​និស្សិត​​​​ខ្មែរមួយ​ក្រុម ប្រជែង​​បាន​លេខ ៣ ក្នុង​​តំបន់​អាស៊ាន​​លើ​គម្រោង Start-up

  • 2017-10-12 03:37:32
  • ចំនួនមតិ

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​និស្សិត​ជាង ២០ ក្រុម​មក​ពី​​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​ក្រុម CDev តំណាង​កម្ពុជា បាន​ទទួល​​ចំណាត់​​ថ្នាក់​លេខ ៣ លើ​​គម្រោង Start-up Business។

ក្រុម​​ដែល​ជាប់​ជុំ​ចុង​ក្រោយ​

"ទោះ​ជា​បញ្ចប់​ត្រឹម​ជយលាភី​លេខ ៣ ក្នុង​ការ​ប្រកួត​​នេះ ប៉ុន្តែ​ក្រុម​របស់​យើង​សប្បាយ​ចិត្ត​ដែល​បាន​ត្រូវ​បាន​ជ្រើស​រើស មកដល់​ជុំ​​ចុង​ក្រោយ។ ពួក​យើង​ព្យាយាម​ធ្វើ​បទ​បង្ហាញ​យ៉ាង​អស់​លទ្ធភាព តាម​ដែល​អាច​ធ្វើ​បាន​ហើយ តែ​ដោយ​សារ​នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម ទើប​​មិន​បាន​រៀប​ចំ​ឲ្យ​បាន​ល្អ​ជាង​នេះ"។ តាម​ការ​ឲ្យ​ដឹង​ពី​​​និស្សិត​​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ឆ្នាំ​ទី ៣ ញ៉េវច័ន្ទពេញពន្លឺ​ តំណាង​ក្រុម CDev ទៅ​ចូល​រួម​ប្រកួត។

ក្រុម CDev ជា​ក្រុមដែល​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ Start-up product តាម​រយៈ​វិបសាយ​​ ​និង​កម្មវិធី​ទូរសព្ទ​ដែល​កំពុង​ដុត​ដៃ​ដុត​ជើងអភិវឌ្ឍ ដោយ​មិន​រក​ប្រាក់​ចំណេញ​ជា​ទម្រង់ (Crowdfunding platform) ​​ដែល​​ត្រូ​វបាន​ជាប់​​ ​និង​ជ្រើសរើស​យក​ទៅ​ប្រកួត​នៅ​វគ្គផ្តាច់ព្រ័ត្រ ដែលមាន​តំណាង​ក្រុម​ ញ៉េវច័ន្ទពេញពន្លឺ​ ជាអ្នកទៅប្រកួត និង​សមាជិកនៅក្នុងក្រុមក្នុងការបង្កើតនូវគម្រោងនេះរួមមាន​ ​លោក ជ័យរដ្ឋា, លោក​ ជា សិរីវ៉ាត់, លោក​ ចាន់​ ឆេងតឹម និង​ កញ្ញា ឆេង​ ចន្ទ័រស្មី។

ញ៉េវច័ន្ទពេញពន្លឺ​ តំណាង​ក្រុម CDev ទៅ​ចូល​រួម​ប្រកួត

បន្ទាប់ពីដំណើរការរយៈពេល ៤ ខែកន្លង​ទៅ​ ​និង​​បាន​ឆ្លងកាត់​ដំណាក់​កាល​ទាំង​ ៤​​​ ​ក្នុងការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​នេះ​មាន​តែ​ ​៤ ក្រុមប៉ុណ្តោះ ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ដើម្បី​យក​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។​ ក្នុងនោះដែរមាន ៤ ដំណាក់កាលសម្រាប់ការប្រកួត​ និងមាន ២០ ក្រុមដែលបានចូលរួមមក​ពី​ប្រទេសផ្សេងគ្នា ដែល​មាន ៣ ក្រុមមកពីប្រទេសវៀតណាម និង​ ​១​ ក្រុមទៀត​ ​គឺ​ ​CDev​ ដែល​មក​ពី​ប្រទេស​កម្ពុជា។

ចំពោះ​ប្រាក់​រង្វាន់​ក្នុង​ការ​ប្រកួតប្រជែង ក្រុម​​ចំណាត់​ថ្នាក់​លេខ ១ ទទួល​បាន​ទឹកប្រាក់ ១ ០០០ ដុល្លារ​ ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន​ទឹកប្រាក់ ៥០០ ដុល្លារ​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ទទួល​បាន​ទឹកប្រាក់ ២៥០ ដុល្លារ​ ​និង​អំណោយ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​បាន​មក​ពី​អ្នក​ឧបត្ថម្ភ។​

ក្រុមដែលជាប់ជ័យលាភីទាំងអស់​ និង​មាន​ឪកាស​ទទួល​បាន​នូវ​ការ​វិនិយោគ​ ​និង​ដៃគូសហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មកពី​ប្រទេស​បារំាងក៏ដូចជាក្នុងប្រទេសវៀតណាមផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែង Start-up ដែល​​ធ្វើ​​ឡើង​​នៅ​​ទីក្រុង​ហាណូយ​ប្រទេស​​វៀតណាម​​នេះ​ ​មាន​ឈ្មោះថា " Start-Up Francophone" ដែល​​ជាកម្មវិធី​ប្រកួតប្រជែង​​ ផ្តោតទៅលើផ្នែកគំរោង​សហគ្រិនភាព ស្មារតីជាសហគ្រិនក៏ដូចជា Business Plan ជាដើម​។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​​ស្ថាប័ន​ភាសាបារាំង​ប្រចាំ​តំបន់​​អាសុី​ប៉ាសុីហ្វិក​​​ ​និង​សហការជាមួយ​សាកល​វិទ្យាល័យ​ Foreign Trade ប្រទេស​វៀតណាម​ ដែល​​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចជា​ ​ប្រទេសទ្បាវ វៀតណាម ថៃ និងប្រទេសកម្ពុជា ដែលបានប្រព្រឹត្តទៅ​កាល​ពី​​ចុ​ងខែ​កញ្ញា កន្លងទៅ៕

ក្រុម​ជយ​លាភី​លេខ ១
ក្រុម​ជយ​លាភី​លេខ ២
ក្រុម​ជយ​លាភីលេខ ៣ (CDev Group)
សមាជិក​ក្រុម CDev

ចុច​អាន​បន្ត​៖


អត្ថបទ៖ រក្សា