ហួ សុផល ធ្វើ​ឲ្យ​ ស្រីតុ ក្បត់​ពាក្យ​សន្យា​ខ្លួន​ឯង

  • 2017-10-20 06:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​មក​ ស្រីតុ ធ្លាប់​សន្យា​ជាមួយ​ខ្លួន​ឯង​ថា​ ឈប់​ថត​រឿង​ខ្មោច​​ហើយ​ ទោះ​បី​ជា​ឲ្យ​តម្លៃ​ខ្លួន​ប៉ុណ្ណោះ​ក៏ដោយ​នាង​មិន​ថត​ដាច់​ខាត​​ តែ​ដើម្បី​លោក ហួ សុផល ប្រពន្ធ​ នាយ​ ខ្យង រូប​នេះ​សុខ​ចិត្ត​ក្បត់​សន្យា​​ខ្លួន​ឯង​។

ស្រីតុ បាន​លើក​ឡើង​ថា​ មូល​ហេតុ​ដែល​ខ្លួន​មិន​ចង់​ថត​រឿង​ខ្មោច​ ដោយសារ​តែ​រឿង​ខ្មោច​ ត្រូវ​ចេញ​ថត​មួយ​យប់​ទល់​ភ្លឺ​ ​ធ្វើ​ឲ្យ​នាង​អស់​កម្លាំង​ ព្រោះ​មិន​សូវ​មាន​ពេល​វេលា​​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​។ ចំពោះ​ការ​វិល​ត្រឡប់​មក​ថត​រឿង​​ខ្មោច​សា​ជា​ថ្មី​ ក្រោម​ហេតុ​ផល​នាង និង​ ហួ សុផល ជា​មិត្ត​ស្និទ្ធស្នាល​​ជាមួយ​​គ្នា​ ដូច្នេះ​ហើយ​ទើប​មិន​ដាច់​ចិត្ត​​​បដិសេធ​ក្នុង​ការ​ថត​រឿង "មា​ដាម​អាប​" នេះ​។

​​​នាង​ថា​៖​ “​ ទោះ​បី​ជា​ខ្ញុំ​ធ្លាប់​និយាយ​ថា ឈប់​ថត​ហើយ​រឿង​ខ្មោច​​ហើយ​ក៏ដោយ តែ​ពេល​ត្រឡប់​មក​ថត​វិញ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង​សម្ដែង​ ឲ្យ​បាន​ល្អ​​ ជា​ពិសេស​ក្នុង​រឿង​ "មា​ដាម​អាប​" របស់​ សុផល ដែល​ជា​មិត្ត​សម្លាញ់​ខ្ញុំ​នេះ​តែ​ម្ដង​។ និយាយ​ទៅ​ខ្ញុំ​មិន​ទទួល​ថត​រឿង​ខ្មោច​ហ្នឹង​ច្រើន​ឆ្នាំ​ដែរ​ហើយ​​" ។

ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ "មា​ដាម​អាប​" នេះ​ដែរ​ លោក ហួ សុផល ចាងហ្វាង​ផលិតកម្ម​ Classic បាន​និយាយ​ ថា​ រឿង​ "មា​ដាម​អាម​" ជា​​ប្រភេទ​រឿង​បែប​យុវវ័យ​​​កំប្លែង​ មាន​អាប ​ព្រាយ​ និង​ខ្មោច​ នៅ​លាយ​លំ​ជាមួយ​គ្នា​ ជាមួយ​តួ​អង្គ​​សំខាន់​ៗ​មាន​ដូច​ជា​​ អ្នកនាង ស្រីតុ រ៉ូលីន ស៊ីស៊ី នាយ ព្រែក រំដួល​លិច​ទឹក​ តាចេក ឈួន ពន្លឺ ចៅខ្មែរ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត។

គួរ​បញ្ជាក់​ថា​រឿង "មា​ដាម​អាប​" នឹង​ត្រូវ​ចេញ​ថត​នៅ​ថ្ងៃ​ទី​ ២១ ខែ តុលា ឆ្នាំ ២០១៧ ស្អែក​ នេះ។​ចំណែក​ឯ​ទីតាំង​ថត​វិញ មាន​នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត​៕​​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន