មី​ រស្មី៖​ បាន​មក​លេង​បាល់ទះ​នៅ​លីគ​កំពូល​ថៃ​ ជា​រឿង​នឹក​ស្មាន​មិន​ដល់

  • 2017-10-18 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​របស់​ក្លឹប​បាល់ទះ​វិសាខា​ មី​ រស្មី​ ថា​ ការ​បាន​មក​លេង​បាល់ទះ​ក្នុង​លីគ​កំពូល​នៅ​ប្រទេស​ថៃ​នេះ​ ជា​រឿង​នឹក​ស្មាន​មិន​ដល់​ ព្រោះ​ពី​មុន​មក​គិត​ស្រមៃ​ត្រឹម​បាន​លេង​ក្នុង​ជម្រើស​ជាតិ​ ឬ​ល្បី​នៅ​តែ​កម្ពុជា​ទេ។​

កីឡាករ មី រស្មី

កីឡាករ​ មី​ រស្មី​ ប្រាប់​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ខ្លួន​កំពុង​ចូលរួម​ហ្វឹកហាត់​ជា​មួយ​កីឡាករ​របស់​ក្លឹប​បាល់ទះ​ NK Fitness​ ថៃ​ ដែល​ការ​ហ្វឹកហាត់​ភាគ​ច្រើន​ផ្ដោត​លើ​ការ​ចាប់​សេវា​ និង​លោត​បាំង ​រួម​ទាំង​ការ​ហ្វឹកហាត់​លើ​រាងកាយ​ផង​ដែរ។​ បើ​និយាយ​រំលឹក​ពី​ការ​បាន​ឱកាស​មក​លេង​នៅ​ប្រទេស​ថៃ​នេះ​ កីឡាករ​កម្ពុជា​ខាង​លើ​បន្ត​ថា​ ពី​មុន​ស្រមៃ​ត្រឹម​លេង​ខ្លាំង​ និង​ល្បី​នៅ​កម្ពុជា​ បាន​លេង​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​តែ​ប៉ុណ្ណោះ។​

កីឡាករ មី រស្មី និងក្រុម​ NK Fintess

រស្មី​ បន្ថែម​ទៀត​ថា​ ដោយ​សារ​ការ​ខំប្រឹង​ហ្វឹកហាត់​ មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់​គ្រូ​បង្វឹក​ផ្ទាល់​ក៏​ដូច​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បាន​ផ្ដល់​ឱកាស​ពី​ ឯកឧត្ដម​ ស​ សុខា​ អនុប្រធាន​សហព័ន្ធ​បាល់ទះ​ផង​នោះ​ទើប​ បាន​ឲ្យ​រូប​គេ​ចេញ​មក​លេង​នៅ​ក្រៅ​ប្រទេស​ដូច​នេះ។​ កីឡាករ​ចំណូល​ថ្មី​របស់​ NK​ Fitness​ រូប​នេះ​ ប្ដេជ្ញា​ថា​នឹង​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​បាន​ជួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​ស៊ីហ្គេម​ក្រោយៗ​ទៀត​ និង​អាច​នៅ​លេង​ឲ្យ​ក្លឹប​អាជីព​របស់​ថៃ​ដូច​នេះ​ទៀត។​

កីឡាករ មី រស្មី និងក្រុម​ NK Fintess

មី​ រស្មី​ ជា​កីឡាករ​បាល់ទះ​របស់​ក្រុម​បាល់ទះ​វិសាខា​ ដែល​ត្រូវ​បាន​ក្រុម​នៅ​លីគ​កំពូល​ថៃ NK​ Fitness​ទិញ​យក​ទៅ​ជួយ​លេង​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​នៅ​រដូវ​ការ​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​