បុគ្គលិក​រោងចក្រ​ដំឡើង​ iPhone ​នៅ​ចិន​នាំ​គ្នា​តវ៉ា​រឿង​មិន​ផ្ដល់​ប្រាក់​រង្វាន់​

  • 2017-10-20 13:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ឃ្លាំមើល​ពលកម្ម​ការងារ​ចិន​ China Labor Watch មាន​មូលដ្ឋាន​នៅ​ក្រុង​ញីវយ៉ក​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ បុគ្គលិក​រាប់​រយ​នាក់​បាន​នាំ​គ្នា​តវ៉ា​លើ​ដង​ផ្លូវ​ដោយ​បិទ​ច្រកចូល​រោងចក្រ​ដំឡើង​ iPhone ​របស់​ក្រុមហ៊ុន​ Apple នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​លើ​ករណី​មិន​បើក​ប្រាក់​រង្វាន់​ឱ្យ​បុគ្គលិក​។

ប្រហែល​បុគ្គលិក​ ៦០០ ​នាក់​នាំ​គ្នា​តវ៉ា​ក្រោយ​ពួកគេ​មិន​ទទួល​បាន​ប្រាក់​រង្វាន់​តាម​ដែល​ក្រុមហ៊ុន​សន្យា​ ។ បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ជួប​បញ្ហា​នេះ​ត្រកូល​ Zhang ​និយាយ​ថា​ រូប​លោក​ត្រូវ​បាន​រោងចក្រ​សន្យា​ផ្តល់​ឱ្យ​នូវ​ប្រាក់​រង្វាន់​រហូត​ដល់​ ១ ០៥៦ ​ដុល្លារ​បើ​សិន​ជា​បន្ត​ធ្វើការ​ក្នុង​រយៈពេល​ ៤៥ ​ថ្ងៃ​ហើយ​ជាង​ ៣ ខែ​មក​ហើយ​លោក​មិន​ទាន់​ទទួល​បាន​ប្រាក់​រង្វាន់​ទេ។ ដោយ​ឡែក​លោក​ Tu Changli ​សន្តិសុខ​ប្រចាំ​ក្រុមហ៊ុន​ Jabil ​និយាយ​ថា​សហជីព​ការងារ​សន្យា​ឱ្យ​គាត់​ ៣០២ ​ដុល្លារ​បើ​សិន​គាត់​បន្ត​យាម​រយៈពេល​ពីរ​ខែ​ប៉ុន្តែ​លោក​មិន​ទទួល​បាន​ប្រាក់​។

ការ​តវ៉ា​នេះ​កើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​នៅ​ឯ​រោង​ចក្រ​ Green Point ​របស់​ក្រុមហ៊ុន​ Jabil Inc. ​ស្ថិត​ក្នុង​ក្រុង​ Wuxi បាន​ញ៉ាំង​ឱ្យ​ក្រុមហ៊ុន​ Apple ​បើក​ការ​ស៊ើប​អង្កេត​និង​ដោះស្រាយ​បញ្ហា​ទូទាត់​ខុស​គ្នា​ ។ ក្រុមហ៊ុន​ Apple និយាយ​ក្នុង​សារអេឡិចត្រូនិក​ទៅ​កាន់​ China Labor Watch ​ថា យើង​កំពុង​ស្នើ​ឱ្យ​ក្រុមហ៊ុន​ Jabil បញ្ជូន​ក្រុម​ស្ទង់មតិ​ជាក់​លាក់​មួយ​ដើម្បី​បញ្ជាក់​ពី​ចំណុច​ដែល​មាន​គម្លាត​ក្នុង​ការ​ទូទាត់​ហើយ​ពួកគេ​ត្រូវ​តែ​បង្កើត​ផែនការ​សកម្មភាព​ដោយ​ធានា​ថា​ បុគ្គលិក​ទាំង​អស់​ត្រូវ​បាន​ផ្ដល់​ជូន​ប្រាក់​រង្វាន់​ដែល​ក្រុមហ៊ុន​សន្យា​ផ្ដល់​ឱ្យ​ពួក​គេ​ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក្រុមហ៊ុន​ Jabil និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​ធានា​ឱ្យ​បាន​ថា​គ្រប់​បុគ្គលិក​គ្រប់គ្នា​ត្រូវ​បាន​ផ្តល់​ប្រាក់​រង្វាន់​ដោយ​យុត្តិធម៌​និង​ទាន់​ពេល​វេលា​៕

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ