Tesla ​ប្រមូល​រថយន្ត​ Model X ​ជាង​១​ម៉ឺន​គ្រឿង​មក​វិញ​ក្រោយ​រក​ឃើញ​បញ្ហា​កៅអី​អង្គុយ​

  • 2017-10-13 12:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Tesla ​កំពុង​ប្រមូល​រថយន្ត​អគ្គិសនី​ Model X ​ប្រភេទ​ SUV ​ចំនួន​ ១១ ០០០ គ្រឿង​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ចូល​រោងចក្រ​វិញ​ដោយ​សារ​កំហុស​បច្ចេកទេស​ចាក់​សោ​ប្រព័ន្ធ​ក្នុង​កៅអី​អង្គុយ​ក្រោយ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​កៅអី​ធ្លាក់​ទៅ​មុខ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​។

ក្រុមហ៊ុន​Tesla ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្សែ​ភ្លើង​មួយ​ចំនួន​ក្នុង​កៅអី​អង្គុយ​បត់​ជួរ​ទី​២​នៃ​រថយន្ត​ Model X ​ដែល​ផលិត​នៅ​ចន្លោះ​ថ្ងៃ​ទី​ ២៨ តុលា​ ២០១៦ ​និង​ថ្ងៃ​ទី​ ១៦ ​សីហា​ ២០១៧ ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ដើម្បី​បញ្ចប់​បញ្ហា​។ ក្រុមហ៊ុន​ដែល​ដឹក​នាំ​ដោយ​មហាសេដ្ឋី​បច្ចេកវិទ្យា​ Elon Musk ​ឱ្យ​ដឹង​ថា​ ៣%​នៃ​រថយន្ត​ដែល​បាន​ហៅ​មក​វិញ​អាច​មាន​បញ្ហា​ដែល​ត្រូវ​បាន​រកឃើញ​អំឡុង​ពេល​តេស្ត​ប្រព័ន្ធ​គ្រឿង​រថយន្ត​ ។ ក្រុមហ៊ុន Tesla ​មិន​បាន​ទទួល​របាយការណ៍​នៃ​បញ្ហា​ណា​មួយ​ឬ​ហេតុការណ័​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​កៅអី​នេះ​ទេ​។ ក្រុមហ៊ុន​ Tesla មាន​មូលដ្ឋាន​នៅ ក្រុង Palo Alto ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ប្រមូល​រថយន្ត​ Model X ​ចំនួន​ ២ ៧០០ ​គ្រឿង​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ខែ​មេសា​ឆ្នាំ​ ២០១៦ ដោយ​សារ​កំហុស​បច្ចេកទេស​ចាក់​សោ​ប្រព័ន្ធ​ក្នុង​កៅអី​ជួរ​ទី​៣​ក្នុង​រថយន្ត​។

ក្រុមហ៊ុន​បាន​ប្រមូល​រថយន្ត​អគ្គិសនី​ Model S ​ប្រភេទ​ sedan ​ចំនួន​ ៩០ ០០០ ​គ្រឿង​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៥ ​លើ​កំហុស​អាច​កើត​មាន​ក្នុង​ការ​ដំឡើង​ខ្សែក្រវាត់​សុវត្ថិភាព​រថយន្ត​ និង​បាន​ប្រមូល​ម៉ូដែល​ដដែល​នេះ​ចំនួន​ ២៩ ២២២ ​គ្រឿង​ក្នុង​ឆ្នាំ​ ២០១៤ ​កំហុស​បច្ចេកទេស​ឆ្នាំង​សាក​ដែល​អាច​បង្ក​ផ្កា​ភ្លើង​៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ Samedy

អត្ថបទពេញនិយម