Shell ​បើក​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​ដំបូង​បំផុត​នៅ​ចក្រភព​អង់គ្លេស​

  • 2017-10-19 12:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ឧស្ម័ន​និង​ប្រេង​ឥន្ធនៈ​របស់​ហូឡង់​ Shell ​បាន​បើក​ដំណើរ​ការ​សេវាកម្ម​បញ្ចូល​ថ្ម​លឿន​បំផុត​សម្រាប់​រថយន្ត​អគ្គិសនី​ (Electronic Vehicle)​នៅ​ក្បែរ​ក្រុង​ឡុងដុង​និង​ក្នុង​តំបន់​អង់គ្លេស​ភាគ​ខាងជើង​ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ ។

សេវាកម្ម​សាក​ថ្ម​រថយន្ត​អគ្គិសនី​នេះ​អាច​ផ្ដល់​ថាមពល​លឿន​បំផុត​ពី​ ០% ​ទៅ​ ៨០% ក្នុង​រយៈពេល​កន្លះ​ម៉ោង​ ហើយ​វា​ជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ហក់​ចូល​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ដែល​ការ​ប្រើប្រាស់​សេវាកម្ម​នេះ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​សម្រាប់​រថយន្ត​ស្អាត​គ្មាន​ជាតិ​ពុល​ ។ ក្រុមហ៊ុន​ Shell នឹង​ពង្រីក​សេវាកម្ម​នេះ​បន្ថែម​ក្នុង​អង់គ្លេស​ ហូឡង់ ​និង​ប្រទេស​ហ្វីលីពីន​ ។ ការ​បើក​ដំណើរការ​នេះ​កើត​ឡើង​ក្រោយ​ពេល​ក្រុមហ៊ុន​អាយុ​ជាង​ ១០០ ​ឆ្នាំ​នេះ​បាន​ទិញ​ NewMotion ដែល​ជា​ប្រព័ន្ធ​សាកថ្ម​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សេង​ទៀត​របស់​អឺរ៉ុប​ ។

លោក​ Jane Linsay-Green ​អ្នក​គ្រប់​គ្រង​ឥន្ធនៈ​អនាគត​ប្រចាំ​ Shell ​នៅ​អង់គ្លេស​ប្រាប់​អ្នក​កាសែត​ថា​៖​ “​ក្រុមហ៊ុន​ Shell​ជឿជាក់​ថា​ រថយន្ត​អគ្គិសនី​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ហើយ​នៅ​ឆ្នាំ​ ២០១៨ ​យើង​នឹង​ពង្រីក​អាជីវកម្ម​ ផ្អែក​លើ​អ្វី​ដែល​អតិថិជន​របស់​យើង​ត្រូវ​ការ​” ។ ក្រុមហ៊ុន​ព្យាករណ៍​ថា​១​ភាគ​៤​នៃ​ចំនួន​រថយន្ត​ទូទាំង​ពិភពលោក​នឹង​ប្រែ​រូបរាង​ទៅ​ជា​អគ្គិសនី​ពេញ​លេញ​នៅ​ឆ្នាំ​ ២០៤០ ជាក់​ជា​មិន​ខាន​ខណៈ​បច្ចុប្បន្ន​មាន​រថយន្ត​អគ្គិសនី​មិន​​តិច​ជាង​ ១០០ ០០០ ​គ្រឿង​កំពុង​ចរាចរណ៍​លើ​ដង​ផ្លូវ​ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ Morgan Stanley ​បាន​ប៉ាន់​ប្រមាណ​ថា​ស្ថានីយ៍​សាកថ្ម​អាច​នឹង​មាន​ពី​ ១ ​លាន​ទៅ​ ៣ ​លាន​កន្លែង​ក្នុង​តំបន់​អឺរ៉ុប​ខាង​លិច​នៅ​ឆ្នាំ​ ២០៣០ ​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ។

យ៉ាងណាមិញ​អតិថិជន​ដែល​ប្រើ​សេវាកម្ម​ Shell Recharge ​ត្រូវ​បង់​ ០,៦៥​ដុល្លារ​ ក្នុង​១​គីឡូវ៉ាត់​ម៉ោង​បន្តាប់​ពី​បញ្ចប់​ការ​ផ្សព្វផ្សាយ​លក់​ជា​ពិសេស​ (Promotion) ០,៣៣ ​ដុល្លារ​ក្នុង​គីឡូវ៉ាត់​ម៉ោង​ផ្ដល់​ជូន​រហូត​ដល់​ដំណាច់​ខែ​មិថុនា​ឆ្នាំ​ ២០១៨ ។ ពួកគេ​បង់​តាម​រយៈ​កម្មវិធី​ (app) ​មាន​ក្នុង​ទូរសព្ទ​ ។ សេវាកម្ម​នេះ​នឹង​មាន​នៅ​ឯ​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស​១០​កន្លែង​នៅ​ចុង​ឆ្នាំ​ ២០១៧ ។ គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Shell ​ធ្លាប់​បាន​ផ្តល់​សាក​ថ្ម​រថយន្ត​អគ្គិសនី​ជាមួយ​ដៃគូ​ក្នុង​ប្រទេស​ន័រវែស​ ហើយ​នៅ​ដើម​ឆ្នាំ​ ២០១៧ នេះ​ខ្លួន​បាន​បើក​ស្ថានីយ៍​ចាក់​ប្រេង​អីដ្រូសែន​ក្នុង​អង់គ្លេស​ផង​ដែរ​ ៕

ប្រភព៖ autonews   ប្រែសម្រួល៖ សិរីបុទ្រ