មកស្គាល់កំណត់ត្រាពិភពលោក ចម្លែកបំផុតទាំង១០ ដែលអ្នកមិនគួរបំបែក

  • 2017-10-13 07:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កំណត់ត្រា​ពិភពលោក ជាង ៤០ ០០០ នៅ​ក្នុង​សៀវភៅ​កំណត់ត្រា Guinness World Records មាន​កំណត់ត្រា​ជាច្រើន ពិត​ជា​គួរ​ឲ្យ​កោតសរសើរ និង​បំផុស​គំនិត​អ្នក​ដទៃ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា កំណត់ត្រា​ពិភពលោក​មួយ​ចំនួន គឺ​ពិត​ជា​ចម្លែក រហូត​ធ្វើ​ឲ្យ​អ្នក​ងឿងឆ្ងល់ និង​ភ័យខ្លាច​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​កំណត់ត្រា​ពិភពលោក ចម្លែក​បំផុត​ទាំង ១០ ដែល​អ្នក​មិន​គួរ​ព្យាយាម​បំបែក​ឡើយ៖

#១ ប្រើ​ក្បាល​បំបែក​បង្គន់​ច្រើន​បំផុត ក្នុង​រយៈពេល​១នាទី

ជនជាតិ​អាមេរិក ឈ្មោះ Kevin Shelley បាន​ប្រើ​ក្បាល​បំបែក​បង្គន់ រហូត​ដល់​ទៅ ៤៦គ្រឿង ក្នុង​រយៈពេល​១នាទី។ កំណត់ត្រា​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០០៧ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

#២ ញាត់​ទុយយោ​ចូល​ក្នុង​មាត់​ច្រើន​បំផុត

កំណត់ត្រា​ញាត់​ទុយយោ​ចូល​ក្នុង​មាត់​ច្រើន​បំផុត រហូត​ដល់​ទៅ ៤៩៦ដើម។ កំណត់ត្រា​ដ៏​ចម្លែក​នេះ​បាន​ធ្វើ​ឡើង​ដោយ Guinness Rishi នៅ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ២០១១។ Rishi បាន​ដក​ធ្មេញ​ចេញ​ទាំង​អស់ ដើម្បី​បង្កើត​កំណត់ត្រា​នេះ​ឡើង។

#៣ ប្រើ​រន្ធ​ភ្នែក​លើក​របស់​ធ្ងន់​បំផុត

ការ​ប្រើ​រន្ធ​ភ្នែក​លើក​របស់​ធ្ងន់​បំផុត រហូត​ដល់​ទៅ ១៦,២គីឡូក្រាម ត្រូវ​បាន​ធ្វើ​ឡើង​ដោយ Manjit Singh នៅ​ក្នុង​ទីក្រុង Leicester ចក្រភពអង់គ្លេស កាល​ពី​ឆ្នាំ២០១៣។

#៤ ឲ្យ​សត្វ​ឃ្មុំ​រោម​ខ្លួន​ធ្ងន់​បំផុត

កាល​ពី​ឆ្នាំ២០១៦ បុរស​ជនជាតិ​ចិន​ដ៏​ក្លាហាន ឈ្មោះ Ruan Liangming បាន​ឲ្យ​សត្វ​ឃ្មុំ​រហូត​ដល់​ទៅ ៦៣,៧គីឡូក្រាម សរុប​ចំនួន ៦៣៧ ០០០ក្បាល រោម​ពេញ​ខ្លួន។

#៥ មនុស្ស​ប្រជ្រៀត​គ្នា​ចូល​រថយន្ត​ច្រើន​បំផុត

កាល​ពី​ឆ្នាំ២០១៥ សិស្ស​មក​ពី​សកលវិទ្យាល័យ Siberian Federal University ក្នុង​ទីក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី ចំនួន​៤១នាក់ បាន​បំបែក​កំណត់ត្រា​ប្រជ្រៀត​គ្នា​ចូល​ក្នុង​រថយន្ត ម៉ាក Toyota Rav4 មួយ​គ្រឿង។

#៦ ប្រើ​ភ្លៅ​បំបែក​ឪឡឹក​៣ផ្លែ ដោយ​ប្រើ​ពេល​លឿន​បំផុត

កាល​ពី​ឆ្នាំ២០១៥ ស្ត្រី​ឈ្មោះ Olga Liaschuk មក​ពី​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ប្រើ​ភ្លៅ​បំបែក​ឪឡឹក ៣ផ្លែ ក្នុង​រយៈពេល​ត្រឹមតែ ១៤វិនាទី​ប៉ុណ្ណោះ។

#៧ ភើ​ឮ​បំផុត

បុរស​ឈ្មោះ Paul Hunn មក​ពី​ចក្រភព​អង់គ្លេស បាន​បំបែក​កំណត់ត្រា​ពិភពលោក ភើ​ឮ​បំផុត (១០៩,៩ dB) កាល​ពី​ឆ្នាំ២០០៩។

#៨ ទទួល​ទាន​សត្វ​កន្លាត​ច្រើន​បំផុត ក្នុង​រយៈពេល​១នាទី

កាល​ពី​ឆ្នាំ២០០១ អ្នក​ចាប់​សត្វ​កណ្ដុរ​ចូលនិវត្តន៍​ម្នាក់ មាន​ឈ្មោះ​ថា Ken Edwards មក​ពី​ចក្រភព​អង់គ្លេស បាន​បំបែក​កំណត់ត្រា​ទទួល​ទាន​សត្វ​កន្លាត ចំនួន​៣៦ក្បាល ក្នុង​រយៈពេល​១នាទី។

#៩ ហិត​ជើង និង​ក្លៀក​ច្រើន​បំផុត

បុគ្គលិក​មន្ទីរ​ពិសោធន៍​ម្នាក់ មាន​ឈ្មោះ​ថា Madeline Albrecht ជា​ម្ចាស់​កំណត់ត្រា​ពិភពលោក ដ៏​គួរ​ឲ្យ​ខ្ពើម​បំផុត​មួយ។ ក្នុងរយៈពេល ១៥ឆ្នាំ​នៃ​ការងារ​របស់​នាង នៅ​ឯ​មន្ទីរ​ពិសោធន៍ Hill Top Research Laboratories ក្នុង​ទីក្រុង Cincinatti រដ្ឋ Ohio សហរដ្ឋអាមេរិក នាង​បាន​ហិត​ជើង ចំនួន ៥ ៦០០ និង ក្លៀក​ច្រើន​រហូត​មិន​អាច​រាប់​អស់។

#១០ ដាក់​សត្វ​ខ្យាដំរី​ធំ​បំផុត​ក្នុង​មាត់​យូរ​បំផុត

កាល​ពី​ឆ្នាំ២០០០ បុរស​ជនជាតិ​អាមេរិក ឈ្មោះ Dean Sheldon បាន​ដាក់​សត្វ​ខ្យាដំរី​ដ៏​ធំ ដែល​មាន​ទំហំ ១៧,៧៨សង់ទីម៉ែត្រ នៅ​ក្នុង​មាត់​រយៈពេល ១៨វិនាទី៕

ចុច​អាន៖

ប្រភព៖ list25   ប្រែ​សម្រួល៖ សេង ឡុង