វិសាខា​កំពុង​ឆ្ពោះ​ទៅ​រក​ភាព​ខ្លាំង​​លើ​​ផ្នែក​កីឡា​ជា​ច្រើន​ដែល​អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​​

  • 2017-10-16 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«វិសាខា»​ជា​ឈ្មោះ​​ទើប​លេខ​មុខ​​ថ្មី​ក្នុង​ពិភព​កីឡា​កម្ពុជា​​ប្រហែល​ជា​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​​បង្កើត​​​ក្រុម​​ជា​ច្រើន​ផ្នែក​ដែល​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​​ក្នុង​ការ​អភិវឌ្ឍ​កីឡា​នៅ​ស្រុក​ខ្មែរ។

ក្រុម​បាល់ទះ​វិសាខា​ឈ្នះ​ជើង​ឯក​ LEO Cup International Volleyball 2017​

ក្រុម​វិសាខា​ឈ្នះ​ពាន LEO Cup International

​ដើម​ឡើយ​​ដើម្បី​អ្នក​គាំទ្រ​​កីឡា​កម្ពុជា​​​បាន​ឃើញ​ក្រុម​បាល់ទះ​វិសាខា​ចូល​រួម​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​​ និង​បាន​ក្លាយ​ជា​ក្រុម​បាល់ទះ​ខ្លាំង​មួយ​នៅ​ស្រុក​ខ្មែរ​ បើ​ប្រៀបធៀប​នឹង​ក្រុម​ក្រសួង​មហាផ្ទៃ​ ក្រុម​ខេត្ត​កំពង់ចាម និង​កង​ពល​ធំ​​អន្តរ​លេខ​៣​ជា​ដើម។ កាល​ពី​ខែ​ឧសភា​ កន្លង​ទៅ ក្រុម​បាល់ទះ​ ​ក្រុម​បាល់ទះ​ វិសាខា​បាន​​ឈ្នះ​ជើង​ឯក​ LEO Cup International Volleyball 2017 ជា​មួយ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក​។

តាម​រយៈ​ការ​បង្កើត​ក្រុម​ធំ​ដ៏​រឹង​មាំ​មួយ​នេះ​ ថ្នាក់​ដឹក​នាំ​វិសាខា​បាន​បង្កើត​​ទី​លាន​ហ្វឹកហាត់​បាល់ទះ​ផ្ទាល់​ខ្លួន​មួយ​កន្លែង​ស្ថិត​នៅ​ទួលគោក។ ទី​កន្លែង​ហ្វឹកហាត់​នេះ​មាន​លក្ខណៈ​ប្រសើរ​ដែល​អាច​និយាយ​បាន​ថា​ ស្ទើរ​ល្អ​ជាង​ក្រុម​បាល់ទះ​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា។

ក្រុម​វិសាខា​ទៅ​ប្រកួត​មិត្តភាព​នៅ​ថៃ

ក្រុម​យុវជន​បាល់ទះ​វិសាខា​

ទន្ទឹម​ជា​មួយ​នឹង​​មាន​ទី​លាន​ផ្ទាល់​ខ្លួន​នេះ​ ថ្នាល​យុវជន​បាល់ទះ​វិសាខា​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ក្រុម​វិសាខា​នា​ពេល​អនាគត។ ក្រុម​ថ្នាល​យុវជន​នេះ​ក៏​ជា​អាច​ជា​​អនាគត​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។

បាល់ទាត់​ឈ្នះ​ជើង​ឯក​លីគ​​កម្ពុជា​ទី​២​

បន្ទាប់​ឃើញ​ក្រុម​បាល់ទះ​វិសាខា​លេច​មុខ​លេង​ក្រប​ខណ្ឌ​បាល់ទះ​កំពូល​កម្ពុជា​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ក៏​មាន​ក្រុម​បាល់ទាត់​វិសាខា​​លេខ​មុខ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​បាល់ទាត់​កម្ពុជា​លំដាប់​ទី​២។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ទាំង​ពីរ​ជើង​ ក្រុម​វិសាខា​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​លំដាប់​ទី​២​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​​៣០​លាន​រៀល​ និង​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា​តែ​ម្តង​នា​រដូវ​កាល​២០១៨​ខាង​មុខ​នេះ។

ក្រុម​វិសាខា​ឈ្នះ​ជើងឯក​លីគ​កកម្ពុជា​ទី​២

លោក ហុក សុចិត្រា គ្រូ​បង្វឹក​ម្នាក់​នៅ​វិសាខា​បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​​កម្រិត​សមត្ថភាព​របស់​ក្រុម​វិសាខា​​មាន​កម្រិត​នៅ​ឡើយ​ បើ​ប្រៀបធៀប​នឹង​បាល់ទាត់​ក្នុង​ស្រុក​ផ្សេង​ៗ​ទៀត។ ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​លីគ​ទី​២​កន្លង​ទៅ​នេះ​ វិសាខា​ប្រើ​ប្រាស់​កីឡាករ​​កម្ពុជា​ចាស់​ៗ​មួយ​ចំនួន​ និង​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន។

ក្រុម​យុវជន​បាល់ទាត់​វិសាខា

អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ឆ្នើម​ ហុក សុចិត្រា​ បាន​ឲ្យ​ដឹង​​ថា​ ​នា​ពេល​ខាង​មុខ​​នេះ​ ​វិសាខា​​នឹង​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​បាល់ទាត់​​ទៀត​ ដូច្នេះ​វិសាខា​នឹង​មាន​ក្រុម​ធំ​ និង​ក្រុម​យុវជន។​ ​ ក្រុម​បាល់ទាត់​ហ្វូត​សាល​ឈ្នះ​ជើង​ឯក​ជាតិ​ CLEAR ឆ្នាំ​២០១៧​

ថ្វី​បើ​ក្រុម​កម្ចាយ​មារ​​ជា​ក្រុម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​ខេត្ត​ព្រៃវែង​ ប៉ុន្តែ​បើ​ពិនិត្យ​មែន​ទែន​ទៅ​ក៏​ជា​ក្រុម​របស់​វិសាខា​ដែរ​ ពី​ព្រោះ​​ក្រុម​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ឯកឧត្តម​ សរ សុខា​ ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​វិសាខា។

ក្រុម​កម្ចាយ​មារ​ឈ្នះ​ជើងឯកហ្វូត​សាល​ជាតិ

ក្រុម​កម្ចាយ​មារ​ទើប​ឈ្នះ​ជើង​ឯក​ជាតិ​ហ្វូត​សាល​ក្លៀរ CLEAR National Futsal Cup 2017 ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល។​ ក្រុម​នេះ​ក៏​ត្រូវ​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ដូច​ជា​ AFF Futsal Club Championship ​ ជា​ដើម។

កីឡដ្ឋាន​វិសាខា​

ដោយ​សារ​​ក្រុម​បាល់ទាត់​វិសាខា​ឈ្មោះ​លេង​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​នៅ​រដូវ​កាល​២០១៨​ខាង​មុខ​ ក្រុម​នេះ​ក៏​កំពុង​រៀប​ចំ​បង្កើត​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​លក្ខណៈ​ក្នុង​ផ្ទះ​ និង​ក្រៅ​ផ្ទះ។ លោក ហុក សុចិត្រា​បាន​ឲ្យ​ដឹង​ថា ឥឡូវ​​នេះ​ថ្នាក់​ដឹក​នាំ​វិសាខា​កំពុង​រៀប​ចំ​ផែន​ការ​ហើយ។ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​អាច​ថា​យឹត​បន្តិច ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៩​នឹង​មាន​កីឡដ្ឋាន​លេង​១០០​%​នៅ​ខេត្ត​ព្រៃវែង។ លោក​បញ្ជាក់​ថា ប្រហែល​ជា​​ចុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​នឹង​ចាប់​ផ្តើម​កសាង​ហើយ​ដោយ​ប្រើ​ស្មៅ​ធម្មជាតិ​ និង​កម្រិត​ស្តង់ដារ​តែ​ម្តង៕​ ​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម