ស្លាប់ និងរបួសជាច្រើននាក់ ក្នុងករណីផ្ទុះរោងចក្រផលិតកាំជ្រួច នៅឥណ្ឌូណេស៊ី

  • 2017-10-26 14:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មានមនុស្សចំនួន ៤៧នាក់ បានស្លាប់ និង៤៣នាក់ទៀតរងរបួសបន្ទាប់ពីមានការផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងថ្ងៃនេះ នៅជិតរដ្ឋធានី Jakarta ប្រទេសឥណ្ឌូណេស៊ី។

ហេតុការណ៍ផ្ទុះមួយនេះបានកើតឡើង កាលពីព្រឹកមិញ នៅទីក្រុងរណប Tangerang ស្ថិតនៅភាគខាងលិច រដ្ឋធានី Jakarta។ បើតាមមន្ត្រីនៃភ្នាក់ងារពន្លត់អគ្គិភ័យរបស់ឥណ្ឌូណេស៊ី លោក Muhammad Suhermanto បានឲ្យដឹងថា ឡានទឹកចំនួន ១០គ្រឿងបានបានមកដល់កន្លែងកើតហេតុដើម្បីបាញ់ពន្លត់អណ្ដាតដែលភ្លើងកើតចេញការផ្ទុះមួយនេះ។ លោកក៏បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះកំពុងតែបំពេញតួនាទីរបស់ខ្លួនក្នុងខណៈពេលនេះ ប៉ុន្តែលោករំពឹងថាចំនួនជនរងគ្រោះអាចនឹងកើតឡើងទៀត។

ដោយឡែក ចំពោះមូលហេតុដែលនាំឲ្យមានការផ្ទុះរោងចក្រវិញ លោក Suhermanto បាននិយាយថា៖ "ការផ្ទុះហ្នឹងជាការផ្ទុះធំណាស់។ បើតាមការសង្ស័យរបស់យើង ការផ្ទុះនេះអាចបណ្ដាលមកពីទុសេខ្សែភ្លើងបង្កជាផ្កាភ្លើង រួចប៉ះទៅនឹងសារធាតុគីមីក្នុងរោងចក្រ ទើបធ្វើឲ្យឆេះរាលដាលសន្ធោសន្ធៅបែបនេះ"។

បើតាមមន្ត្រីប៉ូលិសផ្នែកបង្ការបទល្មើសទូទៅ លោក Nico Afinta បានប្រាប់ទូរទស្សន៍ឥណ្ឌូណេស៊ី Kompas TV ថាមាន កម្មករសរុបចំនួន ១០៣នាក់ធ្វើការក្នុងរោងចក្រផលិតកាំជ្រួចមួយនេះ។ យោងតាមពាក្យសម្ដីរបស់មន្ត្រីមូលដ្ឋានម្នាក់ទៀតថ្លែងទៅកាន់ទូរទស្សន៍ Metro TV ថារោងចក្រមួយនេះទើបតែបើកឲ្យដំណើរការបានចំនួន ៦សប្ដាហ៍ប៉ុណ្ណោះ មុននឹងជួបហេតុការណ៍ផ្ទុះមួយនេះ។

គួរបញ្ជាក់ផងដែរថា នៅប្រទេសឥណ្ឌូណេស៊ី ប្រព័ន្ធស្តង់ដារសុវត្ថិភាពអគ្គិភ័យ នៅមានកម្រិតនៅឡើយ។ កន្លងមកការឆាបឆេះជាច្រើនករណី បានកើតឡើងនៅតាមរោងចក្រឧស្សាហកម្មជាច្រើនកន្លែងក្នុងប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ៕

ប្រភព៖ CNN   ប្រែសម្រួល៖ ហ៊ីម រស្មី