ស្កុតឡែន នឹង​ចេញ​ច្បាប់​ថ្មី ហាម​ឃាត់​ឪពុក​ម្ដាយ​មិន​ឲ្យ​វាយ​កូន

  • 2017-10-20 02:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្កុតឡែន នឹង​ក្លាយ​ជា​ប្រទេស​ទី១ នៅ​ចក្រភព​អង់គ្លេស ដែល​ហាម​ឃាត់​ឪពុក​ម្ដាយ​មិន​ឲ្យ​វាយ​កូន នៅ​ពេល​កូន​ប្រព្រឹត្ត​ខុស ព្រោះ​គិត​ថា​​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​កូន។

សេចក្ដី​ព្រាង​ច្បាប់​ថ្មី ដែល​រំពឹង​នឹង​​ចូល​ជា​ធរមាន​នៅ​ពេល​ខាង​មុខ បាន​ចែង​ពី​ការ​លុប​បំបាត់​ការ​ការពារ​ទៅ​លើ​ឪពុកម្ដាយ​ដែល​វាយ​កូន​ក្នុង​បំណង​អប់រំ​ណា​មួយ។ សេចក្ដី​ព្រាង​ច្បាប់​នេះ ស្នើ​ដោយ​លោក John Finnie មក​ពី​គណបក្ស Scottish Green Party។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ រដ្ឋាភិបាល​ស្កុតឡែន​បាន​និយាយ​ថា៖ "ការ​ស្នើ​របស់​លោក Finnie មិន​មែន​ជា​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល​ស្កុតឡែន​ទេ តែ​ទោះ​យ៉ាង​ណា​យើង​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ច្បាប់"។ មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​ទៀត​ថា ការ​អប់​រំ​កូន​ដោយ​វាយ អាច​មាន​ផល​អ​វិជ្ជមាន ទោះ​ស្លាក​ស្នាម និង​ការ​ឈឺ​ចាប់​បាន​រលត់​ទៅ​ហើយ​ក្ដី។

បើ​តាម​លោក Finnie បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ការ​វាយ​កូន បាន​ក្លាយ​ជា​រឿង​ខុស​ច្បាប់​នៅ​ប្រទេស​ចំនួន៥២ ហើយ​ភាគ​ច្រើន​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប។ លោក​បាន​បន្ថែម​ថា ការ​ចែង​ច្បាប់​បែប​នេះ នៅ​ប្រទេស​ស្កុតឡែន នឹង​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង រវាង​កូន និង​ឪពុក​ម្ដាយ ព្រម​ទាំង​អ្នក​ដែល​មើល​ថែ​ពួក​គេ៕ ​​​

ចុចអានអត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី