ការ​បំពុល​បរិយាកាស​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ៥០០ ០០០ ​នាក់​នៅ​អឺរ៉ុប​ក្នុង​១​ឆ្នាំ

  • 2017-10-12 12:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាតិ​ពុល​ក្នុង​បរិយាកាស​នៅ​តែ​ជា​ឃាតក​លាក់មុខ​ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​មុន​អាយុ​នៅ​តំបន់​អឺរ៉ុប​ ។ ការ​បំពុល​ក្នុង​បរិយាកាស​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ ៥០០ ០០០ ​នាក់​នៅ​ទូទាំង​អឺរ៉ុប​ជា​រៀង​រាល់​ឆ្នាំ​ថ្វី​បើ​មាន​វិធាន​ការ​ទប់ស្កាត់​ការ​ភាយ​​ជាតិពុល​លើ​ទ្វីប​នេះ​ក៏​ដោយ​ ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​បរិស្ថាន​របស់​សហគមន៍​អឺរ៉ុប​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ ។

ថ្វីបើ​ប្រភព​ទិន្នន័យ​ពី​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប​ European Environment Agency (EAA) ​មាន​មូលដ្ឋាន​នៅ​រាជធានី​ Copenhagen ប្រទេស​ដាណឺម៉ាក​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ខ្លះ​នៃ​របក​គំហើញ​បច្ចេកវិទ្យា​ថ្មីៗ​ក៏​ដោយ ​ក៏​ការ​បំពុល​បរិយាកាស​នៅ​តែ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​មុន​អាយុ​ក្នុង​តំបន់​អឺរ៉ុប​ ។ ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ EAA ​និយាយ​ថា​ ការ​ស្លាប់​មុន​អាយុ ​​បង្ក​ដោយ​ជាតិ​ពុល​ក្នុង​ខ្យល់​មាន​ ៥២០ ៤០០ នាក់​ក្នុង​ ៤១ ​ប្រទេស​នៅ​អឺរ៉ុប​ដែល​បង្កើត​ឡើង​ដោយ​ការ​ដុត​ឥន្ធនៈ​ផូស៊ីល​ក្នុង​ឆ្នាំ​ ២០១៤ ​បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​ ២០១៣ ​មាន​ចំនួន​ ៥៥០ ០០០ នាក់​ ។ ៤ ​ក្នុង​ចំណោម​អត្រា​ការ​ស្លាប់​ទាំង​៥​ ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ជាតិពុល​ដែល​គេ​វាស់​ឃើញ​មាន​ ២,៥ មីក្រូន​ហើយ​អាច​ចូល​ទៅ​ក្នុង​សួត​និង​ចរន្ត​ឈាម​របស់​មនុស្ស​ ។

ប្រភព​ទិន្នន័យ​ត្រូវ​បាន​ប្រមូល​នៅ​ឯ​ស្ថានីយ៍​ត្រួត​ពិនិត្យ​បង្ហាញ​ថា​៨២% នៃ​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ភាគ​ល្អិតៗ​ទាំង​នេះ​ដោយ​ត្រូវ​គេ​ស្គាល់​ថា​ជា​ PM2.5 ​ក្នុង​ឆ្នាំ​ ២០១៥ ​ធ្លាក់​ចុះ​ពី​ ៨៥% ​ក្នុង​ឆ្នាំ​ ២០១៣​ ។

ដោយ​ឡែក​ប្រភព​ផ្សេងទៀត​នៃ​ការ​បំពុល​ក្នុង​បរិយាកាស​ដែល​ឈាន​ទៅ​រក​ការ​ស្លាប់​មុន​អាយុ​រួមមាន​ អាសូតឌីអុកស៊ីត​មាន​​ក្នុង​ខ្យល់​ ដែល​បញ្ចេញ​ដោយ​យានយន្ត​។ លោក​ Karmenu Vella ​ស្នងការ​ជាន់​ខ្ពស់​សហគម​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន​ កិច្ចការ​ដែន​សមុទ្រ​ និង​ជលផល​និយាយ​ថា​ គណៈកម្មាធិការ​អឺរ៉ុប​បាន​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​នេះ​ និង​ជួយ​ដល់​រដ្ឋ​ជា​សមាជិក​ដើម្បី​ឱ្យ​ប្រាកដ​ថា​ គុណភាព​នៃ​ខ្យល់​ដកដង្ហើម​របស់​ពលរដ្ឋ​ពួកគេ​ស្ថិត​នៅ​កម្រិត​ស្តង់ដា​ខ្ពស់​មួយ​ ៕

 

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី