អ៊ីតាលី​នឹង​ផ្ដល់​ប្រាក់​ជាង ២​ពាន់​ដុល្លារ បើ​ប្ដី​ប្រពន្ធ​​ណា​ព្រម​ទៅ​រស់​នៅ​ក្រុង​មួយ

  • 2017-10-20 07:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅហ្វាយ​ក្រុង​មួយ​នៃ​ប្រទេស​អ៊ីតាលី បាន​ប្រកាស​ផ្ដល់​ទឹក​ប្រាក់ ២​ពាន់​យូរ៉ូ(ប្រហែល ២៣៦០​ដុល្លារ) ដល់​ប្ដី​ប្រពន្ធ​ដែល​ទៅ​តាំង​ទី​លំនៅ​ក្នុង​ក្រុង Candela នៃ​តំបន់ Puglia។

លោក Nicola Gatta ដែល​ជា​ចៅហ្វាយ​ក្រុង Candela បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា លោក​ចង់​ឲ្យ​ប្រជាជន​កើន​ឡើង​ដល់ ៨ពាន់​នាក់​ដូច​កាល​ទសវត្ស​ឆ្នាំ​១៩៩០ ​ឡើង​វិញ បន្ទាប់​ពី​ប្រជាជន​ថយ​ចុះ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ បច្ចុប្បន្ន មាន​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​តូច​មួយ​នេះ ប្រហែល ២៧០០​នាក់​ប៉ុណ្ណោះ។

ការ​ធ្លាក់​ចុះ​ចំនួន​ប្រជាជន​នៅ​តំបន់​នេះ បាន​ក្លាយ​ជា​កង្វល់​របស់​ប្រទេស​អ៊ីតាលី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប្រជាជន​ជា​ច្រើន ចាប់​ផ្ដើម​ធ្វើ​ចំណាក​ស្រុក បន្ទាប់​ពី​មាន​សង្គ្រាម​កើត​ឡើង។ ដោយ​សារ​តែ​ឱកាស​ការងារ និង​សេដ្ឋកិច្ច​នៅ​ក្រុង​នេះ ជួប​បញ្ហា ប្រជាជន​នាំ​គ្នា​ចាក​ចេញ​ដោយ​មិន​ត្រលប់​ទៅ​កាន់​ទី​កន្លែង​កំណើត​វិញ។

ការ​ឧបត្ថម្ភ​ដល់​ប្រជាជន ដើម្បី​ជំរុញ​ឲ្យ​ទៅ​រស់​នៅ​ក្រុង Candela មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក៏​ចៅហ្វាយ​ក្រុង​នេះ បាន​បង្ហោះ​តាម Facebook ផ្ដល់​ប្រាក់​ឲ្យ​អ្នក​ទៅ​តាំង​ទី​លំនៅ​ក្នុង​ក្រុង Candela ដែរ ប៉ុន្តែ​ដក​ចេញ​វិញ ព្រោះ​តែ​អ្នក​នៅ​ក្នុង​ក្រុង​នាំ​គ្នា​ទៅ​ទាម​ទារ​យ៉ាង​ច្រើន។

បច្ចុប្បន្ន ចំណាត់​ការ​នេះ បាន​ចេញ​ជា​ថ្មី​ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។ លក្ខខណ្ឌ​ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ចៅហ្វាយ​ក្រុង​នោះ​គឺ ត្រូវ​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្រុង Candela ជា​អចិន្ត្រៃយ៍, ជួល​ផ្ទះ​ក្នុង​ក្រុង​នេះ ហើយ​អាច​រក​ចំណូល​បាន​លើស​ពី ៧៥០០​យូរ៉ូ​ក្នុង​មួយ​ឆ្នាំ។ សម្រាប់​ប្ដី​ប្រពន្ធ នឹង​ទទួល​បាន​ប្រាក់ ២ពាន់​យូរ៉ូ ឯ​អ្នក​ដែល​ទៅ​រស់​នៅ​ម្នាក់​​ឯង​នឹង​ទទួល​បាន ៨០០យូរ៉ូ៕

ចុចអានអត្ថបទ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ គង់ វិសាល