មកស្គាល់កុមារអច្ឆរិយទាំង១០ ដែលមានសមត្ថភាពអស្ចារ្យ នឹកស្មានមិនដល់

  • 2017-11-01 06:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ក្មេងៗ​តែង​មាន​ភាព​ច្នៃប្រឌិត​ច្រើន ហើយ​មើល​ទៅ​ពិភពលោក ដោយ​ភាព​ងឿង​ឆ្ងល់ និង​ចង់​ដឹង​ចង់​ឃើញ។ នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​នូវ​កុមារ​អច្ឆរិយ​ទាំង ១០ រូប ដែល​មាន​សមត្ថភាព​អស្ចារ្យ នឹក​ស្មាន​មិន​ដល់ និង​បាន​ផ្លាស់ប្ដូរ​ពិភពលោក​នេះ។

#១ Jack Andraka

Jack បាន​កើត​នៅ​ក្នុង​ឆ្នាំ១៩៩៧។ កាលនោះ គេ​គឺ​ជា​ក្មេង​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ រហូត​ដល់​មិត្តភ័ក្ដិ​ជិតស្និទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក ទើប​បំផុស​គំនិត Jack ឲ្យ​ស្វែង​រក​វិធី ដើម្បី​កំណត់​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​មហារីក។ នៅ​វ័យ ១៥ឆ្នាំ Jack បាន​រក​ឃើញ​ឧបករណ៍​ថ្មី ដែល​អាច​ចាប់​វត្តមាន​កោសិកា​មហារីក ដែល​មាន​តម្លៃ​ថោក , លឿន​ជាង (១៦៨ដង) និង ច្បាស់​ជាង (២៥-៥០ភាគរយ) ការ​ធ្វើ​តេស្ត​ដទៃ​ទៀត។

#២ Ann Makosinski

នៅ​ក្នុង​ឆ្នាំ២០១៣ កូន​សិស្ស​វិទ្យាល័យ​កាណាដា អាយុ ១ឆ្នាំ​រូប​នេះ បាន​បង្កើត​ពិល Hollow Flashlight ដែល​បម្លែង​កម្ដៅ​រាងកាយ ឲ្យ​ទៅ​ជា​ពន្លឺ ដោយ​មិន​ចាំ​បាច់​ប្រើ​អាគុយ ឬ​ថាមពល​អ្វី​ទាំង​អស់។

Ann បាន​បង្កើត​ពិល​នេះ​ឡើង បន្ទាប់​ពី​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ដឹង​ថា មិត្តភ័ក្ដិ​ម្នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន មាន​បញ្ហា​នៅ​ឯ​សាលារៀន ពោល​គឺ​គ្មាន​ពន្លឺ​ភ្លើង​ប្រើ​នៅ​ពេល​យប់ ដែល​ជា​ពេល​នាង​ទំនេរ ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ។

#៣ Alex Deans

Alex បាន​កើត​នៅ​ក្នុង​ឆ្នាំ១៩៩៧។ នៅ​វ័យ ១២ឆ្នាំ គេ​បាន​បង្កើត​ឧបករណ៍​ម្យ៉ាង មាន​ឈ្មោះ​ថា iAid ដែល​ជា​ឧបករណ៍​បង្ហាញ​ផ្លូវ ដើម្បី​ជួយ​ដល់​មនុស្ស​ពិការ​ភ្នែក។

Alex ធ្លាប់​បាន​ជួយ​ស្រ្តី​ពិការ​ភ្នែក​ម្នាក់​ឆ្លង​ថ្នល់ ខណៈ​មិន​មាន​ឧបករណ៍​ណា​មួយ អាច​ជួយ​មនុស្ស​ពិការ​ភ្នែក ឲ្យ​ដើរ​ទៅ​ណា​មក​ណា​ដោយ​ឯករាជ្យ​ភាព​បាន​ឡើយ។ ក្រោយមក Alex បាន​បង្រៀន​ខ្លួនឯង​សរសេរ​កូដ​កម្មវិធី និង​បាន​បង្កើត​ឧបករណ៍ iAid នេះ​ឡើង​តែម្ដង។

#៤ Malala Yousafzai

បុគ្គល​វ័យ​ក្មេង​បំផុត ដែល​ទទួល​បាន​ពាន់​រង្វាន់ Nobel Prize រូប​នេះ បាន​កើត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ នាង​បាន​រស់​នៅ​ក្នុង​ទីក្រុង​តូច​មួយ គ្រប់គ្រង​ដោយ​ពួក​តាលីបង់ (Taliban) ដែល​ហាម​ឃាត់​ក្មេង​ស្រី មិន​ឲ្យ​ទទួល​ការ​អប់រំ ឬ​ចូល​រៀន​ឡើយ។

នៅ​វ័យ ១៥ឆ្នាំ នាង Malala ត្រូ​វបាន​ខ្មាន់​កាំភ្លើង​តាលីបង់​បាញ់​ចំ​ក្បាល ខណៈ​ពេល​ដែល​នាង​កំពុង​ជិះ​ឡាន​ទៅ​សាលារៀន។ ទោះ​ជា​យ៉ាង​ណា នាង​បាន​រស់​រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​នោះ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ នៅ​ក្នុង​ទីក្រុង Birmingham ចក្រភពអង់គ្លេស។ បច្ចុប្បន្ន នាង​បាន​រស់​នៅ និង​ដឹកនាំ​គម្រោង​អប់រំ​មួយ​ចំនួន​នៅ​ទី​នោះ។

#៥ Anne Frank

នាង Anne បាន​សរសេរ​សៀវភៅ​មួយ​ក្បាល មាន​ចំណង​ជើង​ថា «The Diary of a Young Girl» ដែល​ជា​សៀវភៅ​ល្បីល្បាញ​មួយ ក្នុង​ចំណោម​សៀវភៅ​ដែល​ល្បីល្បាញ​បំផុត​របស់​ពិភពលោក។

ក្រុម​គ្រួសារ​របស់​នាង​បាន​លាក់​ខ្លួន​អស់​រយៈពេល ២ឆ្នាំ នៅ​ពេល​ដែល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​ប្រជាជន​ជ្វីហ្វ​បាន​កើន​ឡើង ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​សម្ងាត់ Gestapo របស់ Nazi និង​ត្រូវ​បាន​បញ្ជូន​ទៅ​ជុំរុំ​ឃុំឃាំង​មួយ។

នាង Anne បាន​ស្លាប់​នៅ​អាយុ ១៦ឆ្នាំ នៅ​ក្នុង​ជុំរុំ​នោះ រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុន​ពេល​បញ្ចប់​សង្គ្រាម។ កំណត់ហេតុ​ប្រចាំ​ថ្ងៃ​របស់​នាង ត្រូវ​បាន​បោះពុម្ព​ផ្សាយ នៅ​ក្នុង​ឆ្នាំ១៩៥២ ដោយ​ឪពុក​របស់​នាង ហើយ​ត្រូវ​បាន​បកប្រែ ចំនួន ៦០ភាសា។ នាង Anne ចង់​ក្លាយ​ជា​អ្នក​កាសែត ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ នាង​មិន​នៅ​រស់​រាន​មាន​ជីវិត ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ ដែល​នាង​បាន​សរសេរ​ឡើយ។

#៦ Elif Bilgin

នៅ​វ័យ ១៦ឆ្នាំ និង​ក្រោយ​ពេល ២ឆ្នាំ នៃ​ការ​ស្រាវជ្រាវ និង​បរាជ័យ​អស់​ជា​ច្រើន​ដង នៅទីបំផុត ក្មេង​ស្រី​មក​ពី​ប្រទេស​តួកគី​រូប​នេះ បាន​បង្កើត​ដំណើរការ​មួយ ដែល​អាច​បម្លែង​សំបក​ចេក ទៅ​ជា​ជីវ​ប្លាស្ទិក (Bioplastic) ដែល​អាច​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​បាន។ នាង​បាន​ឈ្នះ​ពាន់​រង្វាន់​វិទ្យាសាស្ត្រ «2013 Science in Action Award»។

#៧ Boyan Slat

ក្មេង​ជំទង់​អាយុ ១៩ឆ្នាំ មក​ពី​ប្រទេស​ហូឡង់​រូប​នេះ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​រក​ឃើញ​ប្លាស្ទិក​ជា​ច្រើន ខណៈ​ពេល​កំពុង​ជ្រមុជ​ទឹក​លេង នៅ​ប្រទេស​ក្រិក។ Boyan បាន​ជ្រើសរើស​ការ​ស្វែង​រក «ការ​បំពុល​មហាសមុទ្រ» ជា​គម្រោង​វិទ្យាសាស្ត្រ​របស់​ខ្លួន​តែម្ដង។

នៅ​វ័យ ១៨ឆ្នាំ Boyan បាន​បង្ហាញ​ប្រព័ន្ធ​មួយ ដែល​ប្រើ​ចរន្ត​ទឹក​មហាសមុទ្រ ដើម្បី​ធ្វើ​ឲ្យ​ប្លាស្ទិក​ប្រមូលផ្ដុំ​ដោយ​ខ្លួនឯង ដែល​អាច​កាត់​បន្ថយ​ដំណើរការ នៃ​ការ​សម្អាត​មហាសមុទ្រ។ អង្គការ និង​ក្រុមហ៊ុន​ជា​ច្រើន បាន​កោត​សរសើរ​ចំពោះ​ការ​បង្កើត​របស់​គេ។ Boyan គឺ​ជា​មនុស្ស​វ័យ​ក្មេង​បំផុត ដែល​ទទួល​បាន​ពាន​រង្វាន់​បរិស្ថាន​ខ្ពស់​បំផុត​របស់​អង្គការ​សហប្រជាជាតិ។

#៨ Louis Braille

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​អំពី​ប្រព័ន្ធ នៃ​ការ​អាន និង​សរសេរ សម្រាប់​មនុស្ស​ពិការ​ភ្នែក​ហើយ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Louis Braille ដែល​មាន​អាយុ ១៥ឆ្នាំ។

នៅ​ពេល Louis មាន​អាយុ ៣ឆ្នាំ រូប​គេ​បាន​ពិការ​ភ្នែក ដោយសារតែ​របួស​ភ្នែក។ ទោះ​បី​ជា​ពិការ​ភ្នែក​ក៏​ដោយ ប៉ុន្តែ Louis បាន​ពង្រីក​ចំណេះដឹង​របស់​ខ្លួន ហើយ​ទទួល​បាន​អាហារូបករណ៍ ដើម្បី​ចូល​រៀន​នៅ​ក្នុង​វិទ្យាស្ថាន Royal Institute for Blind Youth ទៀត​ផង។ នៅ​ទី​នោះ Louis បាន​ចាប់ផ្ដើម​ធ្វើ​ការ​លើ​ប្រព័ន្ធ ដែល​អាច​ជួយ​មនុស្ស​ពិការ​ភ្នែក​ឲ្យ​សរសេរ និង​អាន​បាន​យ៉ាង​ឆាប់​រហ័ស។

#៩ Easton LaChappelle

នៅ​វ័យ ១៤ឆ្នាំ ក្មេង​ជំទង់​រូប​នេះ បាន​បង្កើត​ដៃ​មនុស្សយន្ត​ដំបូង​បង្អស់​របស់​ខ្លួន ដោយ​ប្រើប្រាស់​ឧបករណ៍ Lego និង​ខ្សែ​សន្ទូច​ត្រី។ Easton មិន​បាន​ឈប់​ត្រឹម​នេះ​ទេ ដោយ​គេ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បោះពុម្ព 3D និង ចំណេះដឹង​នៃ​មនុស្សយន្ត ដែល​រៀន​ចេះ​ដោយ​ខ្លួន​ឯង ដើម្បី​បម្លែង​គំរូ​ដើម​របស់​ខ្លួន ទៅ​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍ និង​តម្លៃ​សមរម្យ។

ជា​លទ្ធផល អង្គការ NASA បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការងារ​របស់ Easton និង​បាន​អញ្ជើញ​គេ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម Robonaut របស់​ពួកគេ​ទៀត​ផង។ បច្ចុប្បន្ន Easton មាន​អាយុ ១៧ឆ្នាំ ហើយ​កំពុងតែ​ធ្វើ​ការ​ឲ្យ​អង្គការ NASA។

#១០ Philo Farnsworth

ក្មេង​ជំទង់​អាយុ ១៧ឆ្នាំ ដែល​ពូកែ​ខាង​គីមីវិទ្យា និង រូបវិទ្យា ធ្លាប់​បាន​ពិគ្រោះ​ជាមួយ​គ្រូបង្រៀន​វិទ្យាល័យ​របស់​ខ្លួន អំពី​គំនិត​ជាក់លាក់​មួយ ដែល​ខ្លួន​បាន​គិត។ គំនិត​នោះ​មាន​ភាព​ស្មុគស្មាញ​ណាស់ ដោយ Philo ត្រូវ​គូរ​ដ្យាក្រាម​នៅ​លើ​ក្ដារ ដើម្បី​ឲ្យ​គ្រូ​យក​ទៅ​សិក្សា​នៅ​ពេល​ក្រោយ។

Philo ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ធ្វើ​ការ​លើ​គំនិត​របស់​ខ្លួន។ ៧ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ១៩២៧ Philo បាន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​មួយ នោះ​គឺ ទូរទស្សន៍​អេឡិចត្រូនិក​ដំបូង​បង្អស់​របស់​ពិភពលោក៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង