ក្តា​ចុច​គិត​លេខ​ដែល​ធ្លាប់​តែ​ឃើញ ក្នុង​រឿង​ចិន

  • 2017-11-04 02:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីជាងកន្លះសតវត្សមុននៅកម្ពុជា​ពិតណាស់មិនមានម៉ាស៊ីនគិតលេខទំនើប​សម្រាប់​ប្រើប្រាស់​ដូចបច្ចុប្បន្ននេះនោះទេពោលបើមានគឺមានតែប្រភេទម៉ាស៊ីនគិតលេខដែលគេតែនិយមឃើញជនជាតិចិនប្រើប្រាស់ដើម្បីគណនាលេខ​ ដែលគេ​ហៅថា​ក្តាចុចប៉ុណ្ណោះ។

បើនិយាយពីអ្នកចេះដឹងប្រើប្រាស់ឧបករណ៍នេះវិញប្រជាពលរដ្ឋខ្មែរក៏មានមិនច្រើននោះដែរនាសម័យនោះ។ នេះបើតាមការអះអាងរបស់លោក សោ ស៊ី។

(លោក សោ ស៊ី និង​ក្តា​ចុច​របស់​គាត់)

លោក សោ ស៊ី កើតនៅឆ្នាំ១៩២៩ ពេលពេញវ័យជំទង់លោកបានបួសរៀននៅវត្តស្រែរនោង ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកឲ្យដឹងថាក្នុងសម័យអាណាព្យាបាលបារាំង នោះពលរដ្ឋខ្មែរច្រើនទៅបួសដើម្បីបានរៀនសួត្រ ជាជាងទៅសាលាផ្លូវការ។

លោកឲ្យដឹងទៀតថា ការគណនាលេខនព្វន្តសម័យនោះមិនមានម៉ាស៊ីនគិតលេខ​ទំនើបដូច​បច្ចុប្បន្ន​នោះ​ទេ តែលោកថាពេលនោះមានក្តាចុចគិតលេខដោយថាអ្នកជាប់សែស្រឡាយចិនភាគ​ច្រើនចេះប្រើក្តាចុចនេះ។

ចំណែក លោក វិញ លោកថាលោកបានរៀនប្រើក្តាចុចនេះ​ពេលលោកមានអាយុ១៩ឆ្នាំ​នៅពេលដែលលោកបួសរៀននៅក្នុងវត្ត តែ​លោកថាមិនមែនគ្រប់វត្តទាំងអស់​មានអ្នកចេះ​ប្រើ​ក្តាចុចនេះទេ។

លោកបញ្ជាក់ថាៈ « នៅលើក្តាចុចនេះវាមានលេខតាមខ្ទង់រាយ ដប់ រយ​ពាន់ម៉ឺន​..ដូចលេខ​ខ្មែរយើងអ៊ីចឹងគឺមិនពិបាកទេចំពោះអ្នកមាននិស្ស័យគិតឃើញលទ្ធផលរហ័សណាស់តែបើអ្នកគ្មាននិស្ស័យគឺរៀនអត់ចេះ»។

(លោក សោ ស៊ី កំពុង​បង្ហាញពី​របៀប​ប្រើ​ក្តា​ចុច)

លោក រំឭកថា ក្រោយពីលោកបានលាចាកសិក្ខាបទនៅដើមទសវត្សឆ្នាំ១៩៥០ មានពេលមួយ​លោកថាលោកមេឃុំក៏បានពឹងពាក់លោកឲ្យជួយគណនាលេខក្នុងបញ្ជីស្នាមមួយចំនួនដែរ ដោយថាលោកមេឃុំរូបនោះដឹងថាលោកមានជំនាញប្រើក្តាចុចមួយនេះ។

លោកបន្ថែមថាៈ «វាមានភាពងាយស្រួលអាចឲ្យយើងគណនាលទ្ធផលបូក ដក គុណ ចែកបានយ៉ាងរហ័សមិនចាញ់ម៉ាស៊ីនគិតលេខប៉ុន្មានទេ»។

សម្រាប់លោក សោ ស៊ី ក្តាចុចលេខនេះបាននៅជាមួយលោកតាំងពីទសវត្សឆ្នាំ១៩៥០ ហើយថានេះជាវត្ថុអនុស្សាវរីយ៍មួយសម្រាប់ជីវិតលោក។ បច្ចុប្បន្ន បុរស់វ័យ៨៨ឆ្នាំ​កំពុង រស់នៅក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ រូបនេះ អះអាងថាលោកនៅតែថែរក្សា​ក្តាចុចលេខនេះទុកដដែល បើទោះជាគ្មានកូនចៅ​លោកណា​ម្នាក់ប្រើជំនាញនេះក៏ដោយ។

បើនិយាយពីក្តាចុចនេះ គេតែឃើញមានប្រើប្រាស់នៅក្នុងភាពយន្តចិនមួយចំនួន តែក្តាចុចប្រភេទនេះក៏មានប្រើដែរដោយពួកSumeriansនិងអេស៊ីប តាំងពី២០០០ ឆ្នាំមុនគ្រឹស្តសករាជ៕

អត្ថបទដោយ៖ ជិន វេន