KMH Champions League ​ចែក​ពូល​រួច​រាល់​ ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ​​ត​ទៅ

  • 2017-10-22 02:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់​ទាត់​ពាក់​កណ្តាល​អាជីព​ធំ​ជាង​គេ​បង្អស់​នៅ​​​កម្ពុជា KM​H​​ Champions League រដូវ​កាល​ទី៣ នឹង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃទី២៨ ​ខែ​តុលា​ ឆ្នាំ​២០១៧ នេះ​ត​ទៅ​ហើយ​។ នេះ​បើ​យោង​តាម​លោក កាំង​ សេន នា​យក​គណៈកម្មាធិការ​បាល់ទាត់ ខេ អឹម អេច ក្នុង​កម្មវិធី​ចាប់​ពូល​កាល​ពី​ម្សិលមិញ។

លោក កាំង សេន

លោក កាំង សេន បាន​និយាយ​ថា​ការ​ប្រកួត KM​H Champions League រដូវកាល​ទី​៣​នេះ​ មាន​ការ​ចូល​រួម​ពី​ក្រុម​បាល់ទាត់​ល្អៗ និង​ធំ​ៗ មក​ពី​ទូទាំង​រាជធានី​ភ្នំពេញ សរុប ៣២ ក្រុម ។ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន KM​H Champions League រដូវកាល​នេះ នឹង​ត្រូវ​បែងចែក​ចេញ​ជា​ ៤​ពូល ដែល​ក្នុង​មួយ​ពូលៗ​មាន ៨​ក្រុម​ ​ហើយ​នឹង​ធ្វើ​ឡើង​ពេញ​មួយ​រដូវកាល។ ​ការ​ប្រកួត​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ពាន​បាល់ទាត់​អឺរ៉ុប គឺ​ប្រកួត​លក្ខណៈ​ក្នុង​និង​ក្រៅ​ទឹកដី (Home & Away)។

ព្រឹត្តិការណ៍​នេះ​ផង​ដែរ នឹង​អនុញ្ញាត​ឲ្យ​កីឡាករ​អាជីព​ចូលរួម​មួយ​ក្រុម​២​រូប កីឡាករ​បរទេស​៤​រូប​​ប៉ុន្តែ​អាច​លេង​លើ​ទីលាន​ត្រឹម​តែ​២​រូប​ប៉ុណ្ណោះ ។ KMH Champions League  រដូវ​កាល​ទី​៣​នេះ​ នឹង​កាន់​តែ​មាន​សភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុន ព្រោះ​មាន​ទាំង​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេកប៊ុក ព្រម​ជាមួយ​នឹង​រង្វាន់​យ៉ាង​ច្រើន​អស្ចារ្យ សរុប​ជាង​ ១០០លានរៀល​​​។

KM​H Champions League ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ច្របាច់​បញ្ចូល​គ្នា​ រវាង​ក្រុម​បាល់ទាត់​ល្អៗ និង​ធំៗ មក​ពី​ទូទាំង​រាជធានី​ភ្នំពេញ ។ KM​H Champions League បង្កើត​ឡើង​ក្នុង​បំណង​ចូលរួម​លើក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ផ្តល់​ឪកាស​ដល់​យុវជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ទេពកោសល្យ ក៏​ដូច​ជា​បង្ហាញ​សមត្ថភាព​របស់​ខ្លួន និង​ប្រមូល​លុយ​សប្បុរសធម៌​ដើម្បី​ជួយ​​ដល់​សង្គម។ ជាក់ស្តែង តាមរយៈ KM​H Champions League និង KMH Cup រដូវកាល​កន្លង​មក​នេះ ​ធ្លាប់​ប្រមូល​ប្រាក់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ដើម។

សូម​បញ្ជាក់​ថា​ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​​ពាន​រង្វាន់​ KMH Champions League ​ខាង​លើ ក្រុម​លេខ​១​បាន​៤៨​លាន​រៀល ​ក្រុម​លេខ​២​បាន​២៤​លាន​រៀល ​ក្រុម​លេខ​៣​បាន​១២​លាន​រៀល ​ក្រុម​លេខ​៤​បាន​៦​លាន​រៀល។ ​ពាន​នេះ​ដែរ សម្រាប់​ក្រុម​ណា​ដែល​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម ​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត ១​លាន​២​សែន​រៀល ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​បាន ២​លាន ៤​សែន​រៀល៕

អត្ថបទ៖ មុន្នីរម្យ