មន្ត្រី​ថា អ្នកជំនាញ​កំពុងតាម​ដាន​ បន្ទាប់ពី​ឭដំណឹងថាវៀតណាមចាប់​បាន​ជ្រូក​ដាក់​ថ្នាំជិតបួនពាន់​ក្បាល

  • 2017-10-12 01:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ពត៌មានពី​ប្រទេសវៀតណាម Vietnamnet.vn ​បានឲ្យ​ដឹងថា ​សត្វជ្រូក​ដាក់ថ្នាំចំនួន ៣ ៧៥០ ក្បាល​ ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ចាប់បាននៅកន្លែង​សម្លាប់សត្វ​មួយ​កន្លែង​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពីថ្មីៗកន្លងទៅ។ ការដាក់​ថ្នាំនេះ ​ដើម្បីឲ្យសាច់​ជ្រូក​ទន់​ល្អ ប៉ុន្តែវា​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគសាច់​ជ្រូកនោះ។

ជុំវិញ​រឿងផ្ទុះ​សាច់ជ្រូក​វៀតណាម​មានថ្នាំនេះ​ ​បានបង្ក​ក្ដីបារម្ភ​ដល់​ប្រជាជនខ្មែរ​ ស្របពេល​បច្ចុប្បន្នកម្ពុជា​បាន​នាំ​ចូល​ជ្រូលកាប់​សាច់​មួយចំនួន​ពី​ប្រ​ទេស​វៀតណាម​។ ​ជាមួយ​គ្នានេះ​ មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ កញ្ញា សឹង សុផារី បានប្រាប់ Sabay ក្នុងពិធី​បើកកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ភិបាល​នៃកម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (EIF)​ លើកទី២៥​ នៅ​សណ្ឋាគារ​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ថា រហូត​ដល់​ពេល​នេះ​ ​មន្ត្រីកាំកុង​ត្រូល​ ​និង​ក្រុម​មន្ត្រី​ចល័ត​ពិនិត្យ​ផលិតផល​គីមី​នៅ​មិនទាន់​រាយការណ៍​ចំពោះ​ករណី​សត្វជ្រូក​ដាក់ថ្នាំ​នេះ​នៅឡើយ​ តែ​កញ្ញា​ថា ​ក្រសួង​ពាក់ព័ន្ធ​នឹង​បន្តតាម​ដាន​រឿង​នេះ​។

(កញ្ញា សឹង សុផារី មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​)

​អ្នកនាំ​ពាក្យ​រូបនេះ​ បន្តថាៈ​ «​មន្ត្រីប្រចាំការ​មិនមាន​គ្រប់តាម​ច្រកល្ហក​ទាំងអស់​ទេ​ តួយ៉ាង​ច្រករបៀង​ជាដើម ហេតុនេះ​ត្រូវការ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​»។

កញ្ញា​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ព្យាយាម​តាមដាន​ពត៌មាន​តាមបណ្ដាញ​ផ្សព្វផ្សាយ​ និង​ក្រសួង​ឲ្យ​បានច្រើន ជាពិសេស​នោះ​បើពលរដ្ឋ​ជួប​ករណី​ណាមួយ ​សូមផ្ដល់​ពត៌មាន​ទៅមន្ត្រី​កាំកុងត្រូល​ និងឡានពិនិត្យ​ផលិតផល​គីមីចល័ត​ដើម្បី​ចាត់​វិធានការ​។

ជាមួយ​គ្នានេះ​ដែរ ដើម្បី​លុបបំបាត់​ផលិតផល​គីមីទាំង​នោះបាន​ ត្រូវផ្ដើម​ចេញពី​ប្រជាពល​រដ្ឋនាំគ្នា​បញ្ឈប់​ការប្រើប្រាស់ និងជួញដូរ​ផលិតផលគីមី​ទាំងអស់គ្នា​។ ​ កញ្ញា សុផារីបញ្ជាក់បន្ថែម៕

អត្ថបទ៖ ស៊ិន សាវ៉េត