រឿង​តូច តែ​ប៉ុន​ភ្នំ! ត្រូវ​ធ្វើ​ធៀប​ការ​មុន​ប៉ុន្មាន​ខែ កុំ​ឲ្យ​រត់​​ឆ្លេឆ្លា​វល់ៗ​ដល់​ថ្ងៃ​ការ

  • 2017-10-26 10:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​ប៉ុណ្ណា​ មាន​អ្នក​ជួយ​សម្របសម្រួលប៉ុណ្ណា មាន​អ្នក​ចាំ​រត់​ការ​ផ្នែក​ផ្សេងៗ​ក្នុង​ពិធីមង្គល​ការ​ខ្លួន​ឯង​ដែរ​ឬ​ទេ? បើ​រត់​ការ​តែ​កូនកម្លោះក្រមុំ​ ចឹង​អ្នក​មាន​រឿង​ច្រើន​ដែល​ គួរ​ចាត់ចែង​មុន​ដូចជា កក់​ហាង​ (បើ​​មិន​បាន​រៀប​ចំនៅ​ផ្ទះ) ចុង​ភៅ សម្អាងការ ក្នុង​នោះ​ រឿង​បោះ​ពុម្ភ​ធៀបការ​ជា​ផ្នែក​មួយ​ដែល​អ្នក​មិន​គួរ​រំលង។

បើសិន​កូន​កម្លោះ​ក្រមុំ​ដេញ​ពេលា​នៅ​មាន​រយៈ​ពេល​យូរ​ទៀត​ទើប​រៀប​ការ​​ ជា​ការ​ងាយ​ស្រួល​ សម្រាប់​ចាត់ចែង​ពិធី​ផ្សេងៗ តែ​បើ​កៀក​ថ្ងៃ​ អ្នក​នឹង​ពិបាក​ ​ព្រោះ​បើ​និយាយ​រឿង​​ធៀបការ​វិញ ក៏​​ត្រូវ​ការ​​ចំណាយ​ពេល​ច្រើន​ផង​ដែរ ករណី​អ្នក​មាន​ភ្ញៀវ​ច្រើន​​​ពេល​វេលា​ក៏​ផ្អែក​ទៅ​តាម​នោះ​ដែរ។

"កាល​ខ្ញុំ​ គ្រប់​យ៉ាង​គឺ​ប្រថុចញ៉ុចទាំង​អស់ ដំបូង​ឡើយ​ថា​ការ​នៅ​ឆ្នាំ​ក្រោយ​តែ ដេញ​ចុះ​ដេញ​ឡើង អាចារ្យ​ថា​ចុង​ឆ្នាំ​នេះ​ល្អ​ជាង​ ចឹង​សល់​តែ​ប៉ុន្មាន​ខែ រត់​ឡើង​គ្មាន​ពេល​សម្រាក​ ណាមួយ​គ្មាន​អ្នក​ជួយ​ផង។ ចឹងហោចណាស់​គួរ​តែ​រៀប​ចំ​មុន​ឲ្យ​បាន​កន្លះ​ឆ្នាំ​ កុំ​ឲ្យ​ជិត​ដល់​ថ្ងៃ​រៀបការ​រត់​ឆ្វាត់ឆ្វែង​ចែក​ជើង​គ្នាដូច​ខ្ញុំ​។" នេះ​បើ​​តាម​ការ​លើក​ឡើង​ពី​ អ្នក​នាង សិលា បុគ្គលិក​ផ្សារ​ទំនើប​អ៊ីអន​ ប្រាប់​ Sabay មុន​នេះ។

ប៉ុន្តែ​សំណាង​ហើយ​កន្លែង​រោងពុម្ព​​​ស្គាល់​គ្នា​គេ​ឆ្លៀត​ជួយ​ធ្វើ​បាន​លឿន​ចឹង​ចំណាយ​ពេល​តែ​ជាង​១ខែ។ ហើយ​រឿង​សំខាន់​ក្រោយ​ពេល​បាន​ធៀប​ការ​នោះ​ គឺ​អញ្ជើញ​​ភ្ញៀវ ញាតិមិត្ត​ គឺ​កាន់​តែ​កៀក​ខ្លាំង​ម៉ង​ ជួន​កាល​ភ្ញៀវ​ខ្លះទៅ​ម្តង​អត់​ជួប ចឹង​ទៅ​ ច្រើន​សារ ម្យ៉ាង​បងប្អូន​ខ្លះ​នៅ​ឆ្ងាយ​ ចឹង​ចំណាយ​ពេល​ហោចណាស់​ក៏​២ ឬ ៣​ថ្ងៃ​ថែម​ទៀត​ដែរ។ សិលា បន្ថែម។

បុគ្គលិក​​ផ្សារ​ទំនើប​ខាង​លើ​បញ្ជាក់​ទៀត​ថា​ យល់ល្អបើ​អ្នក​មាន​គម្រោង​រៀបការ​ ហើយ​សល់​ពេល​យូរ​ គួរ​តែ​ទៅ​ធ្វើ​ធៀប​ការ​ឲ្យ​បាន​មុន​យ៉ាង​ហោច​ណាស់​ក៏​៥​ខែ​ដែរ ជួយ​ឲ្យ​មាន​ភព​ស្រួល​ទាំង​អ្នក​បោះ​ពុម្ភ​ ទាំង​ម្ចាស់​ការ​ផង​ដែរ។

ងាក​មក​លោក ចិត្រា បុគ្គលិក​ផ្នែក​ទី​ផ្សារ​​នៅ​ក្រុម​ហ៊ុន​មួយ ដែល​​ទើប​រៀប​ការ​ថ្មោង​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​មុន ឆ្លើយ​តប​មក​យ៉ាង​លឿន​នៅ​ពេល​ក្រុម​ការងារ​បាន​សួរ​ពាក់​ព័ន្ធ​​នឹង​ការ​រៀប​ចំ​សំបុត្រ​ការ​ លោក​ថា​៤ខែ​ល្មម​។

"៤​ ឬ ៥ខែ​ល្មម​ យើង​យក​មក​ហើយ​នៅ​ដើរ​អញ្ជើញ​ភ្ញៀវ​ទៀត​ ម្យ៉ាង​ធៀប​ហ្នឹង​ជួន​កាល​ត្រូវ​ការ​កែ​ច្រើន​ដង​ ព្រោះ​ឈ្មោះ​​ភ្ញៀវ​ខ្លះ​អាច​នឹង​ខុស​ តិច​តួច ចឹង​ត្រូវ​កែ​ថ្មី ហើយ​នៅ​ថែម​ថយ​ឈ្មោះ​ ភ្ញៀវ​ខ្លះ​ដែល​យើង​ភ្លេច​ទៀត​។" ចិត្រា​ បញ្ជាក់​តាម​រយៈ​បណ្តាញសង្គម​មុន​នេះ។

ជួប​ជាមួយ​ម្ចាស់រោងពុម្ភ​ សុខចេង មាន​ទីតាំង​ក្បែរ​សាលា​បារាំង​វិញ​លោក​ បាន​ឲ្យ​ដឹង​ថា​ ភាគ​ច្រើន​ភ្ញៀវ​មាន​គ្រប់​សណ្ឋាន បាន​ន័យ​ថា​មាន​គ្រប់​វេលា​ ជួន​កាល​មក​ធ្វើ​មុន​ មួយ​ឆ្នាំ ជួនកាល​កន្លះ​ឆ្នាំ​ ហើយ​ជួនកាល​យក​ប្រញាប់​មាន​​២ខែ​ក៏​មាន។

យ៉ាង​ណា​មិញ​ លោកបាន​ឲ្យ​ជា​យោបល់​ថា​ យក​ល្អ​គួរតែ​មក​ធ្វើ​មុន​ ៥​ខែ​ ទើប​ល្អ​ទាំង​សង្ខាង​។ ក្នុង​នោះ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ បើសិន​ភ្ញៀវ​ កុម្ម៉ង់​ តាម​ពុម្ព​ដែល​មាន​ស្រាប់​គឺ​ស្រួល​ ត្រឹម​រយៈ​ពេល​២ខែ​រួច​។ បើ​កុម្ម៉ង់​​ម៉ូដ​ផ្សេង​អាច​ចំណាយ​ពេល​យូរ​ជាង​នេះ​បន្តិច។

ធម្មតា​ម៉ូដ​មាន​ច្រើន​ អ្នក​ខ្លះ​មិន​សូវ​សាំញ៉ាំ​ច្រើន​ ពួកគេ​អាច​យក​ដូច​ពុម្ភ​ដែល​មាន​ស្រាប់​ ភ្ញៀវ​ខ្លះ​ ផ្ចិតផ្ចង់​ ចង់​បាន​ស្អាត​និង​ទាន់​សម័យ ពួកគេ​រក​ម៉ូដ​ថ្មីៗ មក​ច្នៃ​បន្ថែម​ ចឹង​អាច​នឹង​យូរ​គួរ​សម​ដែរ​ សូម្បី​តែ​អក្សរ​​ក៏​មាន​ច្រើន​ម៉ូដ​ដែរ មាន​ម៉ូដ​លិប លៀន​ ជា​ដើម​៕

អត្ថបទ៖ ថា ម៉ាលីដា