Klopp ធ្លាប់​ចង់​ដឹក​នាំ​ Man Utd មុន​មក​ Liverpool

  • 2017-10-12 13:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្វឹក​ក្លឹប​អាល្លឺម៉ង់ Mainz 05 លោក Eckhard Krautzun កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា លោក Jurgen Klopp ធ្លាប់​បង្ហើប​ប្រាប់​ខ្លួន​ថា​ចង់​ដឹក​នាំ​ក្លឹប​បិសាច​ក្រហម Manchester United។

លោក Eckhard Krautzun

លោក Krautzun បាន​ថ្លែង​ទៅ​សារព័ត៌មាន TheSetPieces ថា "Klopp បាន​ប្រាប់​ខ្ញុំ​ថា វា​គឺ​ជា​សុបិន​របស់​គាត់ ដើម្បី​ទៅ​ដឹក​នាំ​ក្នុង​ក្លឹប​ក្នុង​លីគ​កំពូល​អង់គ្លេស​ក្នុង​ថ្ងៃ​ណា​មួយ ហើយ​ក្លឹប​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ​គឺ ក្លឹប Manchester United"។ បុរស​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៧៦​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហើប​ទៀត​ថា ខ្លួន​ធ្លាប់​បាន​ប្រាប់​រឿង​នេះ​ទៅ​លោក Alex Ferguson ដែរ នៅ​ពេល​អតីត​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​រូប​នេះ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១៣ តែ​ចុង​ក្រោយ ក្លឹប​ Manchester United បែរ​ជា​តែង​តាំង​លោក David Moyes ជា​អ្នក​ដឹក​នាំ​បន្ត​ទៅ​វិញ។     លោក​ Krautzunបាន​បន្ត​ទៀត​ថា៖ "ប៉ុន្តែ​បន្ទាប់​ពី​ចាក​ចេញ​ពី Dortmund អស់​រយៈ​ពេល ៣ ទៅ ៤​ខែ​មក ហើយ​នៅ​ពេល​នោះ Liverpool បាន​ធ្វើ​ការ​ទាក់​ទង​មក ខ្ញុំ​ដឹង​ថា គាត់​នឹង​មិន​រារែក​ក្នុង​ការ​ទទួល​ទេ ព្រោះ​គាត់​ចង់​ទៅ​ដឹកនាំ​ក្លឹប​កំពូល​មួយ​នៅ​អង់គ្លេស"។

  លោក Eckhard Krautzun ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្លឹប Mainz 05 បន្ទាប់ពី Jurgen Klopp ធ្លាប់​​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​ក្នុង​ឆ្នាំ ២០០១។ ៧​ ឆ្នាំ​ក្រោយ​មក Klopp បាន​ចាក​ចេញ​ទៅ​គ្រប់គ្រង​ក្លឹប Borussia Dortmund រហូត​ដល់​ឆ្នាំ​ ២០១៥។ ខែ​តុលា​ឆ្នាំ ២០១៥ លោក Klopp ត្រូវ​បាន​ក្លឹប​ហង្ស​ក្រហម Liverpool តែង​តាំង​ជា​អ្នក​ចាត់​ការ​របស់​ក្លឹប បន្ទាប់​ពី​លោក Brendan Rodger ត្រូវ​បាន​បណ្ដេញ​ចេញ។ ចំណែក​ក្លឹប​ Manchester United វិញ តាំង​ពី​លោក Alex Ferguson ចូល​និវត្តន៍​ឆ្នាំ ២០១៣ មក បាន​ដូរ​ចេញ​អ្នក​ចាត់​ការ​ចំនួន ៣ រូប​ហើយ។   Liverpool នឹង​បើក​ទ្វារ​ស្វាគមន៍​ក្លឹប Manchester United ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ៕  

ប្រភព៖ Goal   ប្រែសម្រួល៖ ហ៊ីម រស្មី