អាមេរិក​ជំរុញ​ឲ្យ​ជើង​ហោះហើរ​ ហាម​ឃាត់​ការ​ទុក​កាមេរ៉ា​ក្នុង​វ៉ាលី

  • 2017-10-21 04:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​ជើង​ហោះហើរ​ជុំវិញ​ពិភពលោក​ ហាម​ឃាត់​ការ​រក្សា​ទុក​​កាមេរ៉ា​, កុំព្យូទ័រ​យួរ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ធំៗ​ដទៃ​ទៀត​ ក្នុង​វ៉ាលី​ ដោយ​បារម្ភ​ថា​​ថ្ម​ក្នុង​ឧបករណ៍​ទាំង​នេះ​អាច​នាំ​ឲ្យ​មាន​អគ្គីភ័យ។

សារព័ត៌មាន​ Chicago Tribune បាន​រាយការណ៍​ថា​​ការ​ជំរុញ​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​​ដែល​ទើប​ចុះ​បញ្ជី​ជា​មួយ​​នឹង​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ (ICAO) ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ​សហប្រជាជាតិ​ (U.N)។

សហព័ន្ធ​អាកាសចរ​ (FAA) បាន​ធ្វើ​​ការ​សាក​ល្បង​ដែល​ពាក់ព័ន្ធ​​នឹង​ ការ​ដាក់​​កំប៉ុង​បាញ់​ថ្នាំ​ ​ក្បែរ​​ថ្ម​លីចូម​របស់​កុំព្យូទ័រ​យួរ​ដៃ ដែល​បាន​​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ថ្ម​កើន​ឡើង​ជា​លំដាប់។ FAA បាន​បញ្ជាក់​ថា ៖ "គេ​បាន​សន្និដ្ឋាន​ហើយ​ថា​ ប្រសិន​បើ​​ឧបករណ៍​អេឡិចត្រូនិក​​ដាក់​ក្នុង​វ៉ាលី​ជា​មួយ​នឹង​​កំប៉ុង​បាញ់​ថ្នាំ​ ហើយ​​មាន​ការ​កើន​ឡើង​កម្ដៅ​ នោះ​អាច​នាំ​ឲ្យ​កើត​មាន​ការ​ផ្ទុះ​កំប៉ុង​បាញ់​ថ្នាំ​បាន ហើយ​បង្ក​បាន​ជា​អគ្គីភ័យ”។

ការ​ទុក​​ថ្ម​ជា​មួយ​នឹង​​សម្ភារៈ​ដទៃ​ទៀត​ដូច​ជា​​ទឹក​អាកុល, ទឹក​លាង​ដៃ និង​ទឹក​លាង​ក្រចក​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​អគ្គីភ័យ​បាន​ដែរ។ លទ្ធផល​ពី​ការ​សាក​ល្បង​​ទាំង​នេះ​ នាំ​ឲ្យ​ FAA ធ្វើ​ការ​ណែនាំ​ថា​​គ្រឿង​អេឡិចត្រូនិក​ដែល​ធំ​ជាង​ស្មាតហ្វូន​ គួរ​តែ​ហាម​ឃាត់​កុំ​ឲ្យ​ទុក​ក្នុង​វ៉ាលី លុះ​ត្រា​តែ​មាន​​ការ​អនុញ្ញាត​ពិសេស​ពី​ជើង​ហោះហើរ។ ភ្នាក់ងារ​ធំៗ​ និង​ជើង​ហោះ​ហើរ​ដទៃ​ទៀត​ រួម​មាន​​សហព័ន្ធ​សុវត្ថិភាព​អឺរ៉ុប (ESA) និង​ Airbus បាន​ឯកភាព​នឹង​ការ​ណែនាំ​នេះ​ហើយ​។

​​​​​​​ICAO គឺ​ទទួល​ខុស​ត្រូវ​លើ​​កម្រិត​សុវត្ថិភាព​ស្តង់ដារ​ទូទាំង​សកលលោក​ ដូច​នេះ​​ប្រទេស​ និង​ ជើង​ហោះ​ហើរ​ជា​សមាជិក​ អាច​នឹង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នេះ​ដូច​គ្នា។ ការ​លើក​ឡើង​អំពី​ការ​ហាម​ឃាត់​នេះ​ដែរ​​នឹង​ត្រូវ​យក​ពិភាក្សា​បន្ត​ទៀត​​ អំឡុង​កិច្ច​ប្រជុំ​របស់​ ICAO ក្នុង​ពេល​ពីរ​សប្ដាហ៍​ទៀត។

ប្រសិន​បើ​ការ​ហាម​ឃាត់​នេះ​​ត្រូវ​បាន​ជើង​ហោះហើរ​លើ​ពិភពលោក​យក​អនុវត្តន៍​ នោះ​វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​​អ្នក​ថត​រូប​ទាំង​ឡាយ​ណា​ ដែល​ត្រូវ​ដឹក​ជញ្ជូន​ឧបករណ៍​របស់​ខ្លួន​តាម​វ៉ាលី​ជា​មិន​ខាន។ យ៉ាងណាក្ដី​ ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច​មួយ​ គឺ​អ្នក​ថត​រូប​ប្រហែល​ជា​ត្រូវ​ដោះ​ថ្ម​លីចូម​ចេញ​ពី​កាមេរ៉ា​ និង​ឧបករណ៍​ដទៃ​ទៀត​ រួច​​ដាក់​នៅ​ក្នុង​កាតាប​ស្ពាយ​ជាប់​ខ្លួន​តែ​ប៉ុណ្ណោះ៕ ​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង