នំប៉័ង​ទួគី នៅ​ក្រោយ​វ៉ាន់ដា ទាក់​ចិត្ត​យុវវ័យខ្មែរ​មិន​ស្ទើរ

  • 2017-10-18 08:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ឥទ្ធិពល​នៃ​សាកលភាវូបនីយកម្ម ធ្វើ​អោយ​បែប​បទ​ជីវិត​ប្រជាជន​ខ្មែរ​ មាន​ការ​ផ្លាស់​ប្ដូរ ហើយ​មុខ​របរ​ប្លែកៗនាំ​មក​ពី​បរទេស​ក៏​ចូល​មក​ច្រើន។ ជាក់​ស្ដែង​នំប៉័ង​ទួគី​ បាន​វាយ​លុក​ទីផ្សារ​​ និង​ទាក់​ចិត្តប្រជាពលរដ្ឋខ្មែរ​ច្រើន ជាពិសេស​យុវវ័យ​​។

(នំប៉័ងទួគី​ដែល​កំពុង​ពេញ​និយម)

និយាយ​ដោយ​ពី​​កន្លែង​លក់​​នំប៉័ង​ទួគី​ នៅ​ក្រោយវិទ្យាស្ថាន​​វ៉ាន់ដា​ ហាង​នំប៉័ងទួគីយីហោ សុខ ឆេង បាន​ទាក់​ចិត្ត​អតិថិជន​ភាគ​ច្រើន​ជា​យុវវ័យ​រាប់​រយ​នាក់​ និង​រកចំណូល​ចូល​រាប់​រយ​ដុល្លារ​ក្នុង​១​​ថ្ងៃ​ៗ។ នេះ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​អាជីវកម្ម។ 

សុខ​ចិត្ត​បោះបង់​អាជីព​បុគ្គលិក​ក្រុមហ៊ុន​​ឯកជន បាន​ប្រាក់​ខែ​ជាង២០០​ដុល្លារ អាជីវករ​ឈ្មោះ សុខ ឆេង ប្រាប់​ថា ខ្លួនបាន​ប្រកប​របរ​នេះ​​ ៤​ឆ្នាំ​​ហើយ។ មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ដំបូង​ អ្នក​ស្រី​ប្រាប់​ថា ការ​លក់​របស់​អ្នក​ស្រី មិន​ជា​ប្រសើរ​ទេ ប៉ុន្តែ​ឆ្នាំ​បន្ទាប់ រហូតបច្ចុប្បន្ន​ អ្នកស្រីថា​គឺ​ល្អ​ប្រសើរ​ខ្លាំង។

(គ្រឿង​ផ្សំផ្សេងៗ​របស់​នំប៉័ង​ទួគី)

នំប៉័ង​ទួគី​មួយ​តម្លៃ ៣៥០០រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​ អ្នក​ស្រី​លក់​បាន ៤០០-៥០០នំ។ ចំពោះ​​រូបមន្ត​នៃ​ការ​ធ្វើ​នំ គឺ​អ្នក​ស្រី​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ​រយៈ​ពេល១​សប្ដាហ៍ និង​ចំណាយ​ដើម​ទុន ៣០០០ដុល្លារ​អាមេរិក។ ខ្ទង់​ចំណាយ​នេះ អ្នកស្រីថា​​​ទទួល​បាន​មក​វិញ​នូវ​ទូរម៉ាស៊ីន​អាំង​សាច់​មួយ និង​រូបមន្តធ្វើ​នំ។

នៅ​ខាង​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា មិន​មែន​មាន​តែ​កន្លែងលក់​នំប៉័ង​ទួគី​​អ្នកស្រី សុខ ឆេង មួយ​នោះ​ទេ គឺ​នៅ​មាន​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​កន្លែង​របស់​អ្នក​ស្រី ហាក់​លក់​ដាច់​ជាង​អ្នក​ដទៃ​។ បញ្ហា​នេះ សាមី​ខ្លួន​អះអាង​ថា មក​ពីអ្នកស្រី​បាន​បន្ថែម​​រូបមន្ត​ផ្ទាល់​ខ្លួន​ ​​​ដែល​ចេះ​​​ពី​ការ​បណ្ដុះ​បណ្ដាល​មក​ពី​បរទេស​៕

  ចុចអាន៖

អត្ថបទ​ដោយ៖ ប៊ុនណា សភា​