Conte ថា "គ្រូ​បង្វឹក​ទាំង​អស់​គួរ​គិត​ពី​ក្រុម​ខ្លួន​ឯង​បាន​ហើយ កុំ​គិត​ក្រុម​គេ"

  • 2017-10-20 14:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ Chelsea លោក Antonio Conte បាន​និយាយ​ថា​គ្រូ​បង្វឹក​ទាំង​អស់​គួរ​តែ​ចាប់​អារម្មណ៍​រឿង​ក្រុម​ខ្លួន​ឯង​បាន​ហើយ។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក Conte ជា​ថ្មី​មួយ​ទៀត​ទៅ​លើ​លោក Jose Mourinho ដែល​កាល​ពី​ពេល​ថ្មី​នេះ​និយាយ​ថា អ្នក​ចាត់​ការ​ខ្លះ​តែង​តែ​ត្អូញ​ហើយ​ត្អូញ​ទៀត​រឿង​កីឡាករ​របួស។

កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ លោក Conte បាន​និយាយ​ឆ្លើយ​តប​បែប​ប្រតិកម្ម​ម្ដង​រួច​ហើយ​ទៅ​លើ​ពាក្យ​សម្ដី​របស់​លោក Mourinho ទាក់​ទង​នឹង​កីឡាករ​របួស​ហ្នឹង ដោយ​លោក​ថា លោក Mourinho គួរ​តែ​គិត​តែ​លើ​ក្រុម​ខ្លួន​ឯង​ហើយ កុំ​គិត​លើ Chelsea ដែល​ជា​ក្រុម​របស់​លោក​ទៀត។

ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ ពេល​សួរ​ថា​តើ​លោក​ស្ដាយ​ក្រោយ​ទេ​ដែល​និយាយ​បែប​នេះ​ទៅ​លើ Mourinho អ៊ីចឹង​ លោក Conte ឆ្លើយ​ថា៖ "ស្ដាយ​ក្រោយ? ម៉េច​ក៏​គ្រូ​បង្វឹក​ជា​ច្រើន​អាច​គិត​តែ​អំពី​ក្រុម​ខ្លួន​ឯង​បាន​ ហើយ​ម៉េច​បាន​​គ្រូ​បង្វឹក​ខ្លះ​ទៀត​ធ្វើ​មិន​បាន។ ចម្លើយ​របស់​ខ្ញុំ​នៅ​ដដែល គ្រូ​បង្វឹក​ទាំង​អស់​គួរ​តែ​យក​ចិត្ត​ដាក់​លើ​ក្រុម​ខ្លួន​ឯង​បាន​ហើយ។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត"។ ពេល​អ្នក​សារព័ត៌មាន​សួរ​បន្ថែម​ថា តើ​លោក​ធុញ​ទ្រាន់​នឹង​លោក Mourinho ទេ អ្នក​ចាត់​ការ​អ៊ីតាលី​រូប​នេះ​តប​ថា៖ "ខ្ញុំ​គិត​ថា​នេះ​ជា​សំណួរ​ឆ្កួត​បំផុត។ វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែល​អ្នក​ឯង​ចាប់​អារម្មណ៍​រឿង​ហ្នឹង"។

គួរ​បញ្ជាក់​ផង​ដែរ​ថា Chelsea កំពុង​ជួប​វិបត្តិ​របួស​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កីឡាករ​ឆ្នើម​ៗ​ដូច​ជា N'Golo Kante, Danny Drinkwater, Victor Moses, David Luiz ជា​ដើម សុទ្ធ​តែ​នឹង​មិន​អាច​ជួយ​ក្រុម​បាន​ទេ​ក្នុង​ការ​ប្រកួត​ខាង​មុខ ដោយសារ​របួស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ Samedy