USAID ផ្តល់​ឥណទាន​បីលាន​ដុល្លារ​ដល់​វិស័យ​ឯកជន​ដែល​ធ្វើការ​លើ​វិស័យ​ទឹក​ស្អាត និង​អនាម័យ​

  • 2017-10-12 10:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាស​នូវគំនិតផ្តួច​ផ្តើម​ថ្មី​មួយនៅ​ថ្ងៃនេះ​ដែលមាន​ទឹកប្រាក់​ចំនួនបីលាន​ដុល្លារ​សហរដ្ឋអាមេរិក ​ដើម្បី​ជួយ​លុបបំបាត់ ​គម្លាត​ហិរញ្ញប្បទាន​សម្រាប់ការ​ផ្តល់សេវា​អានាម័យ និងការផ្គត់ផ្គង់​ទឹក​ស្អាតនៅក្នុងប្រទេសកម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មានរបស់ USAID ចេញ​ផ្សាយ​នៅថ្ងៃនេះ​ឲ្យ​ដឹងថា​គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យ (WASH-FIN) នឹង​ជួយ​ដល់​វិស័យ​ឯកជន​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់អ្នក​ដែល​មាន​តម្រូវ​ការប្រើប្រាស់​។

(កុមារនៅ​ខេត្ត​ស្ទឹង​ត្រែងប្រើ​កង់សម្រាប់អូសទឹក​ទុក​ប្រើ​ប្រាស់)

គោល​បំណង​ចំបង​របស់​គម្រោង​ WASH-FIN ក្នុង​ប្រទេសកម្ពុ​ជា​គឺ​ផ្តល់​ការ​គាំ​ទ្រ​ដល់​ប្រតិបត្តិករឯក​ជន​ដែល​ផ្គត់​ផ្គង់​ទឹក​ស្អាត​អាច​ទទួលបាន​នូវ​ប្រាក់​ដែល​ពួក​គេត្រូ​វការ​ដើម្បី​ពង្រីក​និង​ធ្វើ​ឲ្យប្រសើរឡើង​នូវសេវាទឹក​ស្អាត​ និងអនាម័យ។ នេះ​បើ​តាម​សេចក្តី​ប្រ​កាសព័ត៌មាន​ដដែល។

គម្រោង WASH-FIN នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ជួយ​ពង្រឹង​សមត្ថភាព​ប្រតិបត្តិករ​ដែល​ផ្គត់ផ្គង់​ទឹក​នៅ​តាមបណ្តា​ខេត្ត ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក ​និងតួអង្គដទៃ​មួយចំនួន​ទៀត​ដែល​ពាក់ព័ន្ធនឹង​វិស័យ​ទឹកស្អាត ​និងអនាម័យ។​ នេះ​បើ​តាម​ប្រ​ភព​ដដែល។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានបាន​ដក​ស្រង់សម្តី​​លោកស្រី ​ផលី ដាន់ហ្វ៊ត​ នាយិកា​បេសកកម្ម​នៃទីភ្នាក់ងារ USAID យ៉ាង​ដូចនេះ​ថាៈ «ទីភ្នាក់ងារ ​USAID មាន​មោទន​ភាព​ក្នុង​ការផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​ដែលប្រតិបត្តិការ​លើវិស័យ​ផ្គត់​ផ្គង់​ទឹកស្អាត​ និង​អនាម័យ​ក្នុង​ប្រទេសកម្ពុជា...ទឹក​ស្អាត​ និងអនា​ម័យ គឺ​សំខាន់​ចំពោះ​សហគមន៍​ទាំងអស់​ ហើយ​យើងមាន​ការ​ជឿជាក់​ថា​គម្រោង​នេះ​នឹង​គាំទ្រយ៉ាង​សម្បើម​ចំពោះ​កំណើន​សេដ្ឋកិច្ច​ ក៏​ដូច​ជាសុខ​ភាពរ​បស់ប្រជា​ជន​កម្ពុជាផ​ងដែរ»៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី