iPhone X ជាង​​ ៤៦ ៥០០ គ្រឿង​​​បញ្ជូន​ចេញ​​​ពី​​​រោងចក្រ​ Foxconn ត្រៀម​កើប​លុយ​

  • 2017-10-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ព័ត៌មាន​ពី​ Xinuanet ​ផ្សាយ​ថា​ ក្រុមហ៊ុន​ Apple ​បាន​ដឹក​ជញ្ជូន​ផលិតផល​សម្រេច​ iPhone X ​ជា​លើក​ដំបូង​ចេញ​ពី​រោងចក្រ​តៃវ៉ាន់​ Foxconn ​ក្រោយ​ផលិត​ និង​ដំឡើង​រួច​ក្នុង​បិរមាណ​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​ហើយ​ខ្លួន​នឹង​ត្រៀម​ដាក់​លក់​ទ្រង់​ទ្រាយ​ធំ​ក្នុង​រយៈ​ពេល​មិន​ដល់​ពីរ​សប្តាហ៍​ទៀត​។

iPhone X

ការ​នាំ​ចេញ​ផលិតផល​ពី​រោងចក្រ​លើក​ដំបូង​នឹង​ធ្វើ​ឱ្យ​ទូរសព្ទ​ iPhone X ​របស់​ក្រុមហ៊ុន​អាមេរិក​ Apple ​កាន់​តែ​បោះ​ជំហាន​ឈាន​ដើម្បី​ទៅ​ដល់​ដៃ​អតិថិជន​បន្ទាប់​ពី​មាន​ការ​ពន្យា​ពេល​ត្រូវ​បាន​រាយការណ៍​។

ប្រភព​ដដែល​ពី​ Xinhuanet ​ឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ផលិតផល​ iPhone X ពី​រោងចក្រ​ស្ថិត​ក្នុង​ទីតាំង​ក្នុង​ទីក្រុង​ Zhengzhou ​និង​ក្រុង​សៀងហៃ​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ ហើយ​ទូរសព្ទ​គំរប់​ខួប​១០​ឆ្នាំ​ របស់​ក្រុមហ៊ុន​ត្រូវ​បាន​រាយការណ៍​ថា​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ហូឡង់​ និង​អារ៉ាប់រួម​។

យ៉ាងណាមិញ​ការ​នាំ​ចេញ​ iPhone X លើក​ដំបូង​នេះ​នឹង​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ខ្លួន​បាន​ឡើយ​ដែល​ទីតាំង​ទាំង​ពីរ​របស់​ក្រុម​ Foxconn ​ផលិត​បាន​ត្រឹម​តែ​ ៤៦ ៥០០ គ្រឿង​ប៉ុណ្ណោះ​ខណៈ​ការ​បញ្ជា​កុម្ម៉ង់​ទិញ​លើស​ពី​ ៥០ ​លាន​គ្រឿង​ឯណោះ​។

Foxconn ​ត្រូវ​បាន​គេ​រាយការណ៍​ថា​អាច​ផលិត​បន្ថែម​ដើម្បី​បង្កើន​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​រហូត​ដល់​ ៤០០ ០០០ ​គ្រឿង​ក្នុង​១​សប្តាហ៍​ តែ​យ៉ាងណា​ក៏​ដោយ​ក៏​ Apple ​នៅ​តែ​មិន​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​របស់​អតិថិជន​បាន​ដែរ​។

ទន្ទឹម​គ្នានេះ​ដែរ​លោក​ Ming-Chi Kuo ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​ជឿជាក់​ថា​ ក្រុមហ៊ុន​ Apple ​អាច​នាំ​ចេញ ​iPhone X ​ត្រឹម​តែ​៣០​ លាន​គ្រឿង​ទៅ​ ៣៥ ​លាន​គ្រឿង​តែ​ប៉ុណ្ណោះ​នៅ​ដំណាច់​ឆ្នាំ​ ២០១៧ ​នេះ​ មាន​ន័យ​ថា​ អ្នក​ដែល​កុម្ម៉ង់​ទិញ​នឹង​ត្រូវ​រង់ចាំ​ទូរសព្ទ​ថ្មី​ឆ្នាំ​ក្រោយ​។

ព័ត៌មាន​ថ្មី​នៃ​ការ​ដឹក​ជញ្ជូន​ iPhone X ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ដោយ​ Apple ​ទេ​តែ​ក្រុមហ៊ុន​ និង​ដៃគូ​ផលិត​របស់​ខ្លួន​នឹង​បង្កើន​សង្វាក់​ផលិតកម្ម​ដើម្បី​បំពេញ​តម្រូវ​ការ​ដ៏​ពុះ​កញ្ជ្រោល​ខណៈ​វា​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​ ៣ ​វិច្ឆិកា​ខាង​មុខ​៕

ចុច​អាន​បន្ត​៖

ប្រភព៖ Mashable | 9to5Mac   ប្រែសម្រួល៖ សិរីបុទ្រ