កំណត់ត្រា​សំខាន់ៗ៧ Zidane សម្រេច​បាន​ នៅ​ពេល​ដឹកនាំ Real Madrid

  • 2017-10-13 13:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ជាមួយ​ក្លឹប Getafe គឺ​ជា​ការ​ប្រកួត​លើក​ទី ១០០ របស់​លោក Zinedine Zidane ក្នុង​ឋានៈ​ជា​គ្រូ​បង្វឹក​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid អត្ថបទ​មួយ​នេះ​នឹង​លើក​យក​ពី​កំណត់​ត្រា​សំខាន់ៗ ចំនួន ៧ លោក Zidane សម្រេច​បាន​ក្នុង​អំឡុង​ពេល​ដឹកនាំ​ Real Madrid កន្លង​មក​នេះ​ ដែល​មាន​ដូច​ត​ទៅ៖

១. Zidane ជា​គ្រូ​បង្វឹក​ក្លឹប Real Madrid ដំបូង​បង្អស់​ដែល​មិន​ស្គាល់​ទេ ពាក្យ​ចាញ់​ក្នុង​ជំនួប El Clasico (Real Madrid vs Barcelona) បី​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ទឹក​ដី Camp Nou របស់​ក្លឹប Barcelona។ (ឈ្នះ ២​ដង និង​ស្មើ ១​ដង)

២. លោក គឺ​ជា​មនុស្ស​ដំបូង​បង្អស់​លើ​លោក ដែល​ឈ្នះ​ពាន​ Intercontinental Cup និង FIFA Club World Cup នៅ​ពេល​ខ្លួន​ជា​កីឡាករ​ និង​ពេល​ក្លាយ​ជា​គ្រូ​បង្វឹក​ Real Madrid ។

៣.Zinedine Zidane បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ដើម្បី​ដណ្ដើម​ពានUEFA Super Cup ​ទាំង​អស់​ដែល​ខ្លួន​បាន​លេង​ក្នុង​នាម​ជា​កីឡាករ ឬ​ដឹកនាំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក។ (ឈ្នះ​នៅ​ពេល​លេង​ជា​កីឡាករ ក្នុង​ឆ្នាំ ១៩៩៦ ជាមួយ Juventus និង ឆ្នាំ​២០០២ ជាមួយ Real Madrid ខណៈ​ឈ្នះ​នៅ​ពេល​ដឹកនាំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក ក្នុង​ឆ្នាំ ២០១៦ និង​២០១៧ ជាមួយ Real Madrid)

៤. លោក​ជា​គ្រូ​បង្វឹក​ទី ២ ដែល​អាច​ឈ្នះ​ពាន UEFA Super Cup ពីរ​រដូវ​កាល​ជាប់​គ្នា។ (ឯ​គ្រួ​បង្វឹក​​​ដំបូង​គឺ លោក Arrigo Sacchi ដែល​ឈ្នះ​ពាន​នេះ​ក្នុង​ឆ្នាំ ១៩៨៩ និង ១៩៩០ ជាមួយ​ក្លឹប AC Milan)

៥. ក្លឹប​ Real Madrid ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក Zidane បាន​ក្លាយ​ជា​ក្លឹប​​ដែល​ស៊ុត​ចូល​ក្នុង​ចំនួន​ប្រកួត​ដ៏​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អឺរ៉ុប។ (ចំនួន ៧៣​ប្រកួត)

៦. Zidane គឺ​ជា​គ្រូ​បង្វឹក Real Madrid ទី ៣​ប៉ុណ្ណោះ ដែល​អាច​ដឹក​នាំ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ចំនួន ២​រដូវ​កាល​ជាប់​គ្នា។

៧. Real Madrid ក្រោម​ការ​ដឹក​នាំ​របស់ Zidane ជា​ក្លឹប​ដែល​លេង​មិន​ស្គាល់​ភាព​ចាញ់ បាន​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​បាល់ទាត់​កំពូល​អេស្ប៉ាញ (ចំនួន ៤០​ប្រកួត)៕

ប្រភព៖ Foxnews   ប្រែសម្រួល៖⁣ ហ៉ីម⁣⁣ រស្មី