អ្នក​ភូមិ​ពីរ​គ្រួសារ​អភិរក្ស សត្វ​ក្រ​សាជិត​៤០​ឆ្នាំ​

  • 2017-11-01 07:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​ចំនួន​ពី​រគ្រួសារ​នៅ​​ភូមិ​មួយ​ក្នុង​ខេត្ត​តាកែវ​បាន​​អភិរក្ស​សត្វ​ក្រ​សារ​ជាង​ជិត​៤០​ឆ្នាំ មក​ហើយ​នៅ​ក្នុង​ដី​ភូមិរបស់​ពួកគាត់​ ដោយថា​ការ​អភិរក្ស​នេះ​កើត​ចេញពី​ចិត្ត​ស្រឡាញ់​សត្វ និង​ម្យ៉ាង​ថា​ប្រ​ភេទសត្វ​ទាំងនេះ​ធ្លាប់បាន​​រស់នៅ​ក្នុងដី​ភូមិ​របស់ពួគគាត់​តាំងពី​សម័យ​សង្គម​រាស្រ្ត​និយម។

(សត្វក្រសា​ទំ​លើ​ដើម​ឈើ​ក្នុង​ភូមិ​)

អ្នកស្រី យី ណាំ វ័យ​៦៤ឆ្នាំ រស់​នៅ​ភូមិវល្លិ ឃុំ​ស្រែរនោង ស្រុក​ត្រាំកក់ ថ្លែង​ឲ្យ​Sabay ដឹងថាសត្វ​ដែល​រស់​នៅ​ក្នុង​ដី​ភូមិ​អ្នកស្រី និង​អ្នក​ជិត​ខាង​ម្នាក់​ទៀត​នេះ​មាន​ប្រ​ហែលជា​៥០ទៅ៦០​ក្បាល។ ​

អ្នក​ស្រី​ថា​អ្នកស្រី​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បរបាញ់​សត្វកម្រ​នេះ​ទេ ដោយ​ថា​អ្នកស្រី​ចាត់ទុក​សត្វ​ទាំង​នេះ​បី​ដូចជា​សមាជិកគ្រួសារ​អ៊ីចឹងដែរ។​

អ្នកស្រី​បន្តថាៈ « ជា​ញឹក​ញយ​នៅ​ពេល​មាន​ខ្យល់​ខ្លាំង​ម្តងៗ​កូន​សត្វ​តូចៗ​បាន​ធ្លាក់​ពី​សំបុក​លើ​ចុង​ត្នោត​មក​ខ្ញុំអាណិត​ណាស់​ហើយ​ក៏រើស​វា​មក​ចិញ្ចឹម​ទិញ​ត្រីបញ្ចុក​ចំណី​ឲ្យ​វា​ស៊ី​រហូត​ដល់​ធំ​ក៏​លែង​វា​ទៅ​វិញ​»។

(ដើម​ឈើដែលជា​ជម្រក​របស់​សត្វ​ក្រសា)

ចំណែក​អ្នកស្រី លី ស៊ាវ វ័យ​៥៥​ឆ្នាំ​ ដែលមាន​លំនៅ​ដ្ឋាន​ជាប់​គ្នា​នោះ​ឲ្យ​ដឹងថា​កាលពី​អ្នកស្រី​នៅ​ក្មេងៗ​​ក្នុង​ដីភូមិ​នេះ​មាន​ដើម​ឈើទាល​ធំ​មួយ​ដើមដែល​ថា​ជា​ជម្រក​របស់​សត្វ​ក្រ​សា និង​សត្វ​មួយ​ចំនួន​ទៀត។ អ្នកស្រី​បន្តថា​លុះ​ក្រោយ​របប​ខ្មែរ​ក្រ​ហម​ដួល​រលំ អ្នកស្រី​មក​រស់​នៅ​ក្នុង​ភូមិ​កំណើត​វិញ ហើយ​នៅ​តែ​ឃើញ​សត្វ​ទាំងនេះ​រស់​នៅ​ដដែល​បើទោះជា​ដើម​ឈើទាល​នោះ​បាន​បាត់បង់ជីវិត​ទៅ​ហើយ​ក្តី​​។

អ្នកស្រី​បញ្ជាក់​ថា​បច្ចុ​ប្បន្ន សត្វ​ក្រ​សា​បាន​រស់​នៅ​លើ​ដើម​ត្នោត និង​ដើម​ឈើទាល​ក្នុង​ភូមិ​នេះ និង​បាន​ទៅ​រក​ចំណី​​នៅ​បឹង​ស្រែ​រនោង​នៅ​ខាង​ត្បូង​ភូមិនេះ។

(ដើម​ត្នោត និង​ដើម​ឈើទាល​​នៅ​ក្នុង​ភូមិ​ ដែលជា​ជម្រក​របស់​សត្វ​ក្រ​សា)

អ្នកស្រីបន្ថែមថាៈ «កន្លង​មក​មាន​អ្នក​លួច​មក​ប្រមាញ់​ថ្ងៃ​ក៏​មាន​យប់​ក៏​មាន​តែ​ខ្ញុំ​មិន​ខ្លាច​និង​ស្តី​ថា​ឲ្យ​អ្នក​ទាំង​នោះ​ទេ​ព្រោះ​ខ្ញុំ​អាណិត​ស្រលាញ់​សត្វ​ទាំង​នេះ​ប្រៀប​ដូច​កូន​យើង​កូន​គេអ​ញ្ចឹង»។

អ្នកស្រីទាំងពីរ​ចង់ឲ្យ​អា​ជ្ញា​ធរ​និង​ភាគី​ពាក់​ព័ន្ធ​ជា​ពិសេស​ប្រជា​ពលរដ្ឋ​យកចិត្ត​ទុក​ដាក់​រួម​គ្នា​អភិរក្ស​បក្សី​ប្រ​ភេទ​នេះ​ដើម្បី​ឲ្យ​​នៅ​គង់​វង្ស​ជា​ប្រយោជន៍​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​៕

ចុចអាន៖

អត្ថបទដោយ៖​ ជិន វេន

អត្ថបទពេញនិយម