តន្ត្រី​សប្បុរស​ធម៌​តូយ៉ូតា បិទ​ឈប់​លក់​សំបុត្រ​ព្រោះ​អ្នក​ចូល​មើល​លើស​កំណត់

  • 2017-10-21 08:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន្ត្រី​សប្បុរសធម៌​រៀប​ចំឡើង​ដោយក្រុម​ហ៊ុន តូយ៉ូតា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ល្ងាច​នេះ នឹង​មាន​ការ​យាង​ចូល​រួម​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ពី​ព្រះ​ករុណា​ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ រីឯ​សំបុត្រ​វិញ លក់​អស់​លើស​គម្រោង​ដែល​បាន​គ្រោង​ទុក រហូត​កម្មវិធី​នេះ​ត្រូវ​បិទ​ឈប់​លក់​បន្ត។

ប្រធាន​ក្រុម​ហ៊ុន តូយ៉ូតា កម្ពុជា លោក​ឧកញ៉ា គង់ នួន បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​នេះ​ថា កម្មវិធី​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ថវិកា​ទាំង​អស់​ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផាដោយ​ផ្ទាល់ ពី​ដំណាង​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នា​ខែ​វិច្ឆិកា​ខាង​មុខ។ ការ​ប្រគំ​តន្ត្រី​​សប្បុរស​ធម៌​តូយ៉ូតា ក្លាស៊ិក នៅ​ល្ងាច​នេះ​មាន​ការ​ចូលរួម​ប្រគំតន្ត្រី​ពី​ក្រុម​តន្ត្រី Royal Philharmonic Concert Orchestra មក​ពី​ចក្រភព​អង់គ្លេស និង​មាន​ការ​​ចូល​រួម​សម្ដែង​ពី​សិល្បករ​ខ្មែរ​លោក អ៊ាង ស៊ីធុល ផង​ដែរ ។

ប្រធានក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) លោក គង់ នួន រាប់​ពី​ស្ដាំ​ទី២

"តន្ត្រី​មនុស្សធម៌ តូយ៉ូតា ក្លាស៊ិក លើក​នេះ យើង​ធ្វើ​ឡើង​គឺ​ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា​ ហើយ​ការ​ប្រគំ​តន្ត្រី​នេះ នឹង​មាន​ការ​យាង​ចូល​រួម​ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ពី​ព្រះ​ករុណា​ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ផង​ដែរ"។

បើ​តាម​នាយក​ចាត់ការ​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុម​ហ៊ុន តូយ៉ូតា កម្ពុជា​លោក លី ប៊ុនហៃ បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃ​ដាក់​លក់​សំបុត្រ​ដំបូង​ថ្ងៃ​ទី៤​ខែ៩ រហូត​ដល់​ថ្ងៃ​ទី២១​នេះ​សំបុត្រ​លក់​បាន​ចំនួន ៦៤២ សំបុត្រ ដោយ​ចំនួន​នេះ​លើស​ពី​ការ​គ្រោង​ទុក​របស់​កម្មវិធី។ លោក​បញ្ជាក់​ថា កម្មវិធី​នេះ គ្រោង​លក់​សំបុត្រ​ចំនួន​តែ ៥៨០ សន្លឹក​ប៉ុណ្ណោះ តែ​ជា​លទ្ធផល​សំបុត្រ​លក់​លើស​កំណត់ ដូច្នេះ​ក្រុម​ហ៊ុន​ត្រូវ​បិទ​ឈប់​លក់​សំបុត្រ​បន្ត។

នាយកចាត់ការ​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុម​ហ៊ុន តូយ៉ូតា (ខេមបូឌា) លោក លី ប៊ុនហៃ រាប់​ពីស្ដាំ​ទី១

ទឹក​ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ល្ងាច​នេះ បាន​ចំនួន២២,៤៧០ដុល្លារ ​(ពីរ​ម៉ឺន​ពីរ​ពាន់ បួន​រយ​ចិតសិប​ដុល្លារ​អាមេរិក) ហើយ​ថវិកា​ទាំង​នេះ​នឹង​យក​ទៅ​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទាំង​ស្រុង។ ដោយ​ឡែក​ក្រុម​ហ៊ុន តូយ៉ូតា ក៏​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ដល់​មន្ទីរ​ពេទ្យ គន្ធបុប្ផា ចំនួន ២៣,០០០ដុល្លារ​អាមេរិក ផង​ដែរ ដោយ​មិន​បូក​បញ្ចូល​ថវិកា​លក់​សំបុត្រ​ឡើយ។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រគំ​ដន្ត្រី​សប្បុរស​ធម៌ តូយ៉ូតា ក្លាស៊ិក នឹង​ត្រូវ​សម្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី២១​នេះ​នៅ​សាល​សន្និសីទ​ចតុមុខ។ នេះ​ជា​លើក​ទី៥ហើយ ដែល​ក្រុម​ហ៊ុន តូយ៉ូតា បាន​រៀប​ចំ​កម្មវិធី​តន្ត្រី​សប្បុរស​ធម៌​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​លើក​ទី​២៨ ដែល​ក្រុម​ហ៊ុន​នេះ​បាន​រៀបចំ​តន្ត្រី​មនុស្សធម៌​ក្នុង​២០១៧​នេះ។ តន្ត្រី​មនុស្សធម៌ តូយ៉ូតា ក្លាស៊ិក ចាប់ផ្ដើម​បង្កើត​ក្នុង​ឆ្នាំ១៩៩០ បាន​ប្រគំ​តន្ត្រី​មនុស្សធម៌​ចំនួន១៩៣លើក​នៅ​អាស៊ី ហើយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ប្រគំ​តន្ត្រី​មនុស្សធម៌​កន្លង​មក ក្រុម​ហ៊ុន​បាន​យក​ទៅ​បរិច្ចាគ​លើ​កម្មវិធី​មនុស្សធម៌​នានា។

ចុចអាន៖

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទពេញនិយម