មកដឹងតម្លៃ Huawei Mate 10 ប្រកាសចេញយប់មិញ
- 2017-10-17 02:36:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ Huawei Mate 10 ប្រកាសចេញយប់មិញ
ចន្លោះមិនឃើញ
កាលពីយប់ម្សិលមិញក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូន Mate 10 និង Mate 10 Pro ដែលនឹងជាគូប្រជែងដ៏ខ្លាំងក្លារបស់ iPhone X និង Galaxy Note 8។
មើលលើរូបរាងខាងក្រៅស្មាតហ្វូនទាំងពីរម៉ូដែលនេះមានលក្ខណៈស្រដៀងគ្នាមែនទែន។ Mate 10 មានកម្រាស់ក្រាស់ជាង និងមានរូបរាងខ្លីជាងដោយមានបំពាក់អេក្រង់ ៥,៩ អ៊ីញ កម្រិត 2560 x 1440។ ចំណែក Mate 10 Pro មានរូបរាងស្ដើង ទ្រវែង មានអេក្រង់ OLED ប្រភេទ FullViewទំហំ ៦ អ៊ីញ និងមាន Resolution 2160 x 1080។
នៅខាងក្រោមអេក្រង់មានទ្រនាប់ស្កេនខ្ចៅដៃសម្រាប់ម៉ូដែល Mate 10 និងមានជារូបឡូហ្គោ Huawei សម្រាប់ម៉ូដែល Mate 10 Pro។ Mate 10 ក៏មានទ្រនាប់ស្កេនខ្ចៅដៃដែរ ដោយមានបំពាក់នៅផ្នែកខាងក្រោយជំនួសវិញ។
Mate 10 ក៏មានមុខងារមួយចំនួនដែល Mate 10 Pro មិនមាន ដូចជារន្ធដោតកាស 3.5 mm និងរន្ធដោតកាត MicroSD។ Huawei មិនបានបកស្រាយឡើយថាហេតុអ្វីបានជា Mate 10 Pro មិនមានចំណុចពីរនេះ។
ប្រព័ន្ធកាមេរ៉ាភ្លោះលើ Mate 10 និង Mate 10 Pro ដូចជាមាននៅលើម៉ូដែល P10 ដែរ ដោយមានកាមេរ៉ាពណ៌ទំហំ ១២ MP និងកាមេរ៉ាស-ខ្មៅ ទំហំ ២០ MP ហើយមានតែកាមេរ៉ាពណ៌ប៉ុណ្ណោះដែលមានមុខងាររក្សាលំនឹង OIS។ អ្វីដែលថ្មីនោះគឺ កាមេរ៉ារបស់ស្មាតហ្វូនទាំងពីរនេះមាន Aperture ទំហំត្រឹម f/1.6 ដូចជា LG V30 ដែលនេះជាទំហំតូចជាងគេក្នុងចំណោមស្មាតហ្វូននាពេលបច្ចុប្បន្ន។ កាមេរ៉ាខាងមុខក៏មិនមានអ្វីខុសប្លែកពីមុនដែរ ដោយមានទំហំ ៨ MP។
ចំណុចខុសគ្នារវាង Mate 10 និង Mate 10 Pro មិនមែនតែនៅខាងក្រៅនោះទេ។ ស្មាតហ្វូនទាំងពីរបំពាក់បន្ទះឈីប Kirin 970 ជាមួយ RAM ទំហំ ៤ GB និងអង្គផ្ទុកទិន្នន័យ ៦៤ GB។ ម៉ូដែល Pro ក៏មានមួយជម្រើសទៀត ដែលមាន RAM ទំហំ ៦ GB និងអង្គផ្ទុក ១២៨ GB។
ថ្មរបស់ត្រកូល Mate ទាំងពីរនេះមានទំហំ ៤០០០ mAh សាកត្រឹមតែ ៣០ នាទីបាន ៥៨% ហើយមិនមានមុខងារសាកថ្មឥតប្រើខ្សែនោះទេ។ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo នឹងមានដំឡើងមកស្រាប់លើស្មាតហ្វូនទាំងពីរ។
Mate 10 នឹងមានលក់លើទីផ្សារបរទេសចាប់ពីចុងខែតុលា ក្នុងតម្លៃ ៦៩៩ អឺរ៉ូ (ប្រមាណ ៨២៣ ដុល្លារ)។ ចំណែក Mate 10 Pro នឹងចេញលក់នៅពាក់កណ្ដាលខែវិច្ឆិកា ក្នុងតម្លៃ ៧៩៩ អឺរ៉ូ (ប្រមាណ ៩៤១ ដុល្លារ) សម្រាប់ប្រភេទ RAM ទំហំ ៦ GB៕