ឯម រៀម និយាយ​ពី​ការ​លក់​គំនូរ​ កាល​បើក​វិចិត្រសាល​ដំបូង​ និង​បច្ចុប្បន្ន ខុស​គ្នា​មេឃ​ដី​

  • 2017-10-24 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ដែល​មាន​ពហុ​ជំនាញ លោក ឯម រៀម ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា​បណ្ឌិត​ច្នៃ​ម៉ូដ បាន​រម្លឹក​ពី​ការ​លក់​គំនូរ​របស់​ខ្លួន​កាល​ពី​បើក​វិចិត្រសាល​ដំបូង​ប្រៀប​នឹង​បច្ចុប្បន្នថា ខុស​គ្នា​ដូច​មេឃ​ និង​ដី។

នៅ​ពេល​ក្រុម​ការ​ងារ Sabay សាក​សួរ​ពី​ការ​លក់​គំនូរ ក្នុង​មួយ​ថ្ងៃ​បាន​ប៉ុន្មាន​ផ្ទាំង បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​មិន​សូវ​ដាច់​ទេ បើ​ប្រៀប​ធៀប​កាល​ពី​បើក​វិចិត្រសាល​ដំបូង។ លោក​រម្លឹក​ថា ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង​សិក្សា​ផ្នែក​គំនូរ​ក្នុង​អំឡុង​ឆ្នាំ ២០០៧ លោក​ក៏​បាន​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​បាន​បើក​វិចិត្រសាល​ផ្ទាល់​ខ្លួន នៅ​ទី​ក្រុង​ភ្នំពេញ។ លោក​ថា កាល​ណោះ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​មិន​ទាន់​ធ្លាក់ គំនូរ​របស់​លោក លក់​ដាច់​ដូច​លក់​នំប៉័ង​អីចឹង លោក​គូ​សឹង​មិន​ទាន់ ប៉ុន្តែ​ក្រោយ​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ការ​លក់​ក៏​ធ្លាក់​ចុះ​ជា​លំដាប់មកទល់នឹងសព្វថ្ងៃ។​

វិចិត្រករ ឯម រាម

“កាល​ពី​បើក​វិចិត្រសាល​ដំបូង លក់​ដាច់​ណាស់ ទាំង​គំនូរ​រូបិយ​និង​អ​រូបិយ ដូច​រូប​គំនូរ​ខ្មែរ​ក្រហម​អី​ហ្នឹង មិន​ដែល​ចេះ​សល់​ទេ ដាក់​ប៉ុន្មាន​អស់​ប៉ុណ្ណឹង ភ្ញៀវ​ទិញ​អស់​ៗ តែ​បើ​ប្រៀប​មក​ឥឡូវ​វិញ​មិន​បាច់​និយាយ​ទេ ខុស​គ្នា​ដូច​មេឃ​ហើយ​នឹង​ដី​អីចឹង កុំ​ថា​ឡើយ​ទិញ​សូម្បី​តែ​ចូល​មើល​ក៏​មិន​សូវ​មាន​ផង”។

សិល្បករ​រូប​នេះ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ២០០០ សិក្សា៧ឆ្នាំ ផ្នែក​គំនូរ​ទំនើប គំនូរ​រូបិយ គំនូរ​អ​រូបិយ និង​គំនូរ​បែប​ច្នៃប្រឌិត។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​ទី​នោះ លោក​ក៏​បាន​មក​បើក​វិចិត្រសាល​ផ្ទាល់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​លក់​និង​ដាក់​តាំង​ស្នាដៃ​របស់​ខ្លួន រហូត​ដល់​សព្វថ្ងៃ។ ចំពោះ​ស្នាដៃ​របស់​លោក​ដែល​ដាក់​តាំង​ក្នុង​វិចិត្រសាល​នោះ ភាគ​ច្រើន​ភ្ញៀវ​ទេសចរណ៍​បរទេស​ទិញ ហើយ​មាន​មួយ​ចំនួន​តូច​ជាជនជាតិខ្មែរ​។

អត្ថបទ៖ ប៉ូ សាគុន