មក​ស្វែង​យល់​​ពី AR ដែល​កំពុង​ល្បី​ខ្លាំង​ ក្នុង​ពិភព​បច្ចេកវិទ្យា​

  • 2017-10-13 07:03:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

បច្ចុប្បន្ន មាន​ការ​ជជែក​គ្នា​ច្រើន​ទាក់ទង​នឹង​បច្ចេកវិទ្យា Augmented reality ជាពិសេស​ក្រោយ​ការ​បង្ហាញ​នូវ​ទូរស័ព្ទ​ជំនាន់​ថ្មី iPhone X។ ជា​ធម្មតា យើង​និយម​ហៅថា AR ដែល​មក​ពី​ពាក្យ Augmented reality។ 

AR(Augmented reality) ធ្វើការ​បន្ថែម​នូវ​រូបភាព​​បង្កើត​ពី​កុំព្យូទ័រ​ ពី​លើ​ទិដ្ឋភាព​ជាក់ស្តែង​។ ការ​រួម​បញ្ចូល​គ្នា​រវាង​ទិដ្ឋភាព​ពិត និង​រូបភាព​បង្កើត​ពី​កុំព្យូទ័រ បាន​បង្ហាញ​នូវ​ចំនុច​វិជ្ជមាន​មួយ​ទៅ​លើ​កម្មវិធី​ពេល​អនាគត ដូចជា ហ្គេម Pokemon Go ដែល​ជា​ប្រភេទ​ហ្គេម AR ដោយ​អ្នក​អាច​ដេញ​ចាប់​បិសាច​ក្នុង​ទិដ្ឋភាព​ពិតៗ​ដែល​បង្ហាញ​លើ​អេក្រង់​ទូរស័ព្ទ​តាមរយៈ​កាមេរ៉ា​ខាងក្រោយ​។

១)តើ​អ្នក​ត្រូវការ​អ្វី​សម្រាប់​ប្រើប្រាស់ AR?

បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង Processing power (CPU របស់​ទូរស័ព្ទ​) អាច​ឲ្យ Smartphone ភាគច្រើន​អាច​ប្រើប្រាស់​បាន​ជាមួយ​នឹង 3D animation ដែល​ផ្តល់​នូវ​បទពិសោធន៍​ថ្មី និង​ហ្គេម​ប្រភេទ AR ដល់​អ្នក​ប្រើប្រាស់​។ 

ដូច្នេះ​​អ្វី​​ដែល​​អ្នក​​ត្រូវការ​​គឺ Smartphone ទំនើប​​ជាមួយ​​នឹង​​កាមេរ៉ា​​ដ៏​​ល្អ មាន​អេក្រង់​​ ​Resolution ខ្ពស់​។ វា​​ក៏​​ត្រូវការ​មាន Accelerometer ដែល​​ជា Sensor សម្រាប់​​ពិនិត្យ​​មើល​​នូវ​​បម្លាស់​ទី​​នៃ​ទីតាំង​​ទូរសព្ទ ដូច​នេះ​វា​អាច​​បន្ថែម និង​​តាម​ដាន​នូវ​​រូបភាព​​បង្កើត​ពី​កុំព្យូទ័រ​លើ​ទិដ្ឋភាព​ពិត ដោយ​អាស្រ័យ​លើ​ទីតាំង​ដែល​តម្រង់​ទៅ​។ ​

ម្យ៉ាងទៀត អ្នក​ក៏​អាច​ប្រើប្រាស់ Tablet ជា AR device ផង​ដែរ ដោយសារ Hardware មាន​លក្ខណៈ​ស្រដៀង​នឹង Smartphone ហើយ​ថែម​ទាំង​មាន​អេក្រង់​ធំ​ទៀត​។ 

ចំពោះ Laptops និង Desktop PCs ក៏​​អាច​​ប្រើប្រាស់ AR បាន​​ដែរ​​តាម​រយៈ Webcam ប៉ុន្តែ​ដោយ​ការ​កង្វះ​នៃ Motion sensor កម្មវិធី AR លើ​កុំព្យូទ័រ​នៅ​មាន​ព្រំដែន​កំណត់ ប៉ុន្តែ​អ្នក​អាច​បន្ថែម​នូវ Effect និង Animation ទៅ​លើ Video call បាន​។ 

តាម​​ពិត AR មាន​នូវ AR headsets មួយ​​ចំនួន​​ដូចជា Google Glass របស់​ក្រុមហ៊ុន Google និង​ HoloLens របស់​​ក្រុមហ៊ុន Microsoft ជា​ដើម ដោយ​​វា​​បន្ថែម​​នូ​វ​រូបភាព ឬ​អក្សរ ឬ​រូប 3D ភ្ជាប់​នឹង​​ទិដ្ឋភាព​ពិត​ប្រាកដ​។

២) តើ Augmented reality មាន​ដំណើរការ​យ៉ាង​ដូចម្តេច​?

ចុច​អាន​​៖ ដំណើរ​ការ​របស់ AR នៅ​លើ​ក្រដាស​ប្រាក់​រៀល​ខ្មែរ​

ក្នុង​បច្ចេកវិទ្យា AR ចំនុច Reality ត្រូវ​បាន​ចាប់​យក​ដោយ​កាមេរ៉ា បន្ទាប់​មក​បង្ហាញ​លើ​អេក្រង់​ ឯ​កាមេរ៉ា និង​អេក្រង់​កាន់​តែ​ល្អ រូបភាព​កាន់​តែ​ដូច​ជាក់​ស្តែង​។ 

ទម្រង់​ផ្សេង​ទៀត​នៃ AR គឺ​ប្រើប្រាស់​នូវ Mini projector ដើម្បី​បន្ថែម​នូវ​អក្សរ និង​រូបភាព​បង្កើត​ពី​កុំព្យូទ័រ ទៅ​លើ​ទិដ្ឋភាព​ពិតៗ ដោយ​ផ្ទាល់ ឬ​លើ​កញ្ចក់​អេក្រង់​ដែល​ថ្លា​។ 

ផ្នែក Augmented គឺ​សំដៅ​លើ​ការ​បន្ថែម​នូវ​រូបភាព​បង្កើត​ពី​កុំព្យូទ័រ (CGI) ទៅ​កាន់​ទិដ្ឋភាព​ពិត​ដែល​អ្នក​បាន​ឃើញ​។ CGI objects (ឧទាហរណ៍ តួអង្គ​បិសាច​) បាន​បង្កើត​ដោយ CPU និង GPU នៃ AR device។ Smartphone និង Tablet ទំនើបៗ​បច្ចុប្បន្ន​មាន​នូវ Hardware ដែល​អាច​បង្កើត​នូវ​រូបភាព​ទាំង​នោះ​បាន​។

AR headset អាច​មាន​នូវ Hardware ក្នុង​នោះ​ដើម្បី​បង្កើត​នូវ CGI objects ឬ​វា​ត្រូវការ​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ (ឬ​ទូរស័ព្ទ​) ក្នុង​ការ​បង្កើត​នូវ​រូបភាព​ទាំង​នោះ​។ AR headsets ដែល​ត្រូវការ​ភ្ជាប់​នឹង​ឧបករណ៍​ផ្សេង​ មាន​លក្ខណៈ​ធូរ​ថ្លៃ និង​តូច ប៉ុន្តែ​ការ​បម្លាស់ទី​មាន​កំណត់ ដោយសារ​តម្រូវ​ការ Device ដាច់​ដោយ​លែក​។

Objects (ឧទាហរណ៍ តួអង្គ​បិសាច​) ដែល​អ្នក​បាន​ឃើញ​ក្នុង AR អាច​គ្រប់គ្រង និង​មាន​សកម្មភាព​ជាមួយ តាម​វិធី​ផ្សេងៗ ដូចជា សំឡេង ឬ Motion control, handheld controller ឬ​ដោយ​ការ​បម្លាស់ទី​នៃ AR device ប្រសិនបើ​វា​មាន Motion sensors។ 

AR មាន​នៅ​លើ Snapchat

Snapchat ក៏​ប្រើប្រាស់​នូវ Augmented reality ផង​ដែរ ដោយ​ប្រើប្រាស់​នូវ​កាមេរ៉ា​មុខ ក្នុង​ការ​បន្ថែម​នូវ AR effects ទៅ​លើ​រូបភាព​ដែល​អ្នក​ថត​លក្ខណៈ Selfies ដូច្នេះ​អ្នក​អាច​បន្ថែម​នូវ Effects ដែល​ផ្លាស់ប្ដូរ​លក្ខណៈ​រូបរាង​អ្នក​ពេល​ថត រួច​អ្នក​អាច​ចែក​រំលែក​វីដេអូ ឬ​រូបភាព​ដោយ​ Enable (បើក​ដំណើរការ​) នូវ Effects ទៅ​កាន់​មិត្តភក្ដិ​បាន​។ លក្ខណៈ​សម្បត្តិ​មួយ​ទៀត​របស់ AR គឺ​មិន​ត្រូវការ​នូវ Headset (ឧបករណ៍​បន្ថែម) នោះ​ទេ​ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។

ជាពិសេស​ក្រុមហ៊ុន​ធំៗ ដូចជា Apple, Google, Microsoft, Dell និង Acer មាន​ទស្សនវិស័យ​ផ្សេងៗ​លើ​ទម្រង់​នៃ AR ដែល​នឹង​អាច​មាន​អ្វី​ចាប់​អារម្មណ៍​ថ្មី​នា​ពេល​អនាគត​​៕

ចុច​អាន​បន្ត​៖


ប្រភព៖ Techradar ប្រែសម្រួល៖ ប៊ុន ធឿន