របរ​ធ្វើ​កាំបិត ពូថៅ ផ្គាក់ រក​ចំណូល​មិន​ក្រោម ១០ ម៉ឺន​រៀល​ក្នុង​១ថ្ងៃ ជាមុខរបរ​​ ជីតាចែក​ឲ្យ

  • 2017-10-19 04:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាអែល បាន​ចំណាយ​ពេល​ជិត ២០ឆ្នាំ ប្រកប​របរ​ធ្វើ​កាំបិត ផ្គាក់ ប៉ែល ពូថៅ ចប និង​របស់​របរ​ប្រើប្រាស់​ផ្នែក​កសិកម្ម​មួយ​ចំនួន​ទៀត ដែល​អាច​រក​ចំណូល​បាន​ ១០ម៉ឺនរៀល ក្នុង​១ថ្ងៃ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ចំណាក​ស្រុក។

របរ​នេះ ស្មាអែល​បាន​ចេះ​ពី​ជីតា ហើយ​ក៏​ជា​មុខរបរ​ដែល​ស្រឡាញ់​តាំង​ពី​តូច​មក​ ដូច្នេះ​ហើយ​ ស្មាអែល បាន​លើកឡើង​ថា ចេះ​ជំនាញ​ខ្លួន​ឯង​មិន​បារម្ភ​ពី​រឿង​ប្រាក់​ចំណូល ហើយ​គិត​ថា ប្រសើរ​ជាង​ធ្វើ​ការ​ឲ្យ​គេ។

បុរស​វ័យ ៣៨ឆ្នាំ រស់​នៅ​ភូមិ​ស្នាពី​មុខ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង បាន​និយាយ​ថា ថ្វីត្បិត​ថា ជាង​ដំដែក​ហត់​នឿយ​បន្តិច​ ព្រោះ​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៤ភ្លឺ រហូត​ដល់​ម៉ោង ១១ ព្រឹក​ទើប​ឈប់ និង​ត្រូវ​កម្ដៅ​ភ្លើង​រៀងរាល់​ថ្ងៃ និង ស្លៀកពាក់​មិន​សូវ​ស្អាត ប៉ុន្ដែ អាជីព​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​រៀងរាល់​ថ្ងៃ។

លោក ស្មាអែល

ស្មាអែល បាន​រៀប​ការ​ក្នុង​អំឡុង​ឆ្នាំ ២០០៥ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​កូន​ពីរ​នាក់ បាន​ប្រាប់​ Sabay ថា ១សប្ដាហ៍​ទៅ ២សប្ដាហ៍ គឺ​មាន​គេ​ដឹក​ចន្ទាស​ឡាន​-ម៉ូតូ​កង់​បី​ចាស់​ៗ មក​ផ្ទះ​របស់​លោក ដោយ​យ៉ាង​តិច ១-២ តោន ហើយ​ថ្លឹង​ជា​គីឡូ ១គីឡូក្រាម តម្លៃ​ ១ ០០០ ទៅ ២ ០០០ រៀល។ ដែក​ចន្ទាស​​ទាំង​នេះ​យ៉ាង​ច្រើន​ ១-២សប្ដាហ៍​លក់​អស់​ហើយ។

«ដែក​ចន្ទាស​រឹង​ល្អ យក​មក​ធ្វើ​កាំបិត ពូថៅ ប៉ែល ចប ឬ​របស់​របរ​អ្វី​ផ្សេង​ៗ​ហ្នឹង​ល្អ ហើយ​តម្លៃ​ធូរ​ថ្លៃ​ទៀត។ ណាមួយ​របស់​ទាំង​ហ្នឹង​សុទ្ធសឹង​តែ​គេ​លែង​ប្រើ​ហើយ យើង​យក​មក​ច្នៃ​ជា​របស់​ប្រើប្រាស់​វិញ។ មែនទែន​ទៅ ខ្ញុំ​មិន​អាច​ពន្យល់​លំអិត​អំពី​ប្រាក់​ចំណេញ​បាន​ទេ គ្រាន់​តែ​ដឹង​ថា លក់​នៅ​ផ្ទះ​ហ្នឹង​មិន​ក្រោម ៤-១០​ម៉ឺន​រៀល​ទេ នេះ​មិន​រាប់​ការ​បោះដុំ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ផង ហើយ​ចំណូល​ចំណាយ​យើង​ចាយ​រាល់​ថ្ងៃ​ ឲ្យ​កូន​ទៅ​រៀន​ផង និង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង»។

ស្ថិត​ក្នុង​សំលៀកបំពាក់​ប្រឡាក់​កន្ទេចធ្យូង ដោយកំពុង​កាន់​ដែកចន្ទាស​​យក​ទៅ​ដុត​ក្នុង​ភ្លើង លោក​ ស្មាអែល បាន​និយា​យបណ្ដើរ​ និងដុតចន្ទាស​បណ្ដើរ ហើយ​ទាញ​យក​មក​ដុំ​ដែក​បណ្ដើរ ថា ឧបករណ៍​ដែល​លោក​ផលិត​បាន​ គឺ​មាន​គេ​មក​ទិញ​ដល់​កន្លែង​បោះដុំ​ទៅ​ដល់​ផ្សារ​ធំៗ​ ​ក្នុង​ខេត្ត​បាត់​ដំបង និង បណ្ដា​ខេត្ត​ផ្សេងៗ។ «យើង​មិន​បារម្ភ​អំពី​ការ​លក់​មិន​ដាច់​ទេ ព្រោះ​ពួក​ខ្ញុំ​លក់​រៀងរាល់​ថ្ងៃ​ហ្នឹង​ គេ​មក​ទិញ​ជាហូរហែ​ វា​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ដែល​ខ្ញុំ​ចាប់​អាជីព​នេះ​ ជិត​២០ឆ្នាំ​ហើយ»៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា