Kane អាច​នឹង​ចំណាយ​ពេល​ពេញ​មួយ​អាជីព​នៅ Spurs ដោយ​ហេតុផល​២យ៉ាង

  • 2017-10-22 08:47:28
  • ចំនួនមតិ

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម អំពី​ការ​ផ្ទេរ​របស់​បេក្ខភាព​ដណ្ដើម​ពាន​ Ballon d'Or ថា​អាច​នឹង​ទៅ​លេង​ឲ្យ​ Real Madrid កំពុង​មានការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​​ទូរទស្សន៍​កីឡា​ដ៏​មាន​ប្រជាប្រិយភាព Fox Sports បាន​វិភាគ​ថា Kane អាច​នឹង​ចំណាយ​ពេល​ពេញ​មួយ​អាជីព​នៅ Spurs ដោយ​យោល​លើ​ហេតុ​ផល​ ២ យ៉ាង៖

១ ស្ថានភាព​ក្រុម

Fox Sports យល់​ថា​ Kane គ្មាន​ហេតុ​ផល​ណា​ដើរ​ចេញ​ពី​ក្លឹប​មាន់​ខ្នាយ​មាស Tottenham នោះ​ទេ ដរាប​ណា​ក្លឹប​នេះ​នៅ​តែ​ជា​ក្រុម​ដែល​ខ្លាំង​ទាំង​នៅ​ក្នុង​ League និង​តំបន់​អឺរ៉ុប។

បច្ចុប្បន្ន Spurs ជា​ក្រុម​១​ក្នុង​ចំណោម​៥​ក្រុម​របស់​អង់គ្លេស ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League វគ្គ​ Group stage ស្ថិត​នៅ​លេខ​២​បណ្ដោះ​អាសន្ន​ ក្នុង​ពូល H មាន​៧​ពិន្ទុ ស្មើ​ក្រុម​លេខ​១ Real Madrid ខណៈ​ក្រុម​រង​ជើង​ឯក ២០១២/១៣ Borussia Dortmund នៅ​បាត​តារាង​ មិន​ទាន់​ឈ្នះ​១​ប្រកួត​នៅ​ឡើយ។

ក្នុង​ក្របខ័ណ្ឌ EPL ក្រុម Spurs កំពុង​ឈរ​លេខ​៣​ បណ្ដោះ​អាសន្ន ហើយ​សម្រាប់​សប្ដាហ៍​ទី​៩​​នេះ គេ​នៅ​សល់​១​ប្រកួត​ទៀត​ ដែល​នឹង​ត្រូវ​ធ្វើការ​ធ្ងន់​ជាមួយ Liverpool យប់​នេះ។ ​

២ បំណង​របស់​ Kane

អ្នក​ចាត់​ការ​ក្លឹប​ Real Madrid លោក Zinedine Zidane កំពុង​ចែចូវ​ Kane ប៉ុន្តែ​កីឡាករ​វ័យ​២៤​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​ ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ រក​បាន១៥គ្រាប់​ក្នុង​ចំនួន​១៥ប្រកួត​ទាំង​ក្នុង​ League និង លេង​ឲ្យ​ជម្រើស​ជាតិ មិន​បាន​បង្ហាញ​បំណង​ចែក​ផ្លូវ​ជាមួយ​ Spurs ឡើយ។ “ខ្ញុំ​ចង់​ក្លាយ​ជា​​កីឡាករ​ម្នាក់​ លេង​ឲ្យ​ក្លឹប​តែ​មួយ​គត់។ ខ្ញុំ​ចង់​នៅ​ទីនេះ ដូច​ដែល​ពួក​យើង​កំពុង​រីកចម្រើន។ កីឡដ្ឋាន​របស់​ពួក​យើង​នឹង​សង់​រួចរាល់​ឆាប់ៗ ហើយ​អ្នក​ដឹកនាំ​របស់​ពួក​យើង​ក៏​អស្ចារ្យ​ទៅ​ទៀត"។ Kane និយាយ។

អតីត​ខ្សែ​បម្រើ​ស្លាប Gareth Bale របស់​ក្លឹប​មាន់​ខ្នាយ​មាសTottenham Hotspur បាន​ផ្លាស់​ទៅ​លេង​ឲ្យ​អធិរាជ​ស Real Madrid ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​កំណត់ត្រា​ពិភពលោក​គឺ ៨៦ លាន​ផោន​ ក្នុង​ឆ្នាំ ២០១៣។ ប៉ុន្តែ​មួយ​រដូវ​កាល​ចុង​ក្រោយ​នេះ គេ​លេង​មិន​បាន​ល្អ ដោយ​សារ​របួស​រ៉ាំរ៉ៃ​ពេក ដែល​ក្លឹប​អាច​នឹង​វាយ​ចេញ​នៅ​ដើម​ខែ​មករា ដើម្បី​ជះ​លុយ​ទិញ Kane មក​ជំនួស​វិញ។ ប្រហែល​ជា​មេរៀន​​នេះ​ទេ​ដឹង ដែល​ធ្វើ​ឲ្យ​ Kane ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​តែ​នៅ ឬ ទៅ​ក្លឹប​របស់​ Bale៕


ប្រភព៖ Fox Sports Asia ប្រែសម្រួល៖ សុខ លាងហ៊ត