វិភាគ​ ជឿ​ទេ​ វឌ្ឍនាកា​ លេង​ឲ្យ​ Fujieda ៧​នាទី​ម្សិល​មិញ​ជា​សញ្ញា​ល្អ​?

  • 2017-10-23 06:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ Fujieda MYFC ក្នុង​ក្រប​ខណ្ឌ​លីគ​បាល់ទាត់​​ជប៉ុន​លំដាប់​ទី​៣​​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ទៅ​ប្រកប​អាជីព​នៅ​ទី​នោះ​បាន​រយៈ​ពេល​ជិត​មួយ​​រដូវ​កាល​ហើយ។

ចាន់ វឌ្ឍនាកា

ចាប់​តាំង​ពី​ខ្ចី​ជើង​ទៅ​​ទឹក​ដី​ជប៉ុន​កាល​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៧​​កន្លង​មក​ តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​មិន​បាន​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ឲ្យ​ក្លឹប​ Fujieda MYFC ឡើយ។ ពេល​ខ្លះ​រូប​គេ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បម្រុង​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​គ្មាន​ឈ្មោះ​បម្រុង​ផង។

​ថ្វី​បើ​រូប​គេ​មិន​បាន​លេង​ឲ្យ​ក្លឹប​នៅ​ជប៉ុន​ ប៉ុន្តែ​កីឡាករ​រូប​នេះ​ហាក់​មាន​សមត្ថភាព​ បច្ចេកទេស​ និង​កម្លាំង​ខ្លាំង​ជាង​ពេល​ដែល​រូប​គេ​នៅ​កម្ពុជា។ រាល់​ពេល​ដែល​រូប​គេ​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ម្តង​ៗ ស្ទើរ​គ្រប់​ការ​ប្រកួត​រូប​គេ​បាន​ជាប់​ជម្រើស​​១១​នាក់​ដំបូង​ និង​លេង​​ពេញ​ម៉ោង​ថែម​ទៀត​​ផង​ដែល​ខុស​ពី​រូប​គេ​នៅ​កម្ពុជា​ដែល​ភាគ​ច្រើន​លើក​វគ្គ​ទី​១​ ឬ​​ប្តូរ​ចូល​វគ្គ​ទី​២។

​យ៉ាង​ណា ទី​បំផុត​ សមាជិក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ឲ្យ​ក្លឹបFujieda MYFC ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ចាន់ វឌ្ឍនាកា​ត្រូវ​បាន​ប្តូរ​ចូល​ឲ្យ​លេង​ត្រឹម​នាទី​៨៦ និង​បន្ថែម​ម៉ោង​៣នាទី​ទៀត​ ដូច្នេះ​រូប​គេ​បង្ហាញ​ខ្លួន​លើ​ទី​លាន​បាន​៨​​នាទី។ ​រយៈ​ពេល​៨​នាទី​នេះ​ អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា ក៏​ដូច​ជា​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​កីឡា​បាល់ទាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្រោយ​ដូរ​ចូល​ភ្លាម វឌ្ឍនាកា​​ទទួល​បាន​រ៉ាប់រង​ទាត់​បាល់​ចេញ​ពី​ជ្រុង និង​គ្រប់​គ្រង​បាល់​នៅ​ពី​មុន​តំបន់​គ្រោះ​ថ្នាក់​បាន​យ៉ាង​ល្អ​ ព្រម​ទាំង​ចែក​បាល់​ឲ្យ​ទៅ​តំបន់​ខាង​ឆ្វែង។ រយៈ​ពេល​នៃ​ការ​គ្រប់​គ្រង​បាល់​នេះ​ ដៃ​គូ​ប្រកួត​ដណ្តើម​បាល់​​ពី​រូប​គេ​មិន​បាន​ឡើយ។

អ្នក​គាំទ្រ​កម្ពុជា​ភាគ​​ច្រើន​បាន​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ Facebook ថា វឌ្ឍនាកា​​ ធ្វើ​បាន​ល្អ​ ថ្វី​បើ​រយៈ​ពេល​ខ្លី​ក៏​ដោយ។ អាច​និយាយ​បាន​ថា កីឡាករ​កម្ពុជា​រូប​នេះ​​ក្រឡុក​ខ្លាំង​នៅ​តំបន់​គ្រោះ​ថ្នាក់​ ឬ​អាច​​រក​គ្រាប់​បាល់​បាន​ ប្រសិន​បើ​រូប​គេ​មាន​ពេល​ច្រើន​។ ខ្លះ​ថែម​ទាំង​លើក​ឡើង​ទៀត​ថា ចាន់ វឌ្ឍនាកា អាច​ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​របស់​ Fujieda MYFC ទៀត​ផង​ដោយ​សារ​ខ្សែប្រយុទ្ធ​ទាំង​នោះ​ហាក់​មិន​សូវ​ពូកែ​ក្រឡុក​ឡើយ។

ជុំ​វិញ​ករណី​នេះ​ដែរ​ លោក បែ មករា អ្នក​ចាត់ការ​របស់​បឹងកេត​​ដែល​ជា​អ្នក​យល់​ចិត្ត​ ចាន់ វឌ្ឍនាកា​ខ្លាំង​បាន​​លើក​ឡើង​ថា ៖«បាន​ប្តូរ​ចូល​លេង​រយៈ​ពេល​ខ្លី​មែន ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​​លេង​ដ៏​ល្អ​ ពួក​យើង​មាន​មោទនភាព​ដែល​ប្អូន​ជា​ខ្មែរ​ទី​មួយ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លីគ​ជប៉ុន​ សោក​ស្តាយ​ប្រសិន​បើ​បាន​លេង​ច្រើន​ជាង​នេះ​ប្រហែល​ល្អ​ជាង​នេះ។ សង្ឃឹម​ថា ​លោក​គ្រូ​បង្វឹក​មើល​ឃើញន​ និង​ជ្រើស​រើស​គាត់​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ​ទៀត»។

លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា

ចំណែក​​ លោក ប្រាក់​ សុវណ្ណារ៉ា អ្នក​ជំនាញ​បាល់ទាត់​ម្នាក់​បាន​​ឲ្យ​ដឹង​ថា​ ការ​លេង​​បាន​ត្រឹម​៨​នាទី​ជា​សញ្ញា​មួយ​ដ៏​ល្អ​មែន​ទែន។ កន្លង​មក វឌ្ឍនាកា បាន​ត្រឹម​បម្រុង​អត់​បាន​លេង​ ហើយ​ពេល​ខ្លះ​គ្មាន​ឈ្មោះបម្រុង​ផង​​ ប៉ុន្តែ​​ពេល​នេះ​មាន​ឈ្មោះ​ហើយ​បាន​លេង​​ថែម​ទៀត​គឺ​ជា​សញ្ញា​វិជ្ជមាន។ «ខ្ញុំ​បាន​តាម​ដាន​​​មតិ​មួយ​ចំនួន​​តាម​បណ្តាញ​សង្គម​ Facebook ដូច​ជា​​លើក​ឡើង​ថា មើល​ស្រាល​អាយ​ដល​ពេក​​ហើយ​ឲ្យ​លេង​ត្រឹម​៨​នាទី​​ តែ​បើ​យើង​គិត​​វិជ្ជមាន​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដែល​គាត់​បាន​បង្ហាញ​ខ្លួន។ សង្ឃឹម​ថា ក្លឹប​នឹង​មើល​ឃើញ​គាត់​ ហើយ​ផ្តល់​ឱកាស​ឲ្យ​គាត់​លើក​ក្រោយ​ៗ​ទៀត។

ប្រសិន​បើ​លោក​គ្រូ​ក្លឹប​ Fujieda MYFC ពិត​ជា​បាន​ឃើញ​សមត្ថភាព​ដ៏​ល្អ​របស់​ ចាន់ វឌ្ឍនាកា​កាល​ពី​ម្សិល​មិញ​នោះ កីឡាករ​កម្ពុជា​រូប​នេះ​នឹង​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ការ​បង្ហាញ​ខ្លួន​ប្រកួត​​បន្ត​បន្ទាប់​ទៀត។ ទោះ​បី​ជា​ពេល​ខ្ចី​ជើង​នៅ​សល់​មិន​ច្រើន​ទៀត​ ប៉ុន្តែ​បើ​ វឌ្ឍនាកា​បាន​បង្ហាញ​ខ្លួន​កាន់​តែ​ច្រើន​សម្រាប់​ពេល​វេលា​សេស​សល់​​ នោះ​​ក្លឹប​ដទៃ​​នឹង​កាន់​តែ​មើល​ឃើញ និង​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​សម្រាប់​អនាគត​របស់​គេ៕

អត្ថបទ៖ ជាន ចាន់រ៉ា