ក្នុង​ជីវិត​ជា​ផលិតករ ពាន់ ភួង​បុប្ផា ជួប​​បញ្ហា​ស្មាន​មិន​ដល់៣រឿង​ធំ​ៗ

  • 2017-10-18 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវិត​ប្រឡូក​ក្នុង​វិស័យ​ការ​ងារ​ទោះ​ការងារ​តូច​ឬ​ធំ តែង​តែ​ជួប​បញ្ហា​ជានិច្ច គ្រាន់​តែ​ថា​បញ្ហា​នោះ​ធ្ងន់ធ្ងរ​ឬ​ស្រាល់​តែ​ប៉ុណ្ណោះ តែ​ចំពោះ​អ្នក​ស្រី ពាន់ ភួងបុប្ផា ជួប​បញ្ហា​ដែល​ខ្លួន​ស្មាន​មិន​ដល់៣​រឿង​ធុំ​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ចាំ​មិន​ភ្លេច។

ផលិតករ​រឿង"ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី"រូប​នេះ​បាន​ប្រាប់ Sabay ថា ក្នុង​ជីវិត​ប្រឡូក​ក្នុង​វិស័យ​ការងារ​អ្នក​ស្រី​ជួប​រឿង​ដែល​ស្មាន​មិន​ដល់​និង​ជា​ឧបសគ្គ​ជា​ច្រើន តែ​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ចាំ​មិន​ភ្លេច​នោះ មាន​៣បញ្ហា​ធំ​ៗ មាន​ទាំង​រឿង​ដែល​អាច​ដោះ​ស្រាយ​បាន និង​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ពិបាក​ចិត្ត​ស្ទើរ​តែ​ទ្រាំ​មិន​បាន។

បញ្ហា​ទាំង​៣រឿង​ធំ​ៗ​​ក្នុង​ជីវិត​ជា​ផលិតករ ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី ពាន់ ភួងបុប្ផា ចាំ​មិន​ភ្លេច៖

បញ្ហា​ទី១ កើត​ឡើង​ក្នុង​រឿង "កម្លាំង​និង​វាស្នា" (ប៉ះ​ពាល់​ខាង​មូស្លីម) ធ្វើ​ឱ្យ​រឿង​មួយ​នេះ​ត្រូវ​បិទ​មិន​អាច​បញ្ចាំង​បាន។ កំឡុង​ពេល​ប្រហាក់​ប្រហែល​គ្នា​នោះ​ដែរ​ឡាន​អ្នក​ស្រី​ក៏​បាន​ផ្ទុះ​ដែរ។

បញ្ហា​ទី២ កើត​ឡើង​ក្នុង​រឿង "គូព្រេង​ចម្លែក” (មាន​ការ​ចេញ​ថ្លៃ​ស្រី​គ្រប់លក្ខណ៍​ត្រូវ​បាន​រដ្ឋាភិបាល​ផ្អាក​រឿង​នេះ តែ​ក្រោយ​មក​ឱ្យ​បញ្ចាំង​ឡើង​វិញ)។

បញ្ហា​ទី៣ កើត​ឡើង​ក្នុង​រឿង "រៃ​មាស” (ក្នុង​ពេល​កំពុង​ថត​រឿង​នេះ​មាន​រន្ទះ​បាញ់​ក្រុម​ការងារ​ម្នាក់​ស្លាប់)។

ផលិតករ​រឿង​"កុមារី​២៥ឆ្នាំ" រូប​នេះ​បញ្ជាក់​ថា បញ្ហា​ទាំង៣​នេះ រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ពិបាក​ចិត្ត​ខ្លាំង​បំផុត​គឺ​រឿង​រន្ទះ​បាញ់ ព្រោះ​រឿង​នេះ​មិន​មែន​ជា​ការ​ធ្វេសប្រហែស​នោះ​ឡើយ​គឺ​ជា​រឿង​បាតុភូត​ធម្មជាតិ តែ​មាន​ការ​ដាក់​កំហុស​ទាំង​ស្រុង​មក​លើ​លោក​ស្រី។

“និយាយ​ពី​ផ្លូវ​ចិត្ត​ពិបាក​ហើយ​តស៊ូ​ស្ទើរ​ទ្រាំ​មិន​បាន​គឺ​ពេល​ធ្វើ​រឿង"រៃ​មាស” ហ្នឹង​ហើយ ជួប​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​រន្ទះ​បាញ់ ៗ​ក្រុម​ការងារ​ហ្នឹង គេ​ដាក់​កំហុស​ទាំង​ស្រុង​មក​លើ​យើង ហើយ​នេះ​ជា​លើក​ទី១​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ជួប​រឿង​បែប​នេះ ដែល​យើង​អាយុ​ចាស់​ប៉ុណ្ណេះ​ហើយ។ ខ្ញុំ​មិន​បាន​ខឹង​ខ្លួន​ឯង​ឬ​ខឹង​ធម្មជាតិ​ទេ ព្រោះ​យើង​អត់​បាន​ដឹង​មុន​ទេ បើ​យើង​ដឹង​មុន​យើង​ក៏​មិន​បន្ត​ថត​ដែរ ហើយ​ពេល​នោះ​អត់​មាន​ភ្លៀង​ទេ”។

ក្រោយ​ពី​ជួប​ហេតុ​ការ​ជា​ច្រើន​ក្នុង​អាជីព​ជា​អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​បញ្ជាក់​ប្រាប់ Sabay ថា អ្នក​ស្រី​មិន​បាន​បាក់​ទឹក​ចិត្ត និង​ចុះ​ចាញ់​ឡើង តែ​ផ្ទុយ​ទៅ​វិញ​​អ្នក​ស្រី​រឹត​តែ​ខំ​ប្រឹង​ប្រែង​សម្រិត​សម្រាំង​រឿង​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​គុណភាព និង​ព្យាយាម​ធ្វើ​ការ​ឱ្យ​ល្អ​បំផុត។

អត្ថបទ៖ ប៉ូ សាគុន