មក​ដឹង​តំណែង​ការងារ​កំពុង​ខ្វះ​អ្នក​ធ្វើ​នៅ​កម្ពុជា ​ល្បី​ប្រាក់​ខែ​ខ្ទង់​ពាន់​ដុល្លារ

  • 2017-10-18 06:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​លើក​ឡើង​របស់​លោក ច័ន្ទ វាសនា ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ធនាគារ​កាណាឌីយ៉ា លើក​ឡើង​ថា មុខ​តំណែង​ដែល​កំពុង​ត្រូវ​ប៉ាន់​ជាង​គេ​ គឺ​ផ្អែក​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ។ ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ខ្លាំង ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​និង​សំណង់។ ដូច្នេះ​មុខ​តំណែង​ដែល​កំពុង​ត្រូវ​ប៉ាន់​ទីផ្សារ​ច្រើន​ជាង​គេ គឺ​ផ្នែក​វិស្វករ និង​អ្នក​ក្រាហ្វិក​ឌីហ្សាញ​ទៅ​លើ​សំណង់​អគារ​ជា​ដើម។

លោក ច័ន្ទ វាសនា ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា មុខ​តំណែង​នេះ​កំពុង​ត្រូវ​ការ​ធនធាន​មនុស្ស​ច្រើន ខណៈ​និស្សិត​កម្ពុជា​ដែល​សិក្សា​​ទៅ​លើ​ជំនាញ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ចំណែក​ឯ​គុណភាព​ក៏​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ។ ដូច្នេះ​ហើយ​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​នេះ ឫ​ជំនាញ​ណា​ដែល​ស្ថិត​ក្នុង​ផ្នែក​បច្ចេកទេស គឺ​មាន​ឱកាស​ច្រើន​ ជា​ពិសេស​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​បើ​ធៀប​នឹង​ជំនាញ​ដទៃ​ទៀត។ បន្ទាប់​ពី​វិស័យ​សំណង់​នេះ វិស័យ​ហិរញ្ញវត្ថុ​ក៏​កំពុង​ដុះដាល​ខ្លាំង​ដែរ ឱ្យ​តែ​ចេះ​ច្បាស់លាស់ ក៏​ប្រាក់​ខែ​មិន​ធម្មតា​ដែរ។

បន្ថែម​ចំពោះ​ការ​លើក​ឡើង​នេះ ឯកឧត្ដម ហៃ ហ៊ុន​ឡេង ទីប្រឹក្សា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​នឹង​មុខ​របរ មាន​ប្រសាសន៍​ថា ការងារ​អ្វី​ក៏​​ដោយ​សុទ្ធ​តែ​ល្អ​ និង​ត្រូវ​ប៉ាន់​ដូច​គ្នា​សម្រាប់​យុវជន ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​គុណភាព សមត្ថភាព​របស់​យុវជន​ផ្ទាល់។ ឯកឧត្ដម បន្ត​ទៀត​ថា ជា​ការ​ពិត​ណាស់​ធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស​នៅ​កម្ពុជា ពិត​ជា​នៅ​មាន​កម្រិត​មែន។ ដូច្នេះ​អ្នក​ដែល​សិក្សា​ទៅ​លើ​ជំនាញ​បច្ចេកទេស ផ្នែក​វិទ្យាសាស្ត្រ​ គឺ​អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ។

ឯកឧត្ដម ហៃ ហ៊ុន​ឡេង (កណ្ដាល)

យ៉ាង​ណា​ក្ដី ឯកឧត្ដម ហៃ ហ៊ុន​ឡេង លើក​ឡើង​ថា ប្រាក់​ខែ​តិច​ ឫ​ច្រើន​ក៏​អាស្រ័យ​លើ​សមត្ថភាព​នឹង​គុណ​តម្លៃ​ខ្លួន​ឯង​ផ្ទាល់។ ជួន​កាល​ការងារ​មុខ​តំណែង​ដូច​គ្នា តែ​មាន​អ្នក​ប្រាក់​ខែ​តិច និង​អ្នក​ប្រាក់​ខែ​ច្រើន គឺ​អាស្រ័យ​លើ​ការ​បំពេញ​ការងារ បាន​ល្អ​កម្រិត​ណា។ ដូច្នេះ​ហើយ​ជំនាញ​អ្វី​ក៏​ដោយ​ ក៏​ល្អ​ដែរ​ឱ្យ​តែ​ចេះ​ច្បាស់ និង​មាន​សមត្ថភាព​ពិត​ប្រាកដ។

សូម​ជម្រាប​ជូន​ថា លោក​ទាំង​ពីរ​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ស្ដី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៧ នៅ​ឯ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ចំណែក​ឯ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ នឹង​ផ្ដល់​ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​២​ម៉ឺន​មុខតំណែង សម្រាប់​យុវជន សិស្ស/និស្សិត និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ធំៗ​រហូត​ជាង​១២០ ឯ​ណោះ។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​លើក​ទី​៧ រៀបចំ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី២៧ និង​២៨ ខែ​តុលា ឆ្នាំ​២០១៧ នៅ​សាល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយនេះ រៀបចំ​ឡើង​ដោយ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ