Mbappe ថា​ខ្លួន​មិន​ចង់​ក្លាយ​ជា Thierry Henry ទី​ ២

  • 2017-10-24 12:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះពេល​សួរ​ថា មាន​អារម្មណ៍​យ៉ាង​ណា ពេល​ត្រូវ​បាន​មតិ​ក្នុង​បាល់ទាត់​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​វីរបុរស​បាល់ទាត់ Thierry Henry ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង Kylian Mbappe បាន​និយាយ​ថា​ខ្លួន​ចង់​ក្លាយ​ជា​កីឡាករ​មួយ​រូប​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​នាម​ជា​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ក្នុង​នាម​កីឡាករ​ផ្សេង​នោះ​ទេ។

Mbappe ថត​រូប​ជាមួយ Henry ពេល​លេង​ឲ្យ​ Monaco

ទាក់​ទង​នឹង​សំណួរ​នេះ ខ្សែ​ប្រយុទ្ធ​ Mbappe បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន Tuttosport ថា៖ **"វា​ជា​គឺ​ជា​កិត្តិយស​មួយ​ធំ​ធេង​ណាស់​សម្រាប់​ខ្ញុំ​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ធៀប​ជាមួយ Thierry Henry ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ក្នុង​នាម​ជា​ខ្ញុំ មិន​មែន​ក្នុង​នាម​កីឡាករ​ល្បី​ណា​មួយ​ឡើយ"។**

កីឡាករ​វ័យ​ ១៨​ ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ដឹង​ថា​មនុស្ស​មាន​ការ​រំពឹង​ទុក​ខ្ពស់​ណាស់​អំពី​បច្ចេកទេស​ និង​ទម្រង់​នៃ​ការ​លេង​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​កីឡាករ​ដែល​អាច​លេង​ល្អ​ឥត​ខ្ចោះ​គ្រប់​ការ​ប្រកួត​នោះ​ទេ"។ Mbappe បន្ត​ថា៖ "ដូច្នេះ​ហើយ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្ញុំ។ ខ្ញុំ​មិន​ត្រូវ​យក​តួ​លេខ​នៃ​អាយុ​ក្មេង​របស់​ខ្ញុំ​ធ្វើ​ជា​លេស មិន​ខិត​ខំ​បន្ត​នោះ​ទេ"។

Mbappe ថត​រូប​ជាមួយ Henry ពេល​នៅ​ក្មេង​

Kylian Mbappe បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ កាល​ពី​រដូវ​កាល​មុន ដោយ​បាន​ជួយ​ក្លឹប Monaco លេង​ដល់​វគ្គ​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Champions League និង​លើក​ពាន​លីគ​កំពូល​បារាំង មុន​ពេល​ចាក​ចេញ​ទៅ PSG កាល​ពី​ដើម​ខែ​សីហា​ឆ្នាំ​នេះ។

ទោះ​ជា​ដូរ​ក្លឹប​ក្ដី Mbappe នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​ដដែល រហូត​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត Golden Boy ឆ្នាំ​២០១៧ កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម