ល្អ​ណាស់​ One Championship ចុះ​កុងត្រា​​​កីឡា​ការិនី​ខ្មែរ-អាមេរិក​​មក​វ៉ៃ​នៅ​អាស៊ី​

  • 2017-10-12 07:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ស្ថាប័ន​ប្រដាល់​ក្នុង​ទ្រុង​​ដ៏​ល្បី​នៅ​អាស៊ី​ ONE Championship ​បាន​ចុះ​កុងត្រា​យក​កីឡា​ការិនី​កូន​កាត់​ខ្មែរ​-​អាមេរិក​​​ឈ្មោះ​ ឯម សុវណ្ណា​ដើម្បី​វ៉ៃ​ក្នុង​ស្ថាប័ន​ដ៏​កំពូល​មួយ​នេះ​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ឡើយ។

កីឡាការិនី ឯម សុវណ្ណា (រូបថត៖ ONE Championship)

ONE Championship បាន​ឲ្យ​ដឹង​ថា កីឡា​ការិនី​វាយ​ក្នុង​ទ្រុង​​ ឯម សុវណ្ណា​ អាយុ​២៥​ឆ្នាំ​រស់​នៅ​ទៅ​ទី​ក្រុង​ឡុង​ប៊ិច សហរដ្ឋ​អាមេរិក​​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ក្បាច់​គុន​បុរាណ​កាល​ពី​ឆ្នាំ​២០១២​តាម​រយៈ​មិត្ត​ប្រុស​ម្នាក់​។ ក្រោយ​មក​នាង​បាន​​វិវត្ត​ចាប់​យក​ជំនាញ​ចំចាប់​ យូដូ​ និង​ប្រដាល់​គុន​ខ្មែរ​ដែល​ជា​​ក្បាច់​គុន​​បុរាណ​ខ្មែរ។ តាម​រយៈ​ជំនាញ​ចំបាប់​ និង​គុន​ខ្មែរ​ កីឡា​ការិនី​កូន​កាត់​​ខ្មែរ​អាមេរិក​រូប​នេះ​​ចង់​កសាង​កេរ្តិ៍​នៅ​តំបន់​អាស៊ី​​ម្តង។​

សុវណ្ណា​ នឹង​បង្ហាញ​ខ្លួន​ប្រកួត​ផ្លូវ​ការ​ឲ្យ​ស្ថាប័ន​កំពូល​ ONE Championship នៅ​ប្រទេស​សិង្ហបុរី​នា​​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ បទ​ពិសោធន៍​របស់​​នាង​គឺ​​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​អស់​។

សុវណ្ណា​បាន​និយាយ​ថា ៖«រឿង​ទី​១​ទាក់ទាញ​ខ្ញុំ​ឲ្យ​ចូល​វ៉ៃ​ ONE Championship ​គឺ​ទស្សនវិជ្ជា​​ជាប់​ពាក់​ព័ន្ធ​នឹង​តម្លៃ​ និង​គារវកិច្ច​នៃ​ក្បាច់​គុន​បុរាណ​ពិត​ប្រាកដ»។

«សម្រាប់​ជា​បុគ្គល​ ខ្ញុំ​យល់​ថា ក្បាច់​គុន​បុរាណ​​គឺ​ជា​យន្តការ​សម្រាប់​ការ​ពារ​ខ្លួន​ ដូច្នេះ​ខ្ញុំ​មិន​បារម្ភ​ពី​ការ​និយាយ​មិន​ល្អ​ពី​អ្នក​ដទៃ​ ឬ​អាកប្បកិរិយា​​មិន​សមរម្យ។ ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​ស្ថាប័ន​ ONE ដែល​ជួយ​លើក​តម្កើង​​ក្បាច់​គុន​បុរាណ​ដែល​​ជា​កីឡា​មិន​មែន​ហឹង្សា»។

កីឡា​ការិនី​ខ្មែរ-អាមេរិក​រូប​នេះ​បន្ត​ថា ៖«ខ្ញុំ​​សង្ឃឹម​ថា មាន​មាន​ឱកាស​ឡើង​វ៉ៃ​តំណាង​ឲ្យ​ប្រទេស​ដែល​ជា​ដើម​កំណើត​របស់​ឪពុក​ម្តាយ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​កាន់​តែ​ជិត​ដិត​នឹង​ស្រុក​ខ្មែរ។ ខ្ញុំ​ជឿ​ថា គ្រូ​ប្រដាល់​សេរី​របស់​ខ្ញុំ​ជា​ជើង​ឯក​ម្នាក់​មុន​ពេល​កម្ពុជា​ធ្លាក់​សម័យ​ខ្មៅ​ងងឹត»៕

អត្ថបទ៖ ជាន ចាន់រ៉ា