ពីក្មេង​លាង​ចាន​ទៅជា​អ្នក​ជំនាញក្រ​ឡុក​ស្រា​លក់​

  • 2017-10-11 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ​យុវ​ជន​កំព្រា​ម្ដាយ​ម្នាក់​ បាន​សម្រេច​ក្ដី​ស្រម៉ៃ​ដំបូង​របស់​ខ្លួន​ទាំង​នៅ​ក្មេង​វ័យ​។ គង់ ​គីមហេង​ ជា​កូន​អ្នក​នៅ​ភ្នំពេញ​ម្ដុំក្បាល​ថ្នល់​។ ​បន្ទាប់​ពី​ធ្វើ​ការ​តាមហា​ង ​និងកាស៊ីណូ​ បាន​ជិត​៥ឆ្នាំ​ គីម​ហេង​ បាន​បើក​​អាជីវ​កម្មខ្នាត​តូច​មួយ​ គឺ​ក្រឡុក​ស្រា​​​ មាន​យីហោ Mob​ ដែល​អាច​រកប្រាក់​ចំណេញ​បាន​ជាង​ ២០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ គីមហេ​ង​ថា នេះ​ជា​ជោគ​ជ័យ​ដំបូង​ក្នុង​ជីវិត​របស់​ខ្លួន។​

ដោយ​សារ​ស្ថាន​ភាព​ទី​ទាល់​ក្រ និងថាជួនកាល​ដាច់​បាយ​ម្ដង​ម្កាល​ ផង​នោះ ស្ថាន​ភាព​នេះ​​គីមហេង​ថា​បាន​រុញ​ច្រាន​ឲ្យ​ខ្លួន​ចេញ​រក​ប្រាក់​ទាំង​វ័យ​១៦​ឆ្នាំ។ គីមហេង​​ឲ្យដឹង​ថា​ការ​ងារ​ដំបូង​របស់​លោក​គឺ​ជាអ្នកលាងចាន​ក្នុង​ភោជនីយ​ដ្ឋាន​តូច​មួយ ​និង​ទទួលបានកម្រៃត្រឹម៦០ដុល្លារ​ក្នុង​មួយ​ខែ។ ធ្វើ​ការ​បាន​ពីរ​ឆ្នាំ ពោលគឺ ពេល​លោក​មាន​វ័យ​១៨​ឆ្នាំ​លោក​ក៏​បាន​ ចូល​ធ្វើការ​នៅ​កាស៊ីណូមួយ​ជាមួយ​បង​ស្រី​បង្កើត​នៅ​ភ្នំពេញ​។

(រទេះដាក់​លក់​ស្រាក្រ​ឡុក​របស់​លោក គង់​ គីមហេង/រូបភាព៖ Mob ហ្វេសប៊ុក)

ហាក់​បី​ដូច​ជាមាន​ និស្ស័យ​ជាមួយ​ការងារ​ក្រឡុកស្រា​ ហើយ​ខ្លួន​ចូល​ចិត្ត​រសជាតិ​ស្រាក្រឡុក​ផង គីមហេង ​ថាមេការ​កាស៊ីណូ​បានប្ដូរ​កាងារ លោក​ឲ្យទៅ​បម្រើ​ក្នុង​ផ្នែក​ក្រឡុក​ស្រាវិញ​ម្ដង​ ដែល​នេះ​លោក​ថា ជាឱកាស​សម្រាប់​លោក​ ចាប់​ផ្ដើម​ស្វែង​យល់ ​និង​រៀន​សូត្រ​ជំនាញ​ក្រឡុក​ស្រា ពី​អ្នក​ជំនាញ​នៅទី​នោះ។​

ដោយ​ដឹង​ថា​ខ្លួន​មិន​បាន​សិក្សា​បន្ត​ទៀត​ គីមហេង ថា​លោក​បាន​ប្ដូរ​មក​អាន​សៀវភៅ​ជា​ប្រ​ចាំ ​ហើយ​សៀវ​ភៅ​ដែល​លោក​ចូល​ចិត្ត​អាន​គឺសៀវ​ភៅនិយាយ​ពីបុគ្គល​ជោគជ័យ​ ល្បីៗ​មាន​ដូច​ជា លោក​បៀលហ្គេត លោកម៉ហ្សកឃើប៊ើក និង​លោក​ចេកម៉ា ​ជាដើម​។ អាន​សៀវភៅ​យូរៗ​ទៅ ​លោក​ថា​ធ្វើ​ឲ្យលោក​ បែក​គំនិត​ចង់​ចេញ​ធ្វើ​ជំនួញខ្លួន​ឯង​ ដោយ​ចាប់​ផ្ដើម​សន្សំ​លុយ​បន្តិច​ម្ដង​ៗ និ​ង​គិត​គូរ​យ៉ាង​ហ្មត់​ចត់ពី​ការ​ចាប់​ផ្ដើមជំនួញ​ដំបូង​របស់ខ្លួន​។

(លោក គង់ គីមហេង កំពុង​ក្រ​ឡុក​ស្រាលក់​ជូន​អតិថិជន/រូបភាព៖ Mob ហ្វេសប៊ុក)

មាន​លុយបន្តិច​បន្តួច​ក្នុង​ហោប៉ៅ ​គីមហេង ​ថា​ខ្លួនបានប្រថុយ​យក​កាត​គ្រីម៉ូតូ ទៅ​បញ្ចាំ​ដើម្បី​សម្រេច​បំណង​ ដែល​បាន​គិត​ទុក​ជាយូរ​មក​ហើយ​។

យុវ​ជនវ័យ​ក្មេង​រូប​នេះ ​ថា​ខ្លួន​​បាន​ឈានជើងចេញរកស៊ីក្រឡុកស្រាលក់ តាម​ចញ្ចើម​ផ្លូវ​ដំបូង​នៅ​លើចញ្ចើម​ផ្លូវ​ខាង​លិចសួនមុខវត្ត​បទុមវត្តី ដោយ​មាន​យីហោ ថា​Mob ហើយ​ទទួល​ការគាំទ្រ​ពីអតិថិ​ជន​ជាច្រើន​ ជាពិ​សេស​យុវវ័យ និង​ជនបរ​ទេស ដែល​ចូល​ចិត្ត​ដើរ​ម្សាន្ត​តាម​សួន និង​អង្គុយ​ជជែក​គ្នា​លេង​ជាលក្ខណៈ​លំហែ​កាយ។

ដោយ​មើល​ឃើញ​ពីភាព​ជោគ​ជ័យ ​នៃអាជីវកម្ម​ខ្នាត​តូច​របស់ ​គីមហេង​ អ្នក​ផ្សេង​ទៀត​ក៏កំពុង​ងាក​មក​ចាប់​អាជីពក្រឡុក​ស្រា​នេះ​កាន់​តែច្រើន​ដែរ​។ បច្ចុប្បន្ន​មាន​រហូត​ដល់បួន​កន្លែង​ទៅ​ហើយ ដែល​កំពុង​ប្រជែង​ជាមួយ​ Mob​ របស់ ​គីមហេង។​ តែគីហេងថា ខ្លួន​សប្បាយ​ចិត្ត​ដែល​មាន​គូប្រជែង​ ព្រោះ​ជា​ចំណែក​ធ្វើ​ឲ្យ​លោក ​កាន់​តែ​ស្គាល់​ខ្លួន​ឯង​ និង​មាន​ការ​អភិវឌ្ឍ​ជំនាញ​ក្រឡុក​ស្រា កាន់​តែ​ខ្លាំង​ឡើងថែម​ទៀត។ ​ម៉្យាង​ការ​ប្រកួត​ប្រជែង ​នឹង​ជំរុញ​ឲ្យ​​លោក​ រក​ឃើញ​នូវ​រស់ជាតិ​ថ្មី​ៗ និង​ពិសេស​ជាង​គេនិងអាច​ក្រសោប​យក​អតិថិ​ជន​បាន​ច្រើន​។

គង់ គីមហេង បានសម្ដែងក្ដីសង្ឃឹមថា នៅចន្លោះអាយុ ២៥ ទៅ ៣០ឆ្នាំ លោកនឹងក្លាយជាថៅកែ រង្គសាលមួយ ហើយសង្ឃឹមថាអាចពង្រីសាខាឲ្យបានច្រើន៕  

អត្ថបទដោយ៖ ឈិន ធារ៉ាត់