Razer Phone ​មាន​អេក្រង់​ 120 Hz ស៊ី​ដាច់​ ស្មាតហ្វូន​ណាណា​ទាំង​អស់​

  • 2017-11-02 02:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ស្មាតហ្វូន​​ដំបូង​របស់​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​កុំព្យូទ័រ​ហ្គេម​ Razer បាន​បង្ហាញ​ខ្លួន ជា​មួយ​នឹង​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជា​ច្រើន។

មាន​ឈ្មោះ​ថា​ Razer Phone វា​មាន​រចនាបថ​​ជ្រុងៗ​ ដែល​ស្រដៀង​ទៅ​នឹង​ Sony Xperia និង​ផលិត​ឡើង​ពី​សារធាតុ​លោហៈ។ ផ្នែក​ខាង​មុខ​ឃើញ​មាន​គែម​អេក្រង់​ធំ​ ខុស​ប្លែក​ពី​ស្មាតហ្វូន​កំពូល​ៗ​មួយ​ចំនួន​ដែល​និយម​រចនាបថ​គែម​អេក្រង់​តូច។

ចូល​ដល់​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​របស់​ Razer Phone គឺ​នៅ​លើ​អេក្រង់​ដោយ​វា​មាន​ទំហំ​ ៥,៧ អ៊ីញ​ ប្រភេទ LCD ​កម្រិត Resolution 1440 x 2560។ ចំណុច​ពិសេស​ខ្លាំង​គឺ​អេក្រង់​របស់​វា​មាន​​ល្បឿន​ Refresh Rate ដល់​ទៅ​ ១២០ Hz ខុស​ពី​ស្មាតហ្វូន​កំពូល​ដទៃ​ដែល​មាន​ល្បឿន​ត្រឹម​ ៦០ Hz។ ល្បឿន​ដ៏​លឿន​នេះ​នឹង​ជួយ​ឲ្យ​ការ​បង្ហាញ​​រូបភាព​ Animation និង​កាយ​វិការ​នានា​មាន​ភាព​រលូន​ល្អ ជា​ពិសេស​ចំពោះ​ការ​លេង​ហ្គេម​ និង​ការ​កម្សាន្ត​​ផ្សេងៗ។

និយាយ​អំពី​សមត្ថភាព​ម៉ាស៊ីន​វិញ​ មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835 ជា​មួយ​នឹង​ RAM ទំហំ​ដល់​ ៨ GB ជួយ​ឲ្យ​​ស្មាតហ្វូន​ដំណើរ​ការ​បាន​កាន់​តែ​រលូន។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ ៦៤ GB និង​មាន​រន្ធ​អាច​ដោត​មេមូរី​កាត​បាន។

កាមេរ៉ា​ខាង​ក្រោយ​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ​មាន​កម្រិត​ ១២ MP ដោយ​មួយ​ជា​ប្រភេទ​ Wide-Angle និង​មួយ​ជា​ប្រភេទ​ Telephoto ស្រដៀង​នឹង​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន​ដែរ។ ឡេន​ Wide-Angle មាន​ Aperture f/1.75 និង ឡេន​ Telephoto មាន​ Aperture f/2.6។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត ៨ MP។

Razer Phone មាន​បំពាក់​​រន្ធ​បំពង​សំឡេង​ដែល​ប្រើ​បច្ចេកវិទ្យា​ Dolby Atmos អាច​បញ្ចេញ​សំឡេង​បាន​ឮ​ខ្លាំង​បំផុត។ ចំណុច​អវិជ្ជមាន​មួយ​គឺ​មិន​មាន​រន្ធ​ដោត​កាស​ប្រភេទ 3.5 mm នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្រអប់​ស្មាតហ្វូន​នេះ​មាន​មក​ស្រាប់​នូវ​រន្ធ​សម្រាប់​ត​ភ្ជាប់​ពី​ USB Type-C ទៅ​រន្ធ​កាស​ 3.5 mm។

ស្មាតហ្វូន​នេះ​អាច​ប្រើ​សម្រាប់​​ការ​លេង​ហ្គេម​ប្រភេទ​ 3D បាន​យូរ​ដោយ​សារ​មាន​ថ្ម​ទំហំ​ ៤០០០ mAh។ លើស​ពី​នេះ​ទៀត​ Razer Phone ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​បច្ចេកវិទ្យា​ Quick Charge 4.0+ របស់​ Qualcomm អាច​បញ្ចូល​ថាមពល​បាន​លឿន​បំផុត។

ការ​កុម្ម៉ង់​ទិញ​ Razer Phone ចាប់​ផ្ដើម​ទទួល​ពី​ថ្ងៃ​នេះ ហើយ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា​​​សម្រាប់​អាមេរិក​ខាង​ជើង​ និង​តំបន់​អឺរ៉ុប។ Razer Phone មាន​តម្លៃ​ ៦៩៩ ដុល្លារ​ សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក​ និង​ ៦៩៩ ផោន​ សម្រាប់​ចក្រភព​អង់គ្លេស៕​​​​​​

ប្រភព៖ PhoneArena | Androidauthority   ប្រែ​សម្រួល៖ សុខហេង