ប្រទេស៤ ដែល​មាន​ពិធី​បុណ្យ​ស្រដៀង​បុណ្យ​អុំទូក​នៅ​កម្ពុជា

  • 2017-11-01 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​អក​អំបុក សំពះ​ព្រះ​ខែ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា។ ចំណែក​ប្រទេស​ចំនួន ៤​ទៀត ក៏​មាន​ពិធី​បុណ្យ​ស្រដៀង​នឹង​បុណ្យ​អុំទូក​ដូច​កម្ពុជា​ផង​ដែរ គ្រាន់​តែ​ខុស​ពេល​គ្នា​ប៉ុណ្ណោះ។

១.ប្រទេស​ថៃ៖ ក្នុង​ប្រទេស​មួយ​នេះ មាន​ពិធី​មួយ​ឈ្មោះ​ថា "ពិធី​ប្រណាំង​ទូក​វែង" ដែល​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ចន្លោះ​ខែ​កញ្ញា ឬ​តុលា។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​តាម​ខេត្ត​ថៃ​មួយ​ចំនួន​ដែល​មាន​ទន្លេ​ធំៗ​ឆ្លង​កាត់ ក្នុង​នោះ​មាន​ដូច​ជា ខេត្ត Phisanulok និង Phichit ដែល​មាន​ទន្លេ Nan ឆ្លង​កាត់ ព្រម​ទាំង ខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែល​មាន​ទន្លេ Chao-Phraya ឆ្លង​កាត់។

ពិធី​នេះ​ជា​ពិធី​បុរាណ​របស់​ថៃ ដែល​មាន​អាយុ​កាល​ជាង ៦០០​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​សម័យ​អយុធ្យា​មក​ម្ល៉េះ​ហើយ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​ន័យ​ចង់​ឲ្យ​ពលរដ្ឋ​មាន​ភាព​ស្វាហាប់ ក្លាហាន និង​អង់អាច ដើម្បី​ជា​សសរ​ទ្រូង​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ​ខ្លួន។

២.ប្រទេស​ឡាវ៖ ឡាវ​មាន​ពិធី​មួយ​ឈ្មោះ Boun Xuang Heua ដែល​ជា​ពិធី​បុណ្យ​ប្រណាំង​ទូក​ដ៏​ធំ​ក្នុង​ប្រទេស​មួយ​នេះ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​លើ​ទន្លេ​មេគង្គ ក្នុង​រដ្ឋធានី វៀងចន្ទន៍ នៅ​ថ្ងៃ​ទី ១៥ ខែ​ទី ១១ នៃ​ប្រតិទិន​ចន្ទគតិ (តុលា ឬ​វិច្ឆិកា) ជា​រៀង​រាល់​ឆ្នាំ។ ពេល​ប្រារព្ធ​ពិធី​នេះ​ម្ដងៗ មាន​ទូក​ប្រមាណ​ជាង ២០ មក​ពី​គ្រប់​បណ្ដា​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​ឡាវ ចូល​រួម​ក្នុង​ការ​ប្រណាំង។

ចំពោះ​ទូក​វិញ មាន​បី​ប្រភេទ ដូច​ជា ទូក​ប្រណាំង​បែប​ប្រពៃណី​សម្រាប់​បុរស ទូក​ប្រណាំង​បែប​កីឡា​សម្រាប់​បុរស និង​ទូក​ប្រណាំង​បែប​ប្រពៃណី​សម្រាប់​នារី។ ជា​ទូ​ទៅ ពិធី​នេះ​ចាប់​ផ្ដើម​ដោយ​ការ​ប្រណាំង​ទូក​នារី​មុន ទើប​ទូក​បុរស​ធ្វើ​ការ​ប្រណាំង​គ្នា​តាម​ក្រោយ រហូត​ដល់​ចប់​កម្មវិធី។

៣.ប្រទេស​មីយ៉ាន់ម៉ា (ភូមា)៖ ក្នុង​ប្រទេស​មួយ​នេះ​ មាន​ពិធី​បុណ្យ​មួយ​ឈ្មោះ Phaung Daw Oo Pagoda Festival ធ្វើ​ឡើង​នៅ​លើ​បឹង Inle នៅ​ចន្លោះ​ខែ​កញ្ញា និង​តុលា​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ពិធី​នេះ​មាន​ការ​ដង្ហែ​តាម​ទូក​ នូវ​ពុទ្ធបដិមា​ជា​ច្រើន​ពី​វត្ត Phaung Daw Oo ទៅ​កាន់​ភូមិ​នានា​ដែល​មាន​ទីតាំង​ជុំវិញ​បឹង Inle នេះ ដើម្បី​ឲ្យ​ពុទ្ធ​បរិស័ទ​នៅ​ទី​នោះ​ធ្វើ​ការ​គោរព។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​នេះ​​ មាន​ការ​រាំ​ចង្វាក់​ប្រពៃណី និង​ការ​ប្រណាំង​ទូក​ផង​ដែរ។ ក្រៅ​ពី​នេះ នៅ​តាម​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​ភូមា​ដូច​ជា​តំបន់ Rakhine ជា​ដើម ក៏​មាន​ពិធី​បុណ្យ​ប្រណាំង​ទូក​ផង​ដែរ តែ​ទាស់​តែ​នៅ​ទី​នោះ​ ធ្វើ​ឡើង​នៅ​ខែ​មេសា ឬ​ឧសភា។

៤.ប្រទេស​ចិន៖ ចិន​មាន​បុណ្យ​មួយ​ឈ្មោះ Duanwu Festival ឬ ពិធី​បុណ្យ​ប្រណាំង​ទូក​នាគ ដែល​ជា​ពិធី​បុណ្យ​ដ៏​បុរាណ និង​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​មួយ​នេះ។ ពិធី​បុណ្យ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៥ ខែ​ទី ៥ នៃ​ប្រតិទិន​ចន្ទគតិ (ខែ​ឧសភា ឬ​មិថុនា) ជា​រៀង​រាល់​ឆ្នាំ និង​មាន​អាយុ​កាល​ជាង ២០០០​ឆ្នាំ​មក​ហើយ។

ទូក​ដែល​សម្រាប់​យក​មក​ប្រណាំង​ ត្រូវ​បាន​រៀប​ចំ​ និង​រចនា​ម៉ូត​ឲ្យ​មាន​រូប​រាង​ជា​សត្វ​នាគ​ចិន ជា​ទូ​ទៅ​មាន​ប្រវែង​ពី ២០​ទៅ ៣៥​ម៉ែត្រ និង​ត្រូវការ​មនុស្ស​ចំនួន​ពី ៣០​ទៅ ៦០​នាក់​ដើម្បី​ធ្វើ​ការ​ចែវ។

ពិធី​បុណ្យ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឡើង​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​នោះ​ទេ សូម្បី​តែ​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​លោក​ខាង​លិច ក៏​មាន​វត្តមាន​ពិធី​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​មាន​ភាព​ខុស​គ្នា​នូវ​ក្បួន​ខ្នាត​នៃ​ការ​រៀប​ចំ​ទូក​ និង​ប្រពៃណី​មួយ​ចំនួន​ប៉ុណ្ណោះ៕

ចុចអានអត្ថបទ៖

ប្រភព៖ China Highlights | speakingthai | myanmarinsider | laos-guide-999   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម