​ពេញ​លេញ​លើ​យើង ខ្វះ​នេះ​ខ្វះ​នោះ យក​សម្លៀក​បំពាក់​មក​ខុស​ម៉ូដ ចាស់​មិន​ស្អាត ចេញ​ស្នាម​ផ្នត់​ទក់ រហូត​មាន​បញ្ហា​ថ្នាក់ថ្នាំង​ជាមួយ​ភ្ញៀវ​នៅ​ថ្ងៃ​ការ​ក៏​មាន​ដែរ។

មួយ​ទៀត យើង​អាច​ចូល​ទៅ​មើល​ផេក​ហ្វេសប៊ុក​របស់​សម្អាង​ការ​នោះ ហើយ​មើល comment ក៏​បាន។ បើ​មាន​ឈ្មោះ​មិន​ល្អ អាច​​មាន comment មិន​ល្អ​ភាគ​ច្រើន​ហើយ។

២. សម្អាង​ការ​នោះ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​យើង​​កម្រិត​ប៉ុណ្ណា?

ត្រង់​នេះ យើង​អាច​សង្កេត​តាំង​ពី​ពេល​យើង​ដើរ​ចូល​ទៅ។ បើ​សម្អាងការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ មិន​សូវ​ស្វះស្វែង​បង្ហាញ​​ថា គួរ​ជ្រើស​រើស​ម៉ូដ​អី​ខ្លះ ធ្វើ​ពិធី​អី​ខ្លះ ម៉ូដ​អី​ត្រូវ​នឹង​ពិធី​អី យើង​ត្រូវ​គិត​គូរ​ដែរ។

"សម្អាងការ​​ខ្លះ គេ​មិន​សូវ​ខ្វល់​ជាមួយ​យើង​ទេ ពេល​យើង​ទៅ​ដល់ បើ​គេ​ឃើញ​យើង​ល្មមៗ​អី​ហ្នឹង ឬ​ក៏​មិន​ស្គាល់​គ្នា។ គេ​គ្រាន់​តែ​ហុច​ក្រដាស​កញ្ចប់​តម្លៃ និង​សេវាកម្ម ហើយ​និយាយ​ប៉ុន្មាន​ម៉ាត់ ក៏​ចប់ ឲ្យ​រើស​ខ្លួន​ឯង។ ចេញ​ដំណើរ​មក​អ៊ីចឹងហើយ ដឹង​តែ​យ៉ាប់​ហើយ។

ខុស​ពី​កន្លែង​ខ្លះ គេ​នៅ​ចាំ​ប្រាប់​យើង ថា​គួរ​យក​ពិធី​នេះ កាត់​ពិធី​នេះ និយាយ​រួម​ទៅ គេ​ខ្វល់ខ្វាយ​ជាមួយ​យើង​ម៉ា​ចប់ ចឹង​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ជ្រើស​កន្លែង​ហ្នឹង​អាច​មិន​ខុស"។ នេះ​ជា​ការ​លើក​ឡើង​ពី​លោក សុផាត បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន​ទើប​រៀបការ​កាល​ឆ្នាំ​២០១៥។

៣. ដើរ​ជ្រេ​ឲ្យ​បាន​ច្រើន

ជួប​សម្អាង​ការ កាន់​តែ​ច្រើន កាន់​តែ​មាន​ជម្រើស កាន់​តែ​ដឹង​ពី​កញ្ចប់​តម្លៃ គុណភាព ហើយ​អាច​ប្រៀប​ធៀប​ជ្រើស​យក​តម្លៃ ហើយ​គុណភាព​ល្អ​ទៀត​ផង។ កាន់​តែ​សំខាន់ យើង​អាច​ម៉ិ​មើល​ដឹង​ពី​ចរិត​រក​ស៊ី​របស់​សម្អាង​នោះ​ទៀត​ក៏​ថា​បាន ថា​តើ​សម្អាង​នោះ​គិត​គូរ​ពី​ភ្ញៀវ និង​គុណភាព​ជា​ធំ​ឬ​យ៉ាង​ណា។

៤. ការ​សន្យា

"បង​អើយ...ខ្ញុំ​ឆ្លេឆ្លា​មិន​ដឹង​ទៅ​ណា​ទៅ​ណី​ទេ ជិត​ដល់​ថ្ងៃ​ការ​ហើយ លេង​ផ្នួង​ការ​លេង​ហ្ស៊ឺ​ធ្វើ​ស៊ី​ខ្ញុំ​ចឹងៗ​អី​ហ្នឹង! ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ចោល​លុយ​កក់ ២០០ ដុល្លារ​ទៅ​រក​សម្អាង​ការ​ថ្មី។ នេះ​ជា​ការ​រៀបរាប់​បទ​ពិសោធ​របស់​​អ្នក​នាង ស្រីអូន អ្នក​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​ទំនើប Pencil ដែល​រៀប​ការ​ចុង​ឆ្នាំ​២០១៥។

ស្រីអូន ថា អ្នក​នាង​យក​ផ្នួង​នោះ​តាម​ការ​ណែនាំ​របស់​សាច់​ញាតិ​តាំង​ពី ៥ ខែ​មុន​ដល់​ថ្ងៃ​ការ ហើយ​ផ្នួង​សន្យា​ថា នឹង​ឲ្យ​មើល​ម៉ូដ​ខោអាវ​ថ្មី​សន្លាង​ស្អាតៗ ព្រោះ​កំពុង​ច្នៃ។ ពេល​ខល​សួរ ផ្នួង​ថា​ឲ្យ​ទៅ​មើល​ថ្ងៃ​នេះ​ថ្ងៃ​នោះ ដល់​អ្នក​នាង​ឡាំប៉ា​បង្ខំ​មែន​ទែន ព្រោះ​ចង់​ល​​ផង ព្រោះ​សល់​តែ ៣ ខែ​ទៀត ទើប​គេ​ឲ្យ​មើល ហើយ​មិន​មែន​ខោអាវ​ច្នៃ​ថ្មី ស្អាត​ឯណា គឺ​សុទ្ធ​តែ​ខោអាវ​ចាស់ៗ។

អ្នក​នាង បញ្ជាក់​ថា៖ "ហ្នឹង​សំណាង​ហើយ ចេះ​ដឹង​ទាន់​សល់​តែ ៣ ខែ កុំ​អី​ដល់​ថ្ងៃ​ការ​មិន​ដឹង​ម៉េច​ម៉ា​ទេ។ ខ្ញុំ​ធ្លាប់​តែ​ឮ​មិត្តភ័ក្ដិ​ប្រាប់​រឿង​ផ្នួង​កូរ​នៅ​ថ្ងៃ​ការ ​យក​ខោអាវ​ខុស​ម៉ូដ ខ្លះ​ចាស់​​មក​ឡើង​ចេញ​ផ្នត់​រួញ​មក​ឲ្យ​យើង"។

៥. ម៉ូដ​ខោអាវ គ្រឿង​អលង្ការ និង​ការ Makeup

ត្រង់​នេះ ក៏​សំខាន់​មិន​ធម្មតា​ដែរ ព្រោះ​ម៉ូដ​ខោអាវ​ស្អាត ផាត់​មុខ​ស្អាត កូន​ក្រមុំ ដឹង​តែ​ស្អាត​ដាច់​គេ​ម៉ង។ ពិនិត្យ​មើល​ថា​តើ សម្អាង​ការ​នោះ មាន​ម៉ូដ​ស្អាត ហើយ​ថ្មី​អត់? ឬ​សម្អាង​ការ​មាន​ច្នៃ​ម៉ូដ​ថ្មី​ឲ្យ​ផ្ទាល់​ដែរ​អត់? ស្នាដៃ​ Makeup ​ស្អាត​អត់? ប្រយ័ត្ន​រើស​ប៉ះ​អ្នក​ Makeup ​បែប 3D ឬ​គូស​ចិញ្ចើម​បែប ឈីងចាំង អី​ទៅ!

ជួន​កាល បើ​ខោអាវ​ស្អាត ថ្មី តែ​អន់​ខាង​ Makeup យើង​ក៏​អាច​រក​អ្នក Makeup ​ពី​ក្រៅ​ក៏​បាន​ដែរ សំខាន់​ឲ្យ​តែ​ខោអាវ​ថ្មី​ស្អាត។

ចុង​ក្រោយ ត្រូវ​​សួរ​បញ្ជាក់​ខាង​ផ្នួង​រឿង​គ្រឿង​អលង្ការ​ ថា​តើ​ចាស់ ឬ​ថ្មី​ទាំង​បែប​បុរាណ និង​សម័យ ដោយ​សុំ​យក​មក​កាន់​មើល​ផង។ បើ​គ្រឿង​អលង្ការ​ចាស់ៗ របក​ក្រូមេ (សំដៅ​គ្រឿង​អលង្ការ​បុរាណ) ហើយ​គ្រឿង​កាលៃ​អន់​ពេក ក៏​ត្រូវ​គិត​គូរ​ដែរ ព្រោះ​បើ​ពាក់​ទៅ វា​នឹងអាប់ៗ ហើយ​ថត​ទៅ អត់ភ្លឺ​ស្អាត​នោះ​ឡើយ៕


អត្ថបទ៖ ថា ម៉ាលីដា