របរដេរបាវ​ស៊ីម៉ងត៍បាន​ចំណូល តែ​ប្រ​ឈម​បញ្ហា​សុខភាព​

  • 2017-10-31 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បា​វ​ស៊ីម៉ងត៍ដែល​ប្រើ​រួច​​ហើយអាច​ជា​របស់​ឥត​ប្រយោជន៍​​សម្រាប់​អ្នក​មាន​ធនធាន ប៉ុន្តែ​វា​ពិត​ជា​មាន​តម្លៃ​សម្រាប់​អ្នក​ខ្សត់​ខ្សោយ។​ជាក់​ស្ដែង ស្ត្រី​មេ​ផ្ទះ​ក្នុង​ភូមិ​ត្នោត​ជ្រុំ សង្កាត់​​បឹង​ទំពន់ ខណ្ឌ​មានជ័យ ស្ទើរ​ពេញ​មួយ​ភូមិ អាច​រស់រាន​បាន​ដោយ​សារ​អាស្រ័យ​ផល​ដោយ​បាវស៊ីម៉ងត៍​មួយ​នេះ បើ​ទោះ​ជា​វា​ប៉ះពាល់​ដល់​សុខ​ភាព​ក៏​ដោយ។

​​ស្ត្រី​មេ​ផ្ទះ​ក្នុង​ភូមិ​ខាង​លើទាំង​អស់ គឺ​មក​ពី​ស្រុក​មេសាង​ខេត្ត​ព្រៃ​វែង ហើយ​​ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គាត់ គឺ​បាន និង​កំពុង​ប្រកប​របរ​ដេរ​បាវ​ស៊ី​ម៉ងត៍ ដោយ​​ពួក​​គាត់​​អាចរក​ចំណូល​បាន​​ប្រមាណ​​២០ម៉ឺន​​រៀល​ក្នុង​១​សប្ដាហ៍។ របរ​នេះ​ក្លាយ​ជា​ប្រភព​ចំណូល​មួយ​ផ្នែក​បន្ថែម​ជួយ​ទប់​ទល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​។

(អ្នកស្រី ពុំ ចន្ថា កំពុងជញ្ជូន​បបាវស៊ីម៉ងត៍ដែល​ទើប​កាត់ជាយ និង​ដក​ជេស​រួច​យកទៅ​លាង​សម្អាត)

ប៉ុន្តែសម្រាប់​ស្ត្រីវ័យ២៧​ឆ្នាំ ពុំ ចន្ថា មាន​កូន​២​នាក់​ក្នុង​បន្ទុក ហើយ​ស្វាមី​បាត់​បង់​លទ្ធភាព​ធ្វើ​ការទៀត​នោះ មុខ​របរ​ដេរបាវ​ស៊ី​ម៉ងត៍​នេះ គឺ​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​របស់​គ្រួសារ​។

និយាយ​ដោយ​លើក​បង្ហាញ​ពី​ដៃ​ត្រូវ​ស៊ី​ដោយ​​អន្លើ​ក្រោម​ឥទ្ធិពល​ម្សៅ​ស៊ី​ម៉ងត៍​ ស្ត្រី​វ័យ​ក្មេង​រូប​នេះ ប្រាប់​ថា ការងារ​នេះ​ត្បិត​នៅ​មួយ​កន្លែង​មែន ប៉ុន្តែ​មិន​ស្រួល​ទេ ប្រឈមបញ្ហា​​សុខ​ភាព​ ហើយ​ ចំណូល​ក៏​តិច​តួច​ទៀត។ បើទោះ​ជា​យ៉ាងនេះ​ក្ដី អ្នកស្រី​​ថា គ្មាន​ជម្រើស​ល្អ​ជាង​នេះ​ឡើយ។​

ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ ផន សាវ៉ាន វ័យ ៣៦​ឆ្នាំ ជា​ដៃគូ​ក្នុង​វេន​ជាមួយ អ្នកស្រី ពុំ ចន្ថា ប្រាប់​ថា ស្ដ្រី​ក្នុង​ភូមិ​ស្ទើរ​ទាំង​អស់​ប្រកប​របរ​នេះ ហើយ​ខ្លះ​ក្នុង​ចំណោម​នេះ រួម​ទាំង​អ្នក​ស្រី​ផង គឺ​ត្រូវ​ស៊ី​ម៉ងត៍​ស៊ី​ដៃ​ជើង​ចេញ​ជា​ដំបៅ​ដែរ។ ទោះ​ជា​បែប​នេះ​ក្ដី ពួក​អ្នក​ស្រី គ្មាន​ជម្រើស​ផ្សេង​ឡើយ ដូច្នេះ​ហើយ អ្នកស្រីថា​គឺ​មាន​​តែ​ទ្រាំតែ​ប៉ុណ្ណោះ។

(អ្នកស្រី ផន សាវ៉ាន កំពុង​ដក​ជេស​ពីបាវ​ស៊ីម៉ងត៍ ទុក​លាង​សម្អាត​មុន​យកទៅដេរ​)

មុខ​​របរ​ដេរ​បាវ​ស៊ីម៉ង់ គឺ​ជា​ការ​ដេរ​​ផ្គុំ​បាវស៊ី​ម៉ង់​តូច​ៗចំនួន​១១​ ទៅ​ជា​បាវ​ទំហំ​​ធំ​មួយ​ ហើយ​វា​ត្រូវ​បាន​​ប្រើ​សម្រាប់​ដាក់​របស់​របរ​អេតចាយ។ តាម​ការ​បញ្ជាក់​របស់​ស្ត្រី​វ័យ​ក្មេង​ខាង​លើ មុន​នឹង​បាន​ផលិត​ផល​សម្រេច ដំបូង​ចាប់​ផ្ដើម​ពី​ការ​ទទួល​បាវ​ស៊ី​ម៉ងត៍​ពី​ម៉ូយ​ធំ​ម្នាក់​ ដែល​២ទៅ​៣​ថ្ងៃ គេ​យក​មក​បោះ​ឲ្យ​​ម្ដង​ មាន​ចំនួន​ពី​៨០០​ទៅ ១០០០បាវ​ស៊ី​ម៉ងត៍តូច​ៗ។ ដោយ​សារ​ចំនួន​អ្នក​ដេរ​មាន​ចំនួន​ច្រើន ស្ត្រី​ក្នុង​ភូមិត្រូវ​ចែក​វេន​គ្នា ទទួល​ទំនិញ​បោះ​ឲ្យ​ពី​ម៉ូយ​នេះ​សម្រាប់​យក​មក​ដេរ ដើម្បី​ចៀស​វាង​ការ​ដណ្ដើម​គ្នា​ ហើយ​ក្នុង​១​វេន គឺ​មាន​គ្នា​ពីរ​នាក់​។

ពេល​បាន​ទំនិញ ដំបូង​អ្នក​ដេរ​ត្រូវ​​ចំណាយ​ពេល​រុះ​ខ្សែ​អំបោះ ​និង​កាត់​ជាយ​ជា​មុនសិន។ បន្ទាប់​មក​​​ទើប​យក​ទៅ​លាង​សម្អាត​ និង​ហាល​សម្ងួត ចុង​ក្រោយ​ទើប​ចាប់ ​ផ្ដើម​ដេរ​ផ្គុំ​គ្នា។ ជា​មធ្យម​អ្នក​ដេរ អាច​ដេរ​​ចេញ​ជា​ផលិតផល​សម្រេច​បាន​ប្រមាណ​ជា ៦០ទៅ៧០បាវក្នុង​រយៈ​ពេល​២ទៅ​៣​ថ្ងៃ។ ពេល​លក់​ចេញ​វិញ បាវ​មួយ​មាន​តម្លៃ​ជាង​១០០០ ទៅ​២​ពាន់​រៀល ហើយ​ហាង​ឆេងនេះ ​ប្រែ​ប្រួល​ ម្ដង​ឡើង​ម្ដង​ចុះ មិន​ទៀងឡើយ៕

អត្ថបទដោយ៖ ណាក្វាន់

ប្រ​ភព៖ ៣០ដេលី

អត្ថបទពេញនិយម