អ្នក​លក់​ដូរ​នៅ​អាងទឹក​ត្រពាំង​ថ្ម​ ត្អូញត្អែរ​ពី​ចំណូល​ធ្លាក់​ចុះ​ពាក់​កណ្ដាល ខណៈ​ភ្ញៀវ​ទៅ​លេង​ច្រើន

  • 2017-10-24 05:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មានជ័យ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ខ្លាំង ប៉ុន្តែ អ្នក​លក់​ដូរ​ ត្អូញត្អែរ​អំពី​ការ​រក​ប្រាក់​ចំណូល​ទៅ​វិញ។ តើ​មាន​មូលហេតុ​អ្វី?

ថ្វីត្បិត​តែ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន ប៉ុន្ដែ ចំនួន​អ្នក​លក់ដូរ កាន់តែ​ច្រើន​ឡើង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​លក់ដូរ​បាត់​បង់​ចំណូល។ នេះ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជាច្រើន​ទៀត ដែល​អ្នកស្រី មិញ សុភា អ្នក​លក់​ដូរ​​នៅ​រមណីយដ្ឋាន​ត្រពាំង​ថ្ម ប្រាប់ Sabay កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អ្នកស្រី មិញ សុភា

«សព្វថ្ងៃ​ខ្ញុំ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៤០ម៉ឺន ទៅ ៥០ម៉ឺន​រៀល ក្នុង​១ថ្ងៃ​ ក្នុង​ថ្ងៃ​ធម្មតា ប៉ុន្ដែ​ចំណូល​នេះ​ធ្លាក់​ចុះ​ជាង​មុន​ពាក់​កណ្ដាល»។ ស្ត្រី​វ័យ​ប្រមាណ​ជា ៤០ ឆ្នាំ និយាយ។

ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នេះ អ្នកស្រី សុភា បាន​ពន្យល់​ថា កាល​ពី​អំឡុង​ឆ្នាំ ២០០០ ពេល​មក​លក់ដូរ​ដំបូង​នៅ​រមណីយដ្ឋាន​នេះ មិន​សូវ​មាន​អ្នក​លក់​ដូរ​នោះ​ទេ មានតែ ២​ ឬ ៣ តូប​ ប៉ុណ្ណោះ ដូច្នេះ ក្នុង​១ថ្ងៃ​ អាច​លក់​មាន់​មិន​ក្រោម ៤០ក្បាល​ទេ ក្នុង​១ថ្ងៃ ប៉ុន្តែ ឥឡូវ​ធ្លាក់​ចុះ ព្រោះ​តែ​មាន​អ្នក​លក់​ដូរ​កាន់តែ​ច្រើន​ឡើង​ជាង​មុន។

ទោះ​យ៉ាង​ណា​ក៏ដោយ​ អាជីវករ​ លក់​ម្ហូប​អាហារ​នៅ​រមណីយដ្ឋាន​​ត្រពាំង​ថ្ម ជិត ២០ឆ្នាំ​ រូប​នេះ បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទៅ​លេង​តំបន់​នេះ​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​ជួយ​ជីវភាព​អ្នកភូមិ ហើយ​ថា តម្លៃ​ម្ហូបអាហារ លក់​សមរម្យ​ទេ។

  • មាន​អាំង ២៥ ០០០-៣០ ០០០ រៀល
  • ត្រី​អាំង ១០ ០០០-១៥ ០០០ រៀល
  • សម្ល​កុម្ម៉ង់ ដូចជា មាន់​ស្ងោរ ២០ ០០០ – ៣០ ០០០ រៀល

រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម មាន​ចម្ងាយ​ប្រមាណ​ជា ៥៦គីឡូម៉ែត្រ ពី​ខេត្ត​បន្ទាយ​មានជ័យ និង ៤១៦ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ។ លក្ខណៈ​ពិសេស​នេះ​រមណីយដ្ឋាន​នេះ គឺ​មាន​អាង​ទឹក​ធំ ខ្យល់​អាកាស​បរិសុទ្ធ សម្បូរ​ម្ហូប​អាហារ និង ភ្ញៀវ​អាច​ជួល​ទូក​ជិះ​ គយគន់​ផ្ទៃ​ទឹក​ផង និង ទស្សនា​សត្វស្លាប​ ជាច្រើន​ នៅ​ទី​នោះ៕

ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេង​ទៀត៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា