ហេតុ​ផល​២ហ្នឹង​សោះ បាន​ជា​ទឹក​ឃ្មុំ​ធម្មជាតិ​ មិន​សូវ​សម្បូរ​ដូច​មុន នៅ​ខេត្តកោះកុង

  • 2017-10-18 03:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ទឹក​ឃ្មុំ​ធម្មជាតិ​មិន​សូវ​សម្បូរ​ដូច​មុន? មិន​សូវ​សម្បូរ​ទឹក​ឃ្មុំ​ធម្មជាតិ ទី១ ដោយ​សារ​តែ​ អ្នក​រក​ឃ្មុំ​ឥឡូវ​រក​ឃើញ​ឃ្មុំ​លក់​ទាំង​សំបុក​ លក់​ទាំង​កូន​ឃ្មុំ ទី២ ការ​កាប់​រាន​ដី​ព្រៃ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ផ្សេង​ៗ ញុំាង​ឲ្យ​គ្មាន​ជម្រក​ឃ្មុំ​ ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក អឺង បាន គណៈកម្មការ​​ប្រមូល​ទិញ​ទឹក​ឃ្មុំ​ ក្នុង​សហគមន៍​ភ្នំ​ទ័ព​ជាង នៅ​ភូមិ​ព្រះ​អង្គកែវ ឃុំ​ដងរែក ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

អស់​រយៈពេល​ ១០ ឆ្នាំ​មក​ហើយ ដែល​ លោក អឺង បាន​ ចាប់​មុខរបរ​ជា​អ្នក​ប្រមូល​ទិញ​ទឹក​ឃ្មុំ។ កាល​ពី​អំឡុង​ឆ្នាំ ២០០៧ លោក បាន អាច​រក​ទិញ​ឃ្មុំ​មួយ​រដូវ ខ្ទង់​តោន​ទឹក​ឃ្មុំ​ធម្មជាតិ យក​ទៅ​លក់​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​មួយ​ចំនួន​ស្ទើរ​មិន​ជឿ​ថា ឃ្មុំ​នៅ​ឃុំ​ដងរែក​ សម្បូរ​បែប​នេះ។ ប៉ុន្តែ ២ឆ្នាំ​ចុង​ក្រោយ​នេះ ទឹក​ឃ្មុំ​ធម្មជាតិ​មិន​សូវ​មាន​នោះ​ទេ ដែល​ធ្លាប់​ទិញ​ ១តោន ធ្លាក់​មក​នៅ​ត្រឹម មិន​ដល់​ ១០០ គីឡូ​នោះ​ទេ។

«ធម្មជាតិ​រិចរិល ​ទឹក​ឃ្មុំ​ក៏​រិចរិល» ពាក្យ​នេះ​ លោក​បាន​ ចង់​សំដៅ​ដល់​ការ​បាត់​បង់​ព្រៃ​ឈើ​ជាទី​ជម្រក​របស់​ឃ្មុំ​ ព្រោះ​តែ​ការ​អភិវឌ្ឍ​ផ្សេងៗ។

លោក​បាន​ និយាយ​ថា ទឹក​ឃ្មុំ​ធម្មជាតិ​ ដែល​សម្បូរ​បំផុត​នៅ​ចន្លោះ​ខែ មិថុនា ដល់​ខែ សីហា។ ទឹក​ឃ្មុំ​ខែ​ប្រាំង​ទិញ​ចូល​ថ្លៃ​ជាង​ទឹក​ឃ្មុំ​ខែ​វស្សា ព្រោះ​ទឹក​ឃ្មុំ​ល្អ​ខាប់ មិន​ដូច​ទឹក​ឃ្មុំ​ខែ​វស្សា រាវ​នោះ​ឡើយ។

ទឹក​ឃ្មុំ​ទិញ​ខែ​ប្រាំង គឺ​ទិញ​ចូល​ក្នុង​ ១លីត្រ ៦០ ០០០ រៀល (ទឹក​ឃ្មុំ​លេខ​១) ហើយ​លក់​ចេញ ១០០ ០០០ រៀល ប្រភេទ​ទឹក​ឃ្មុំ​លេខ​ ២ លក់​ចេញ តម្លៃ​៨០០ ០០០រៀល និង លេខ៣, ៥០០ ០០០រៀល។ ចំពោះ​ទឹក​ឃ្មុំ​ទិញ​ចូល​ខែ​វស្សា គឺ​តម្លៃ​ ៤០ ០០០ រៀល ក្នុង​១លីត្រ ព្រោះ​ទឹក​ឃ្មុំ​វស្សា មិន​សូវ​ល្អ​ ទឹក​ឃ្មុំ​រាវ និង ទុក​មិន​បាន​យូរ​ក៏​ប្រែ​ពណ៌។

លោក​បាន​ លើកឡើង​ទៀត​ថា ទឹក​ឃ្មុំ​នៅ​ក្នុង​សហគមន៍​របស់​លោក ភាគច្រើន​លក់​ឲ្យ​អង្គការ​សេដាក និង​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ។ ឯ​នៅ​សេសសល់​តិចតួច​ លោក​លក់​នៅ​ផ្ទះ។

សហគមន៍​ភ្នំ​ទ័ព​ជាង មាន​សមាជិក សរុប ៣៧០គ្រួសារ ក្នុង​នោះ ៥០គ្រួសារ ជា​សមាជិក​រក​ឃ្មុំ​ធម្មជាតិ ហើយ​ឃ្មុំ​ដែល​រក​បាន​រមែង​យក​មក​លក់​ឲ្យ​លោក ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០០៧ រហូត​មក​ទល់​នឹង​ពេល​នេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា