បង​ប្រុស​ វីរៈសិទ្ធ មិន​បញ្ឈប់​ត្រឹម​វីដេអូ Audio ឥឡូវ​​ប្រកាស​ចេញ MV ទៀត

  • 2017-10-26 04:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ម សំនៀង បង​ប្រុស​បង្កើត​របស់​តារា​ចម្រៀង ដួង វីរៈសិទ្ធ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា លោក​ត្រៀ​មនឹង​ចេញវីដេអូ​ចម្រៀង “អូន​ឧកញ៉ា​តី” ឆាប់​ៗ​ ក្រោយ​បទ Original Song ប្រភេទមនោសញ្ចេត​នា ជា​ស្នាដៃ​ខ្លួន​ផ្ទាល់មួយ​នេះ បាន​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជនខ្លាំង។

ប្រសិន​បើ​មិន​មាន​អ្វី​ប្រែ​ប្រួល វីដេអូ​ចម្រៀង​បទ​មនោសញ្ចេតនាលន្លង់លន្លោច​មួយ​នេះ អាច​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយតាម​គម្រោង។ លោក ម៉ម សំនៀង ប្រាប់​ថា មក​ទល់​នឹង​ពេល​នេះ ការ​ថត​បទ​ចម្រៀង​ខាង​លើ បាន​បញ្ចប់​រួច​រាល់​ហើយ ដោយ​លោកបាន​ដឹកនាំ​ទៅ​ថត​នៅ​កោះ​ឧកញ៉ាតី​ផ្ទាល់​តែ​ម្ដង ដូច​ទៅ​នឹង​ចំណង​ជើង​បទ​ចម្រៀងដែល​និយាយ​រៀបរាប់​ពី​កំណើត​ស្នេហ៍​នៅ​លើ​ដី​កោះ ខណៈ​តួ​ស្រី​ក្នុង​បទ​នេះ គឺ​កញ្ញា ម៉េង យៀកលី។ ការងារ​ដែល​នៅ​សល់ សម្រាប់​ការ​ផលិត គឺ​ត្រឹម​​តែ​ការ​កាត់​ត​កែ​សម្រួល​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ។

“បទ​ហ្នឹង ខ្ញុំ​និពន្ធខ្លួនឯង​ទាំង​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង ហើយ​ការ​ថត​ MV គឺ​ខ្ញុំ​សម្ដែង​ខ្លួន​ឯង ខ្ញុំ​​ដឹក​នាំ​ថត​ខ្លួន​ឯង​ទាំង​​អស់ ដោយ​បាន​ទៅ​ថត​នៅ​លើ​កោះ​ឧកញ៉ាតី​ផ្ទាល់​តែ​ម្ដង ហើយ​ខ្ញុំ​គ្រោង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​នេះហើយ​បង”។ ម៉ម សំនៀង បន្ថែម។

ម៉ម សំនៀង និងតួឯកស្រី ក្នុង MV

បទ “អូន​ឧកញ៉ាតី” គឺ​ជា​ស្នាដៃ​ Original Song ដំបូង​របស់​លោក សំនៀង ដែល​ផលិត​រួម​គ្នា​ដោយ​បង​ប្អូន​រួម​ត្រកូល​ “ម៉ម” គឺ​ ម៉ម សំនៀង ម៉ម វាសនា(ដួង វីរៈសិទ្ធ) និង​ម៉ម ពេជ្ជរិទ្ធ សុទ្ធ​ជា​បុគ្គល​កំពុង​ល្បី​ក្នុង​សង្គម​សិល្បៈ។ បទ​នេះ​ដែរ គឺ​កើត​ឡើង​ក្រោយ​លោក​បាន​ចូល​រួមប្រឡង​ចម្រៀង​ក្នុង​កម្មវិធី “សំនៀង​ឯក”។

អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ ដែល​កំពុង​វិវត្ត​ខ្លួន​ទៅ​ជា​តារា​ចម្រៀង​រូប​នេះ ថ្លែង​ថា “នៅ​ក្នុង​ការ​ប្រឡង​ “សំនៀង​ឯក” ជុំ​មុន​នេះ ខ្ញុំ​បាន​ច្រៀង​បទ “កោះ​ឧកញ៉ាតី” ដែល​ដាក់​ឲ្យដោយ​លោក​គ្រូ ណូយ វ៉ាន់ណេត។ ក្រោយ​ច្រៀង​បទ​ហ្នឹង​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រលាញ់​បទ​ហ្នឹង អីចឹង​ហើយចង់​មាន​អនុស្សាវរីយ៍​ជាមួយ​បទ​ហ្នឹង ទើប​សរសេរ​បទ “អូន​ឧកញ៉ាតី” នេះ​ឡើងតែ​ម្ដង”។

លោក ម៉ម សំនៀង បច្ចុប្បន្ន គឺ​ជា​អ្នក​អត្ថាធិប្បាយ​របស់​ទូរទស្សន៍​បាយ័ន ដោយ​លោក​កាន់​កម្មវិធី​អធិប្បាយ​ពីព្រឹត្តិការណ៍​ពិភព​លោក។ ដោយ​មាន​និស្ស័យ និង​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ លោក​ក៏​បាន​ព្យាយាម​វិវត្ត​ខ្លួន​មក​ជា​តារា​ចម្រៀង​តាម​រយៈ​ការ​ចូល​រួមប្រឡង​ក្នុង​កម្មវិធី​ខាង​លើ។ មាន​សំឡេងផ្អែម​ស្រទន់ លោក សំនៀង បាន​យក​ឈ្នះ​ចិត្ត​គណៈកម្មការ​ឈាន​មក​ក្នុង​ចំណោម​បេក្ខជន​សម្រាំង​១២​នាក់​ចុង​ក្រោយ និងបេក្ខជន​សរុប​ជាង​១​ពាន់​នាក់។

លោក សំនៀង ត្រៀម​នឹង​ប្រកួត​ប្រជែង​សមត្ថភាព​ជាមួយ​បេក្ខភាព​១១​នាក់​ផ្សេង​ទៀត ចំនួន​២​វគ្គ​ទៀត ដើម្បី​ដឹង​ថា នរណា​ជា​ម្ចាស់​ជយលាភី “សំនៀង​ឯក” រដូវ​កាល​ទី​១៕​

បទចម្រៀង “អូន​ឧកញ៉ាតី” របស់លោក ម៉ម សំនៀង

អត្ថបទៈ ប៊ុណា សភា