របរ​ផលិត​កន្ត្រកពី​ធាង​ត្នោត​របស់​អ្នក​ខេត្ត​តាកែវ ប្រ​ឈម​នឹង​ការបាត់​បង់​

  • 2017-10-26 02:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ផលិត​កន្រ្តក​លើក​ឡើង​ថា​របរធ្វើ​កន្រ្តកពី​ធាង​ត្នោត​កំពុង​បាត់​បង់​បន្តិច​ម្តងៗ​ដោយ​ហេតុ​ផល​ថា​ការងារ​នេះ​ទទួល​បាន​ប្រាក់​កម្រៃទាប និង​ម្យ៉ាង​អ្នក​ប្រើ​ប្រាស់មិន​សូវ​ពេញ​និយម​ដូច​កន្រ្ត​ក​ជ័រ​ដែល​នាំ​ចូល​ពី​បរទេស។

អ្នក​ភូមិ​កំពង់ត្រាច ឃុំលាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ម្នាក់​ដែល​បាន​បោះ​បង់​របរនេះ​ប្រហែល​​១០​ឆ្នាំ​មក​ហើយ​នោះគឺ​អ្នកស្រី សុខ សុខុន ​ប្រាប់​Sabay ថា​ជាង​១០​ឆ្នាំ​​មុន​អ្នកភូមិ​ជាច្រើន​នាក់​បាន​ប្រ​កប​របរ​នេះ​។ ទោះយ៉ាងណា​អ្នក​ស្រី​ថា​ពេលនេះ នៅ​មាន​ប្រ​ហែល​ជា​​បី​គ្រួសារប៉ុណ្ណោះ។

(កន្រ្តក​ផលិត​ពី​ធាង​ត្នោត​ដែល​ទើប​ផលិត​រូច)

អ្នកស្រី​ឲ្យ​ដឹងថា​មូល​ហេតុ​ដែល​អ្នកស្រីបោះ​បង់​របរនេះ​គឺ ដោយ​សារ​ការផលិត​កន្រ្តក​ត្រូវ​ចំណាយពេល​យូរ និង​ទទួល​បាន​កម្រៃ​តិច និង​ម្យ៉ាង​អ្នក​ប្រើ​ប្រាស់​មិន​សូវ​ពេញ​និយម។

អ្នកស្រី​បន្ថែមៈ «ពិបាក​ប្រ​កួត​ប្រ​ជែងជា​មួយ​កន្រ្តក​នាំចូល​ពី​វៀតណាម...ហើយ​កូន​ៗ​គេ​គ្មាន​ចំណូល​ចិត្ត​ គេ​ងាក​ទៅ​ធ្វើការ​ងារ​សំណង់​ផ្សេងៗវិញ»។

ចំណែក​អ្នក​ស្រី មុំ​ រ៉េម វ័យ​៤៧​ឆ្នាំ​ និង​បាន​ប្រ​កប​របរនេះ​មិន​តិចជាង​២០​ឆ្នាំ​មក​ហើយ​នោះ​លើក​ឡើង​ថា​កូន​ៗអ្នកស្រី​មិន​ចាប់អារម្មណ៍​នឹង​ការងារ​ធ្វើ​កន្រ្តក​នេះ​ទេ ហើយ​ងាក​ទៅធ្វើ​ការងារ​រោង​ចក្រ​ជំនួស​វិញ។

អ្នកស្រី​បន្ថែមថាៈ « កូនៗ​គ្មាន​អ្នក​ណាចង់​បន្ត​មុខ​របរ​នេះ​ទេ​ព្រោះ​វា​លំ​បាក​ទាំង​គ្រួសារ​តែម្តង​ជួន​កាល​ត្រូវ​ត្បាញ​កន្ត្រក​ទាំង​យប់​ក៏មាន​ដែរ​តែ​ចំណូល​តិច​ណាស់​ហើយ​ក្នុង១​ខែ​អាច​ធ្វើ​កន្រ្តក​បាន​ចន្លោះ​ពី៥០​ទៅ១០០​ប៉ុណ្ណោះ​...កូនៗ​របស់​ខ្ញុំ​និយាយ​ថា​សុខ​ចិត្ត​ទៅ​ធ្វើ​ការ​រោង​ចក្រ​កាត់​ដេរ​វិញ​បាន​ចំណូល​ច្រើន​ជាង»។

(អ្នកស្រី ហែម គៅ វ័យ​៨៣​ឆ្នាំ​ កំពុង​អង្គុយ​ត្បាញ​កន្ត្រង​ពីធាង​ត្នោត អ្នកស្រី​ប្រ​កបរបរនេះ​តាំងពី​ឆ្នាំ​១៩៧៩)

ចំណែក​អ្នក​ធ្វើ​កន្រ្តក​ម្នាក់​ទៀត​គឺ​អ្នកស្រី ហែម គៅ វ័យ​៨៣​ឆ្នាំ​ អះអាងថា​អ្នកស្រីបាន​ប្រ​កប​របរនេះ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ និង​ថា​ដោយ​មិន​ចេះ​ជំនាញ​ផ្សេង​ អ្នកស្រីក៏​នៅតែ​ប្រកប​បរនេះ​។ អ្នកស្រី​ថា​កន្ត្រក​មួយ​លក់​បាន​តម្លៃ​ពី២៥០០​រៀល ទៅ​៣០០០​រៀល​ប៉ុណ្ណោះ​ខណៈ​មួយ​ខែ​អ្នក​ស្រី​ធ្វើ​បាន​យ៉ាង​ច្រើន​១០០​កន្រ្តក​។ អ្នកស្រី​បញ្ជាក់​ថា​ពេល​ផលិតបាន​មាន​ម៉ូយ​មក​ទិញ​ដល់​ផ្ទះ​ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ឯ​ផ្សារ​ខេត្ត​។​

អ្នកស្រី​បន្តថាៈ «បើ​មិន​ធ្វើ​ពិតជា​ដាច់​បាយ​មិន​ខាន»។ អ្នក​ឲ្យ​ដឹង​ដែរថា​ដោយ​សារ​តែ​បាន​កម្រៃ​តិច​បែបនេះ​ហើយ​បាន​ជា​អ្នក​ភូមិផ្សេង​ទៀត​​ឈប់​ប្រកប​របរ​នេះ​។ ​

អត្ថបទដោយ៖​ ជិន វេន