អ្នកចាត់ការ Barcelona ​មិន​ទុក Messi ​ឱ្យ​សម្រាក​សិន​ទេ

  • 2017-10-14 03:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មិន​ទុក​ឱ្យ​កីឡាករ Lionel Messi ​សម្រាក​សិន​នោះ​ទេ បើ​ទោះ​ជា​រូបគេ​ទើបតែ​ត្រលប់​មក​ពី​លេង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ក៏​ដោយ។

Messi ​រក​បាន​៣​គ្រាប់​ក្នុង​ប្រកួត​ជម្រុះ World Cup ​ចុង​ក្រោយ ​ធ្វើ​ឱ្យ​ក្រុម​អាហ្សង់ទីន​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​រុស្ស៊ី។ បើ​ទោះ​ជា​គេ​ខិតខំ​ប្រឹង​លេង​ខ្លាំង​យ៉ាង​នេះ​ក្ដី ​កីឡាករ​ស៊ុត​បច្ចេកទេស​ម្នាក់​នេះ​នឹង​ត្រូវ​ចូល​លេង​បន្ដ​ទៀត​ឱ្យ​ក្រុម​អាជីព Barcelona ​ក្នុង​ន័យ​យក​៣​ពិន្ទុ​ពី​ក្រុម Atletico Madrid ​នៅ​យប់​នេះ។

លោក Valverde ​បាន​និយាយ​ដូច្នេះ​ថា​៖ “Messi ​អាច​លេង​បាន​នៅ​យប់​នេះ រូបគេ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ដឹង​ថា​កីឡាករ​របស់​យើង​មិន​មាន​របួស​ពេល​ត្រលប់​មក​ពី​ជួយ​ជម្រើស​ជាតិ​វិញ។ Messi ​តែងតែ​អាច​ចូល​លេង​បាន​ជា​និច្ច​ក្នុង​ការ​ប្រកួត​សំខាន់ ​សម្រាប់​យើង។ យើង​នៅ​មាន​រដូវ​កាល​វែង​ឆ្ងាយ​ទៀត ដូច្នេះ​វា​ពិត​ជា​ល្អ ប្រសិន​បើ​គេ​អាច​ចូល​លេង​បាន”។

ក្រុម Barcelona ​នឹង​ត្រូវ​លេង​តទល់​ជាមួយ​ក្រុម Atletico Madrid ​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ នៅ​កីឡដ្ឋាន​ថ្មី​របស់​ AT Madrid ​តែ​ម្ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ