សាលា​ក្រុង​ត្រៀម​កញ្ឆេ​ និង​ធុងដាក់​សម្រាម​សម្រាប់​មនុស្ស​៣លាននាក់​នៅថ្ងៃ​បុណ្យ​អុំទូក​

  • 2017-10-23 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ​​បាន​ត្រៀមរួចសម្រាប់ផែនការ​ប្រមូលសម្រាម​នៅឱកាស​ពិធីបុណ្យ​អុំទូកខាង​មុខនេះ​ ប៉ុន្តែអភិបាលក្រុងនៅតែសម្ដែងការព្រួយបារម្ភថា មិនបានជោគជ័យ ល្កឹកណាបងប្អូនមិនចូលរួម។

លោក ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ ​បានថ្លែង​ក្នុងពិធី​ក្រុងពាលី​បើកការដ្ឋាន​ស្ថាបនាស្ពាន​ចំនួនពីរ​ឆ្លងទន្លេសាប​ ​កាលម្សិលមិញ​នេះថា​ ​ព្រះរាជពិធី​បុណ្យអុំទូក​នេះ​ ​សាលា​រាជធានី​ភ្នំពេញ បានរៀប​ចំនិង​ត្រៀមលក្ខណៈ​រយៈពេល​មួយ​ខែមកហើយ​ ​​ដើម្បី​រៀបចំការកែ​លម្អ​សួនច្បារ​​ ការតុប​តែង​ភ្លើង ការទុក​ដាក់បង្គន់​អនាម័យ​ ​ត្រៀម​ទទួល​បងប្អូនប្រជាពលរដ្ឋ​ពីបណ្តាខេត្ត​ដែលអញ្ជើញ​មកចូលរួម​ទស្សនា​កម្សាន្តក្នុង​ព្រះរាជពិធី​បុណ្យអុំទូក​ ​អកអំបុក​ ​និង​សំពះព្រះខែ​ ​។ ​លោកបាន​បញ្ជាក់​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូកឆ្នាំ​នេះ​រំពឹង​ថា នឹង​មានមនុស្ស​ប្រមាណ​៣លាននាក់​ចូលរួម​ក្នុងពិធីនេះ ​។

(លោក ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​)

អភិបាល​រាជធា​នីភ្នំពេញ ​បានបន្តថាៈ «រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏បានរៀបចំ​បង្គន់អនាម័យ​ ចំនួន​៤៦៦​បង្គន់ សម្រាប់​ទទួល​បងប្អូន​រជាពលរដ្ឋ​ ​ពីព្រោះ​ថាបងប្អូន​មក​លេងកម្សាន្ត​ ​និងពិសារ​អាហារ ដូច្នេះ​បងប្អូន​ពិតជាត្រូវ​ការបង្គន់​អនាម័យ​ជាចាំបាច់​ ​ហើយ​ដើម្បីកុំឲ្យ​ពួកគាត់បត់​ជើងផ្តេស​ផ្តាស​ ទាល់តែ​យើងមាន​កន្លែងសម្រាប់​ទទួល​ពួកគាត់​»។

ជាមួយ​គ្នានេះ​ លោក​បានសម្តែង​នូវការព្រួយបារម្ភ​ផងដែរថា ចំពោះ​ប្រជាពលរដ្ឋ​មកពីបណ្តាខេត្តមក​ចូល​រួមក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ​បញ្ហាប្រឈម​ គឺ​ការចោលសម្រាម​។ មនុស្ស​ជាអ្នកបង្កើត​សំរាម​ ​ដូច្នេះមនុស្ស​ទាំងអស់គ្នា​ត្រូវជួយគ្នា​ ​សុំកុំបោះ​សម្រាម​តាម​ដងផ្លូវ ​និង​តាមលើ​សួនច្បារ​ ដោយ​ក្រុមការងារ​សាលា​រាជធានី​នំពេញ​ បាន​រៀបចំ​កញ្ចេ​ចំនួន១០០០ ​និងធុង​សំរាម​ចំនួន​១០០០ ដើម្បី​ឲ្យបងប្អូន​បោះសំរាម​ចូល​ក្នុងធុងនេះ​ និង​មានកម្មករប្រមូល​សម្រាម​ចំនួន​៦៧០នាក់ ដើម្បី​រៀបចំប្រមូល​សំរាមក្នុង​ពិធីបុណ្យ​ចំភ្លាមៗ​ជារៀងរាល់​ថ្ងៃ​។

«​ប៉ុន្តែទោះ​ជាយ៉ាងនេះ​ក្តី​ ​ក៏យើងមិន​សង្ឃឹម​ថាបាន​ជោគជ័យ​១០០ភាគរយ​ដែរ​ នៅពេល​ដែល​គ្មានការ​ចូលរួមពី​សំណាក់​អ្នកមក​ចូលរួម​ក្នុងពិធី​បុណ្យ​អុំទូកនេះ​ ។ ​ប្រសិន​បើអ្នកមក​ចូលរួម​ពិធីបុណ្យ​ទាំងអស់ បាន​ចូលរួម​ទាំង​អស់គ្នា​ក្នុង​ការទុកដាក់​សំរាម​ និង​ប្រមូល​សំរាម​ ​យើង​សង្ឃឹមថា​នឹង​បាន​ជោគជ័យ​»។ ​អភិបាល​ក្រុង​បន្ថែម៕

អត្ថបទ៖ ស៊ិន សាវ៉េត