​វិមាន​សន្តិភាព​ មាន​យុវជនជា​មគ្គទេសក៍​សម្រាប់​អ្នក​ចូលទស្សនា

  • 2017-10-18 01:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ អ៊ាន ម៉ានិត ​ជានិស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​កំពុង​សិក្សាឆ្នាំ​ទី៣ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​។ ​ក្រៅពី​ការសិក្សា​ ម៉ានិត ​បានចំណាយ​ពេលទៅ​លើការងារ​ស្ម័គ្រចិត្តឲ្យស្រប​តាមមុខវិជ្ជា​ដែល​ខ្លួន​រៀន ខណៈ​ដែល​ម៉ានិត​ក៏មានការងារ​ជាជំនួយការ​នៅក្នុង​ស្ថាប័ន​រដ្ឋមួយ​ផងដែរ​។

(កញ្ញា អ៊ាន ម៉ានិត ឈរនៅខាងស្ដាំដៃ)

យុវតី ​ ម៉ានិត ​បានរៀបរាប់​ពីបទ​ពិសោធន៍​ចូល​បម្រើការងារ​ស្ម័គ្រចិត្តជាមុគ្គទេសក៍​​នាំសាធារណជន​ចូល​ទស្សនកិច្ច​ វិមានសន្តិភាព​ ដែល​ជាគម្រោង​របស់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​(សសយក)​ ។ ម៉ានិត​ និយាយ​ថាៈ « ការងារ​នេះ ​ខ្ញុំមិន​ទទួលបាន​កម្រៃអ្វី​ឡើយ​ ​តែខ្ញុំពេញចិត្ត​និង​ស្រលាញ់​ការងារ​នេះ ព្រោះវា​ត្រូវនឹង​ជំនាញដែល​ខ្ញុំ​កំពុង​រៀន​»។

ម៉ានិត បន្តថាៈ «​នៅពេល​ដែល​ខ្ញុំចូល​បម្រើការ​ដំបូង​ ខ្ញុំ​ត្រូវ​បាន​សិស្សច្បង​នៃ​ក្រុម​កាងារ​ បង្វឹក​រយៈពេលកន្លះខែ ឲ្យ​ខ្ញុំក្លាហាន​ ហ៊ាន​និយាយ​ ហើយ​ខ្ញុំទទួល​បាន​ចំណេះដឹង​ជាច្រើន​ ពាក់ព័ន្ធ​នឹង​ការងារ​មុគ្គទេសក៍ណែ​នាំ​សាធារណជន​នដឹងពី​វិមាន​សន្តិភាព​។ ​ជាពិសេស​នោះ ខ្លួនខ្ញុំផ្ទាល់ ​ទទួល​ចំណេះ​ដឹង​ពីរបៀបវារៈ​នៃការ​ទទួល​ភ្ញៀវ​លំដាប់​អន្តរជាតិ​នៅវិមានសន្តិភាព​នេះថែម​ទៀត»។

លោក​ វ៉ា ណារិទ្ធ ​អ្នកសម្របសម្រួល​នៃគម្រោង​កម្មវិធី​ទស្សនកិច្ច​​វិមាន​សន្តិភាព បានឲ្យដឹងថា​ គម្រោងនេះ បាន​បង្កើតឡើងនៅថ្ងៃទី ១៩ តុលា ឆ្នាំ ២០១៦ ពោលគឺ​​​ជិតមួយ​ឆ្នាំហើយ ​ក្រោមការ​គាំទ្ររបស់​ប្រមុខរដ្ឋា​ភិបាល​។ ​គម្រោងនេះ​បាន​ទទួល​និស្សិត​ឲ្យធ្វើការស្ម័គ្រ​ប្រមាណ​ ២០នាក់ក្នុង​មួយឆ្នាំ​ៗ។ ​គោល​បំណង​សំខាន់​នៃ​កម្មវិធី ដែល​រៀប​ចំ​ដោយ សហភាពសហព័ន្ធ​យុវជន​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី ផ្ដល់​ឱកាស​ឲ្យ​យុវជន និង​សាធារណជន​ទូទៅ​ស្វែង​យល់ អំពី​មុខងារ និង​ការ​ប្រើប្រាស់ វិមាន​សន្តិភាព និងទី២ បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ប្រជាពលរដ្ឋ​ទូទៅ និង​ថ្នាក់​ដឹកនាំ។ លោក​បន្តថា​ចំណុចមួយទៀត​គឺ ជំរុញ​ទឹកចិត្ត​យុវជន​ជំនាន់​ក្រោយ អំពី​ភាព​ជា​គំរូ​នៃ​ភាព​ជា​អ្នកដឹកនាំ និងពង្រីក​ស្មារតី​មោទនភាព​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ប្រជាជាតិ​កម្ពុជា តាម​រយៈ​មហា​ស្ថាបត្យកម្ម វិមាន​សន្តិភាព។   គម្រោង​ទស្សនកិច្ច​នេះ នឹង​ប្រព្រឹត្ត​ទៅ​តាម​កម្មវិធី និង​សកម្មភាព​ទស្សនកិច្ច​តាម​សាល​សន្និសីទ និង​បន្ទប់​ប្រជុំ​សំខាន់​ៗ​ដោយ​រួម​ជាមួយ​ខ្លឹមសារ​បរិយាយ​លើ គោលបំណង មូលហេតុ និង​ប្រវត្តិ​នៃ​ការ​កសាងវិមានសន្តិភាព រចនាបថ និង​ប្រភេទ​នៃស្ថាបត្យកម្ម ក៏ដូចជាស្ថាបនិក និង​ស្ថាបត្យករ ក៏មាន​​ផងដែរ​ការ​រៀបរាប់​ប្រាប់ពីសាវតា​នៃ​ការ​ប្រើប្រាស់​វិមាន​សម្រាប់​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​សំខាន់ៗ និង​ខ្លឹមសារ​ពាក់ព័ន្ធ​ដទៃ​ទៀត។

គួរជម្រាបថា ចំពោះ​សាធារណជន​ដែល​ចង់​ចូល​ទស្សនា​វិមាន​សន្តិភាព អាច​ចុះ​ឈ្មោះ​តាម​រយៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​ដំណើរ​ទស្សនកិច្ច​នឹង​ធ្វើ​ឡើង​រៀងរាល់​ខែ និង​មិន​ត្រូវបាន​គិត​តម្លៃ​ឡើយ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទថ្មី