iOS 11 ស៊ី​ថ្ម​ខ្លាំង? នេះ​ដំណោះ​ស្រាយ

  • 2017-10-12 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ iOS 11 មួយ​ចំនួន​រអ៊ូ​ថា​ក្រោយ​ពី​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​រួច​ iPhone ឬ​ iPad របស់​ពួក​គេ​ឆាប់​អស់​ថ្ម​ជាង​មុន។

១. ស្វែង​រក​ការ​អាប់ដេត​ជំនាន់​ចុង​ក្រោយ​បង្អស់​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 11 ដល់​ទៅ​បួន​ដង​ឯណោះ ដោយ​ក្នុង​នោះ​មាន​​ជួសជុល​​​នូវ​បញ្ហា​​កើត​មាន​លើ​ iOS 11 ជំនាន់​មុន​ៗ​​មួយ​ចំនួន។ អ្នក​អាច​​អាប់ដេត​ទៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​ដោយ​ចូល​ទៅ​ Settings → General → Software Update

២. ទើប​អាប់ដេត​ iOS 11? រង់​ចាំ​សិន​ទៅ​អ៊ីចឹង!

សម្រាប់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ទើប​តែ​អាប់ដេត​​ឡើង​ iOS 11 ហើយ​ជួប​បញ្ហា​ថ្ម​​ស្រក​ចុះ​លឿន​ ពេល​ខ្លះ​​រង់ចាំ​មួយ​ ឬ ពីរ​ថ្ងៃ​ជា​ដំណោះ​ស្រាយ​​ដើម្បី​បញ្ឈប់​បញ្ហា​ស៊ី​ថ្ម​នេះ។ មូលហេតុ​នោះ​គឺ​​ពេល​អាប់ដេត​ iOS ​ម៉ាស៊ីន​បំពេញ​ប្រតិបត្តិការ​ជួសជុល​មួយ​ចំនួន​នៅ​ Background ដែល​​​ធ្វើ​ឲ្យ​ចំណាយ​ថាមពល​ថ្ម​ច្រើន​ខុស​ធម្មតា។

៣. ឆែក​មើល​ថា​កម្មវិធី​ណា​ស៊ី​ថ្ម

អ្នក​អាច​ឆែក​មើល​ថា​កម្មវិធី​ណា​ស៊ី​ថ្ម​ច្រើន​ជាង​គេ​ ដោយ​ចូល​ទៅ​កាន់​ Settings → Battery → Battery Usage ។ ប្រសិន​បើ​ឃើញ​ថា​កម្មវិធី​ណា​ស៊ី​ថ្ម​ច្រើន​គួរ​​​សាក​ល្បង​អាប់ដេត​កម្មវិធី​នោះ ឬ កាត់​បន្ថយ​​ប្រើ​ប្រាស់​វា។

៤. Restart ទូរសព្ទ

ពេល​ខ្លះ​ការ​ Restart (បិទ​រួច​បើក​ទូរសព្ទ​វិញ) ក៏​អាច​​ជួយ​ដោះ​ស្រាយ​បញ្ហា​ស៊ី​ថ្ម​បាន​ដែរ ដោយ​វា​អាច​បញ្ឈប់​ដំណើរ​ការ​មិន​បាន​ការ​ទាំង​ឡាយ​នៅ​ Background។

៥. បិទ​មុខងារ​ Raise to Wake

មុខងារ​ Raise to Wake ​ជា​មុខងារ​មាន​ប្រយោជន៍​មួយ​ ប៉ុន្តែ​វា​ក៏​​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​ឆាប់​អស់​ដែរ។ ដើម្បី​បិទ​មុខងារ​នេះ​ចូល​ទៅ​កាន់​ Settings → Display & Brightness → Raise to Wake → រួច​ចុច​យក Off។

៦. បិទ​ Background App Refresh

​​​​Background App Refresh អាច​ឲ្យ​កម្មវិធី​មួយ​ចំនួន​នៅ​មាន​ដំណើរ​ការ​នៅ​ Background បាន។ វា​មាន​ប្រយោជន៍​មែន​ ប៉ុន្តែ​ធ្វើ​ឲ្យ​ទូរសព្ទ​ឆាប់​អស់​ថ្ម​បំផុត ជា​ពិសេស​ចំពោះ​កម្មវិធី​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ជា​ដើម។ ដូច​នេះ​អ្នក​អាច​បិទ​វា​ដោយ​ចូល​ទៅ​កាន់​ Settings → General → Background App Refresh → រូច​ចុច​យក​ Off។

៧. បន្ថយ​ពន្លឺ​អេក្រង់

​អេក្រង់​បញ្ចេញ​ពន្លឺ​ភ្លឺ​ពេក​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ថ្ម​ឆាប់​អស់​ដែរ ដូច​នេះ​គួរ​បន្ថយ​ពន្លឺ​អេក្រង់​របស់​អ្នក​​ឲ្យ​សម​ស្រប​ទៅ​នឹង​កម្រិត​ដែល​អ្នក​គិត​ថា​ងាយ​ស្រួល​មើល​ ដោយ​មិន​ភ្លឺ​ពេក​នោះ​ទេ។ អ្នក​អាច​កំណត់​ពន្លឺ​ដោយ​ចូល​ទៅ​ Settings → Display & Brightness → Brightness រួច​ធ្វើ​ការ​កំណត់​ពន្លឺ​តាម​ការ​ចង់​បាន។

៨. បិទ​ការ​ប្រើ​ប្រាស់​មុខងារ​ Location ដែល​មិន​ចាំ​បាច់​

​ការ​បិទ​មុខងារ​ Location Services ​សម្រាប់​​កម្មវិធី​មួយ​ចំនួន​ដែល​អ្នក​មិន​ប្រើ​ប្រាស់​​ក៏​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​បាន​មួយ​កម្រិត​ដែរ។ ​ដើម្បី​បិទ​មុខងារ​នេះ​សម្រាប់​កម្មវិធី​នីមួយៗ​អាច​ចូល​ទៅ​ Settings → Privacy → Location Services

៩. ប្រើ​មុខងារ​ Low Power Mode

ដំណើរ​ការ​មុខងារ​ Low Power Mode វា​នឹង​​បិទ​មុខងារ​មួយ​ចំនួន​ដូច​ជា​ការ​ឆែក​ម៉ែល​ដោយ​ស្វ័យ​ប្រវត្តិ, បិទ​មុខងារ​ Background App Refresh, បន្ថយ​ពន្លឺ​អេក្រង់ និង​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ទៀត​ដែល​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិត។ ចូល​ទៅ​កាន់​ Settings → Battery → Low Power Mode → រួច​ជ្រើស​យក​ On ដើម្បី​ដំណើរ​ការ​មុខងារ​នេះ៕​​​ ​​​​​​​​ ​ ​​​

ប្រភព៖ osxdaily   ប្រែ​សម្រួល៖ សុខហេង