ក្រុម​បាល់ទះ​វិសាខា​ សងសឹក​ក្រុម​ខ្លាំង​ NK Fitness​ ចាស់​ដៃ​ម្សិលមិញ​នេះ​

  • 2017-10-13 09:25:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​របស់​កម្ពុជា​វិសាខា​ ប្រកួត​មិត្តភាព​លើក​ទី៤​របស់​ខ្លួន​នោះ​ គឺ​សងសឹក​លើ​ក្រុម​ខ្លាំង​ថៃ​ NK Fitness​ ៤-១​ កាល​ពី​ល្ងាច​ថ្ងៃ​ទី១២​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​សកល​វិទ្យាល័យ​ Rangsit University។​

ក្រុមវិសាខា​ កម្ពៅសាច់ដុំមុនប្រកួត

កីឡាករ​ គុណ​ ប៊ុនសាន​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ រវាង​ក្រុម​របស់​លោក​ វិសាខា​ និង​ ក្រុម​របស់​ថៃ​ NK Fitness​ ពិត​ជា​មាន​ការ​តានតឹង​បន្តិច​មែន​ ព្រោះ​ក្រុម​ទាំង​ពីរ​ជួប​គ្នា​ម្ដង​ហើយ​ ឯ​លទ្ធផល​លើក​ទី១​នោះ​ក៏​ប្រកៀកប្រកិត​គ្នា​ ដូច្នេះ​ការ​ប៉ះ​គ្នា​ម្ដង​ទៀត​នេះ​ក្រុម​និមួយៗ​ ចង់​ឈ្នះ​រៀងៗ​ខ្លួន។​ កីឡាករ​តំណែង​ Libero​ ខាង​លើ​បន្ត​ទៀត​ថា​ លោក​ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​ទាំង​មួល​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រកួត​យក​ឈ្នះ​ក្រុម​ថៃ​មួយ​នេះ​វិញ​ ព្រោះ​ NK Fitness​ ជា​ក្រុម​ខ្លាំង​របស់​ប្រទេស​ថៃ​ គេ​មាន​កីឡាករ​អាជីព​ល្អៗ​ជា​ច្រើន​ និង​ខ្លះ​ជា​លេង​ជម្រើស​ជាតិ​បាល់ទះ​របស់​ថៃ​ទៀត​ផង។​ សម្រាប់​ការ​ប្រកួត​ល្ងាច​មិញ​នេះ​ក្រុម​របស់​លោក​ពិត​ជា​លេង​សហការ​គ្នា​បាន​ល្អ​មែនទែន​ ហើយ​ពួកគេ​នឹង​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្រោយៗ​ទៀត។​

ក្រុមវិសាខា

​នៅ​ថ្ងៃ​សុក្រ​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២១០៧​ នេះ​ ក្រុម​បាល់ទះ​វិសាខា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី៥​ ដែល​ជាលើក​ចុង​ក្រោយ​ក្នុង​ដំណើរ​ប្រកួត​ផ្លាស់ប្ដូរ​បទ​ពិសោធ​នៅ​ឯ​ប្រទេស​ថៃ​ រយៈពេល​១សប្ដាហ៍​នេះ។​ ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​នឹង​ត្រូវ​តតាំង​ជា​មួយ​ក្រុម​ចំណូល​ថ្មី​ក្នុង​លីគ​កំពូល​ថៃ​ ឈ្មោះ​ Cosmo Cheing Rai​ វេលា​ម៉ោង​ ៥ល្ងាច​តទៅ​ ហើយ​ Sabay News Sport ​ នឹង​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ថៃ​មក៕​


អត្ថបទ៖ នួន ស៊ីណា​